COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic សោកស្តាយ​ដែល​ឆ្លង COVID-19 ពី​កម្មវិធី​ប្រកួត​របស់ខ្លួន​
25, Jun 2020 , 5:44 pm        
រូបភាព
 
Novak Djokovic កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក​បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​បន្ទាប់ពី​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​ចុងក្រោយ​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ  COVID-19​។​

​ក្រៅពី Djokovic កីឡាករ​វាយ​កូន​បាល់​ដទៃទៀត​ដូចជា Grigor Dimitrov, Borna Coric និង Viktor Troicki សុទ្ធតែ​រកឃើញថា​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ បន្ទាប់ពី​ចូលរួម​ការប្រកួត​រួមគ្នា​មួយ​ក្នុង​កម្មវិធី Adria Tour របស់ Djokovic ដែល​ធ្វើឡើង​សម្រាប់​ជំនួប​ទី​១​ក្នុង​រដ្ឋធានី Belgrade​។​
 
Djokovic អ្នក​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី វ័យ​៣៣​ឆ្នាំ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ថា​ការឆ្លង​នេះ​លឿន​ពេក​ហើយ​សម្រាប់​ការរៀបចំ​ការប្រកួត​នេះ​។​
  
«​ខ្ញុំ​ពិតជា​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រកួត​របស់​យើង​ដែល​បាន​បង្ក​ទៅជា​អន្តរាយ​»​។ Djokovic បញ្ជាក់​ដូច្នេះ ហើយ​លោក​បន្ថែមថា ការប្រកួត​បានរៀបចំ​ឡើង​ដោយ បេះដូង​បរិសុទ្ធ ក្នុង​បំណងល្អ និង​មានជំនឿថា​ពួកគេ​ទាំងអស់គ្នា​ទទួលបាន​ពិធីសារ​ប្រកបដោយ​សុខភាព ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នក​ទាំងអស់គ្នា​បានធ្វើ​ខុស​ហើយ ដ្បិតថា​វា​កើតឡើង​ឆាប់​ពេក​។​
 
​បន្ទាប់ពី​មានការ​ឆ្លង​នេះ ព្រឹត្តិការណ៍ Adria Tour ដែល​នៅ​សេសសល់​ការប្រកួត​ជា​បន្តបន្ទាប់ ត្រូវបាន​លុបចោល​វិញ​ទាំងអស់​តែម្តង​។ នេះ​បើតាម​លោក Djordje បងប្រុស​របស់ Djokovic ដែលជា​អ្នករៀបចំ​ដំណើរការ​ប្រកួត​ខាងលើនេះ​។​
 
​ដោយឡែក Andy Murray អ្នក​វាយ​កូន​បាល់​របស់​ចក្រភព​អង់គ្លេស​បាន​និយាយថា​ការធ្វើ​តេស្ត​ចេញ​លទ្ធផល​វិ​ជ្ជ​លើ​កីឡាករ​ទាំងនេះ ជា​មេរៀន​សម្រាប់​កីឡាករ​ដទៃទៀត ខណៈដែល​កីឡាករ​អូស្ត្រាលី Nick Kyrgios ហៅ​ដំណើរ​ការប្រកួត​នេះ​ថា​ជា ការសម្រេចចិត្ត​ដ៏​ប្រថុយប្រថាន​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៥ ខែមិថុនា​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ដល់​៩៥៥១៩០០​ករណី ក្នុងនោះ​ស្លាប់​ជាង​៤៨​ម៉ឺន​នាក់ និង​សះស្បើយ​ចំនួន​ជាង ៥១៩០០០០ ករណី​៕

 

Tag:
 Novak Djokovic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com