កីឡាជាតិ
ជាតិ
ហាប់គីដូ គ្រោងពង្រីកវិសាលភាព តាមរយៈជួរនគរបាល កងទ័ព និង រាជអាវុធហត្ថ លោក ម៉ក់ សំអុល (ស្តាំ)ប្រគល់សញ្ញបត្របញ្ជាក់ដាន់ដល់សិស្សគុនហាប់គីដូកាលពីពេលកន្លងទៅ
× សហព័ន្ធខ្មែរកីឡាហាប់គីដូ គ្រោងដាក់កីឡាហាប់គីដូឲ្យហ្វឹកហាត់នៅតាមជួរកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និង កងទ័ព។ គោលបំណងនៃការដាក់នេះ គឺដើម្បីផ្សព្វផ្សាយពីវិស័យកីឡា ដែលពុំសូវទទួលបានការគាំទ្រមួយនេះ ឲ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីយុវជន។ សហព័ន្ធ ក៏គ្រោងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់កម្លាំងផងដែរ។
ឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គូដូបានកត់សម្គាល់ឃើញថា វិស័យកីឡាហាប់គីដូនៅកម្ពុជា ហាក់ពុំសូវទទួលបានការគាំទ្រខ្លាំងពីមហាជននោះទេ ដែលជាហេតុធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍ។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា ការពុំសូវមានសកម្មភាពប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ ក៏ជាកត្តារួមចំណែកក្នុងការអភិវឌ្ឍផងដែរ។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ លោក ម៉ក់ សំអុល គ្រោងប្រែក្លាយកីឡាហាប់គីដូ ពីពុំសូវមានសកម្មភាពប្រកួតនៅលើទីលានទៅជាសកម្មក្នុងសកម្មភាពជួយសង្គម។ ក្នុងន័យនេះ លោក គ្រោងដាក់កីឡាហាប់គីដូក្នុងកម្មវិធីហ្វឹកហាត់របស់កងកម្លាំងនគរបាល កងយោធពលខេមរភូមិន្ទ និង កងរាជអាវុធហត្ថ ។
«ខ្ញុំនឹងពាំនាំយកកីឡាហាប់គីដូ ទៅបង្វឹកដល់កងកម្លាំងបច្ចេកទេសគ្រប់ប្រភេទ ដើម្បីឲ្យចេះប្រើប្រាស់។ ហើយយើងគិតថា វិស័យនេះ (កីឡាហាប់គីដូ) ច្បាប់អាចជួយសម្រួលបាន ព្រោះយើងអាចទប់គាត់ (ជនបង្ក) បានដោយមិនបាច់ប្រើអាវុធ ឬប្រើរបស់អ្វីទៅទប់ជាមួយគាត់ទេ»។ នេះជាការលើកឡើងរបស់លោក ម៉ក់ សំអុល។
ប្រធានសហព័ន្ធរូបនេះ អះអាងថា ហាប់គីដូជាក្បាច់គុនម្យ៉ាង ដែលស័ក្តិសមជាមួយកងកម្លាំងសន្តិសុខក្នុងការការពារខ្លួន និងបង្ក្រាបបទល្មើសផ្សេងៗប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ និងជនល្មើស ព្រោះកីឡាហាប់គីដូពោរពេញដោយស្នៀតចាប់ និងការពារខ្លួន។
ដើម្បីបញ្ជ្រាបកីឡាហាប់គីដូទៅក្នុងជួរកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និង កងរាជអាវុធហត្ថ នៅទូទាំងប្រទេសបាន គឺទាមទារឲ្យមានធនធានគ្រូបង្វឹកគ្រប់គ្រាន់។ ពាក់ព័ន្ធបញ្ហានេះលោក ម៉ក់ សំអុល បានបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូនឹងបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ក្រោយស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីកងកម្លាំងនានា នៅទូទាំងរាជធានី-ខេត្ត៕
Tag:
ហាប់គីដូ
ម៉ក់ សំអុល
© រក្សាសិទ្ធិដោយ thmeythmey.com