ជាតិ
មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ ព្រោះ​មាន​ទីផ្សារ​ខ្ពស់​
25, Jun 2020 , 5:11 pm        
រូបភាព
រូបភាពក្រសួងកសិកម្ម
រូបភាពក្រសួងកសិកម្ម
​ដោយ​៖ ខន ណា​រី​
 
​ភ្នំពេញ​៖ ក្រសួងកសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម បាន​ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ ឲ្យ​បាន​កាន់តែច្រើន ព្រោះ​បន្លែ​សុវត្ថិភាព​កាន់តែ​មាន​តម្រូវការ​ច្រើន​ពី​អ្នកប្រើប្រាស់​។ ស្រប​ពេលដែល​ពលរដ្ឋ​កាន់តែច្រើន​គិតគូរ​ពី​សុខ​ភាពជា​ចម្បង​នោះ​ធ្វើ​ឲ្យ​បន្លែ​សុវត្ថិភាព​មាន​ទីផ្សារ​ខ្ពស់​។ នេះ​បើតាម​លោក ស៊ឹម ថា​វីរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ប្រាប់​សារព័ត៌មាន ThmeyThmey25​។

 
​បើតាម​លោក ស៊ឹម ថា​វីរៈ បច្ចុប្បន្ន​មាន​កសិករ​តិចតួច​ប៉ុណ្ណោះ ដែល​ងាក​មក​ដាំ​បន្លែ​សុវត្ថិភាព ដូចជា​ដាំ​ក្នុងផ្ទះ​សំណាញ់​នេះ ខណៈ​កសិករ​មួយចំនួនទៀត នៅ​រារែក​ចិត្ត​នៅឡើយ ដោយសារ​ត្រូវការ​ដើមទុន​។ 
 
​ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​នេះ ក្រសួងកសិកម្ម មាន​គម្រោង​ផ្ដល់​ឲ្យ​កសិករ នូវ​សម្ភារ​មួយចំនួន ចុះ​បង្រៀន​ពី​របៀប​សាងសង់ របៀប​ដាំ ការប្រើប្រាស់​ជី ដើម្បី​ជា​គំរូ​ដល់​កសិករ​ផ្សេងទៀត ក៏ដូចជា​ណែនាំ​ឲ្យ​ប្រជាកសិករ បង្កើន​កា​ដាំ​ដំណាំ​ក្នុងផ្ទះ​សំណាញ់​។ លោក ស៊ឹម ថា​វីរៈ បញ្ជាក់​ដូច្នេះ រួម​បន្តថា​៖« ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ មាន​លក្ខណៈ​ខុសប្លែក​ពី​ការដាំ​បន្លែ​ធម្មតា ដោយសារតែ​ការដាំ​បន្លែ​ធម្មតា​មានការ​ថែទាំ​ច្រើនជាង ចំណាយ​កម្លាំង​ច្រើន ចំណាយ​ពេលវេលា​ច្រើន​ក្នុងការ​ថែទាំ និង​ងាយ​មានការ​រំខាន​ពីស​ត្វ​ចង្រៃ និង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​ផង​»៕
 
 

Tag:
 ​កសិកម្ម​
 ​បន្លែ​សុវត្ថិភាព​
 ​ផ្ទះ​សំណាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com