ហាប់​គី​ដូ គ្រោង​ពង្រីក​វិសាលភាព តាមរយៈ​ជួរ​នគរបាល កងទ័ព និង រាជ​អាវុធហត្ថ​
កីឡាជាតិ
ជាតិ
ហាប់​គី​ដូ គ្រោង​ពង្រីក​វិសាលភាព តាមរយៈ​ជួរ​នគរបាល កងទ័ព និង រាជ​អាវុធហត្ថ​
26, Jun 2020 , 8:59 am        
រូបភាព
លោក ម៉ក់ សំអុល (ស្តាំ)ប្រគល់សញ្ញបត្របញ្ជាក់ដាន់ដល់សិស្សគុនហាប់គីដូកាលពីពេលកន្លងទៅ
លោក ម៉ក់ សំអុល (ស្តាំ)ប្រគល់សញ្ញបត្របញ្ជាក់ដាន់ដល់សិស្សគុនហាប់គីដូកាលពីពេលកន្លងទៅ
​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ គ្រោង​ដាក់​កីឡា​ហាប់​គី​ដូ​ឲ្យ​ហ្វឹកហាត់​នៅតាម​ជួរ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង កងទ័ព​។ គោលបំណង​នៃ​ការដាក់​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា ដែល​ពុំ​សូវ​ទទួលបាន​ការគាំទ្រ​មួយ​នេះ ឲ្យ​កាន់តែ​ទូលំទូលាយ និង​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​យុវជន​។ សហព័ន្ធ ក៏​គ្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដល់​កម្លាំង​ផងដែរ​។​

 
​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គូ​ដូ​បានកត់សម្គាល់​ឃើញថា វិស័យ​កីឡា​ហាប់​គី​ដូ​នៅ​កម្ពុជា ហាក់​ពុំ​សូវ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុងការ​អភិវឌ្ឍ​។ ប្រធាន​សហព័ន្ធ​រូបនេះ​បន្ថែមថា ការ​ពុំ​សូវ​មាន​សកម្មភាព​ប្រកួត​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ ក៏​ជា​កត្តា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ផងដែរ​។  
 
​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ លោក ម៉ក់ សំអុល គ្រោង​ប្រែក្លាយ​កីឡា​ហាប់​គី​ដូ ពី​ពុំ​សូវ​មាន​សកម្មភាព​ប្រកួត​នៅលើ​ទីលាន​ទៅជា​សកម្ម​ក្នុង​សកម្មភាព​ជួយ​សង្គម​។ ក្នុងន័យនេះ លោក គ្រោង​ដាក់​កីឡា​ហាប់​គី​ដូ​ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​កងកម្លាំង​នគរបាល កងយោធពល​ខេមរភូមិន្ទ និង កងរាជអាវុធហត្ថ ។ 
 
«​ខ្ញុំ​នឹង​ពាំ​នាំយក​កីឡា​ហាប់​គី​ដូ ទៅ​បង្វឹក​ដល់​កងកម្លាំង​បច្ចេកទេស​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​ចេះ​ប្រើប្រាស់​។ ហើយ​យើង​គិតថា វិស័យនេះ (​កីឡា​ហាប់​គី​ដូ​) ច្បាប់​អាចជួយ​សម្រួល​បាន ព្រោះ​យើង​អាច​ទប់​គាត់ (​ជនបង្ក​) បាន​ដោយ​មិនបាច់​ប្រើ​អាវុធ ឬ​ប្រើ​របស់​អ្វី​ទៅ​ទប់​ជាមួយ​គាត់​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ក់ សំអុល​។ 
 
​ប្រធាន​សហព័ន្ធ​រូបនេះ អះអាងថា ហាប់​គី​ដូ​ជា​ក្បាច់គុន​ម្យ៉ាង ដែល​ស័ក្តិសម​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុងការ​ការពារ​ខ្លួន និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ និង​ជនល្មើស ព្រោះ​កីឡា​ហាប់​គី​ដូ​ពោរពេញ​ដោយ​ស្នៀត​ចាប់ និង​ការពារ​ខ្លួន​។ 
 
​ដើម្បី​បញ្ជ្រាប​កីឡា​ហាប់​គី​ដូ​ទៅក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ កងយោធពល​ខេមរភូមិន្ទ និង កងរាជអាវុធហត្ថ នៅ​ទូទាំងប្រទេស​បាន គឺ​ទាមទារ​ឲ្យ​មាន​ធនធាន​គ្រូបង្វឹក​គ្រប់គ្រាន់​។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ម៉ក់ សំអុល បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ក្រោយ​ស្ថានភាព​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​។ វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​កងកម្លាំង​នានា នៅ​ទូទាំង​រាជធានី​-​ខេត្ត​៕ 

Tag:
 ហាប់​គី​ដូ​
  ម៉ក់ សំអុល
© រក្សាសិទ្ធិដោយ thmeythmey.com