កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ក្លាយជា​ម្ចាស់​ពាន Premier League លើកដំបូង ក្រោយ​រង់ចាំ​ពេល ៣០​ឆ្នាំ​
26, Jun 2020 , 8:28 am        
រូបភាព
​ក្រោយ​រយៈពេល ៣០ ឆ្នាំ Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ​លី​គ​កីឡាបាល់ទាត់​កំពូល​អង់គ្លេស Premier League រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​គូប្រជែង Manchester City ចាញ់ Chelsea ដោយ​លទ្ធផល ២-១​។

​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មាន​ពិន្ទុ​គ្រប់គ្រាន់ ដោយ​នាំមុខ Man City ដល់​ទៅ​២៣​ពិន្ទុ ខណៈ​ការប្រកួត​ផ្លូវការ​នៅ​សេសសល់​ចំនួន​៧​លើក​ទៀត ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០​នេះ​។ 
 
​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp ក្រុម Liverpool អាច​ឈ្នះ​ពាន​ក្របខណ្ឌ​កំពូល​អង់គ្លេស​នេះ​ជា​លើក​ទី​១៩ ក្រោយ​អាក់ខាន​រយៈពេល​៣០​ឆ្នាំ ពោលគឺ​តាំងពី​រដូវ​កាល ១៩៨៩-៩០ និង​ជាការ​ឈ្នះ​ពាន​ដែល​ប្តូរ​ឈ្មោះ​ទៅជា Premier League ជា​លើកដំបូង​ផងដែរ​។​
 
​តាមពិតទៅ Liverpool ត្រូវការ​ឆ្លងកាត់​មួយ​ប្រកួត​ទៀត ដើម្បី​សម្រេច​ថា​ពួកគេ​អាច​លើក​ពាន​នេះ​បាន​ឬក៏​អត់ ប៉ុន្តែ​ដោយសារ​ក្រុម​មេឃ​ខៀវ​បាន​ប្រកួត​ចាញ់​តោ​ខៀវ​ដោយ​លទ្ធផល ២-១ ទៅហើយ ដូច្នេះ​អ្វីៗ​ត្រូវ​បញ្ចប់​ត្រឹមនេះ​។​
 
​ឆ្លងកាត់​ការប្រកួត​៣១​លើក ក្រុម​របស់លោក Klopp មាន​៨៦​ពិន្ទុ ខណៈ Man City ដែល​ឈរ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង​រកបាន​៦៣​ពិន្ទុ​។ ក្រុម​របស់លោក Pep Guardiola បាន​ខកខាន​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​នៅសល់​ឱកាស​ប្រជែង​ពាន Champions League បន្តទៀត ស្របពេល​ក្រុម​អង់គ្លេស​មួយ​នេះ​កំពុង​មានប្រៀប​លើ​ក្រុម Real Madrid ក្រោយ​យកឈ្នះ​ក្រុម​នៅ​អេ​ស្ប៉ា​ញ​សម្រាប់​ជំនួប​ជើង​ទី​១​ក្រៅ​ដី​ក្នុង​លទ្ធផល ២-១ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​ដោយឡែក Chelsea បន្ទាប់ពី​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ បានធ្វើ​ឲ្យ​ពួកគេ​កាន់​តែមាន​ភាពកក់ក្តៅ​សម្រាប់​តំណែង Top 4 ដែល​មានការ​ប្រជែង​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ក្រុម Manchester United, Wolves និង Tottenham Hotsppur ជាដើម​។ Chelsea រកបាន​៥៤​ពិន្ទុ នាំមុខ Man Utd និង Wolves ចំនួន​៥​ពិន្ទុ​៕

Tag:
 Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com