ជាតិ
សង្គមជាតិ
អាជ្ញាធរ​ដុត​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម នៅ​ថ្ងៃទី ២៦ មិថុនា
26, Jun 2020 , 8:29 am        
រូបភាព
សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងទិវាដុត​ចោលនូវគ្រឿងញៀន​កាលពី​កន្លងទៅ
សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងទិវាដុត​ចោលនូវគ្រឿងញៀន​កាលពី​កន្លងទៅ
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ដុតបំផ្លាញ​គ្រឿងញៀន ដែល​ប្រមូលបាន​ពី​ករណី​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ជិត​៥០០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២៦ ខែមិថុនា​។ ការដុត​ចោល​នូវ​គ្រឿងញៀន​នេះ បង្ហាញ​ពី​សកម្មភាព​សម្រាប់​ដាស់​តឿន​ដល់​យុវជន​ជៀស​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន​ដែល​នាំ​ឲ្យ​បំផ្លាញ​សុខភាព និង​អនាគត​។

 
​លោក មាស វី​រិ​ទ្ធិ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម​នេះ គឺ​ភាគច្រើន​ជា​សារធាតុ​មេ​តង់​វីតាមីន និង​សារធាតុ​ផ្សេងៗ​ទៀត​។ បើតាម​លោក មាស វិ​រិ​ទ្ធិ គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម គឺ​ប្រមូលបាន​ពី​ករណី​បទល្មើស​គ្រឿងញៀន​ដែល​អាជ្ញាធរ​ឃាត់ និង​ចាប់បាន​នៅ​ទូទាំង​រាជធានី​ខេត្ត​-​ក្រុង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​។ 
 
​ទាក់ទង​នឹង​ការដុត​ចោល​នូវ​គ្រឿងញៀន​នេះ លោក មាស វិ​រិ​ទ្ធិ បាន​ពន្យល់ថា ក្រុម​អ្នកជំនាញ​មាន​ការប្រើ​បច្ចេកទេស​ក្នុងការ​ដុតចោល​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន ឬ​សុខភាព​មនុស្ស​ឡើយ​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​ដុត​តាម​លក្ខណៈ​បច្ចេកទេស របស់​ណា​ដែលមាន​បង្ក​គ្រោះថ្នាក់ បាន​យើង​យក​វា​ទៅ​ដុត​នៅក្នុង​ម៉ាស៊ីន​»​។  
 
​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា សកម្មភាព​ការដុត​ចោល​នូវ​គ្រឿងញៀន​នេះ គឺជា​គំរូ​ភាព​មួយ​សម្រាប់​ក្រើនរំលឹក​ឲ្យ​យុវជន​ចាក​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​ដែល​វា​ប៉ះពាល់​ដល់​សុខភាព និង​បំផ្លាញ​អនាគត​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ករណី​គ្រឿងញៀន​ជាង​៥​ពាន់​ករណី ដោយ​ឃាត់​មនុ​ស្សបាន​១០,២១៣​នាក់ និង​ប្រមូលបាន​គ្រឿងញៀន​ជាង​ជិត​៣០០​គីឡូក្រាម​ទៀត រួមទាំង​សម្ភារ​ខុសច្បាប់​មួយចំនួន​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕  
 
 

Tag:
 គ្រឿងញៀន​
 ​យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com