សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា ចោទ​ចិន​ថា បាន​ពង្រាយ​កងទ័ព​ជាច្រើន​តាម​ព្រំដែន​
26, Jun 2020 , 9:49 am        
រូបភាព
រថយន្តដឹកកងទ័ពឥណ្ឌា ធ្វើដំណើរឆ្ពោះទៅតំបន់ Ladakh ដែលជា​តំបន់ជួរ​ភ្នំ​ហិ​ម៉ា​ល័យ។ រូបភាព៖ Reuters
រថយន្តដឹកកងទ័ពឥណ្ឌា ធ្វើដំណើរឆ្ពោះទៅតំបន់ Ladakh ដែលជា​តំបន់ជួរ​ភ្នំ​ហិ​ម៉ា​ល័យ។ រូបភាព៖ Reuters
​ចិន បាន​ពង្រាយ​កងទ័ព និង​អាវុធ​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​ជម្លោះ​ចិន​-​ឥណ្ឌា ដែល​នេះ​គឺជា​សកម្មភាព​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​លើ​បញ្ហា​ព្រំដែន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៥ ខែមិថុនា​។


​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ទីក្រុង​ញូវដែលី លោក​Anurag Srivastava អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ចំណុច​សំខាន់​នៃ​បញ្ហា គឺថា​តាំងពីដើម​ខែឧសភា​កន្ល​ង​មក ភាគី​ចិន បាន​ពង្រាយ​កងទ័ព និង​សម្ភារ​យោធា​ជាច្រើន​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC)»​។ 
 
​ក្នុងន័យនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​ចង់​សំដៅថា ចិន មិនបាន​គោរព​តាម​ខ​លក្ខខណ្ឌ ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​ទីក្រុង​ញូវដែលី និង​ទីក្រុង​ប៉េកាំង​ឡើយ ជាពិសេស​គឺ​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៣ ដែល​តម្រូវ​ឲ្យ​ភាគី​ទាំងសងខាង ពង្រាយ​កងទ័ព​នៅតាម​ព្រំដែន ក្នុង​ចំនួន​មាន​កម្រិត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៣ គឺជា​កិច្ចព្រមព្រៀង​រក្សា​សន្តិភាព និង​ភាពស្ងប់ស្ងាត់​លើ​ខ្សែបន្ទាត់​រួម ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉ាស៊ី​មហា រ៉ាវ និង​សម​ភាគី​ចិន លី ផឹង ។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រ៉ាស៊ី​មហា រ៉ាវ  ទៅកាន់​ទឹកដី​ចិន​នៅក្នុង​ឆ្នាំ ១៩៩៣​។ 
 
​ភាព​តានតឹង​រវាង​ចិន និង​ឥណ្ឌា​តាម​បណ្តា​យ​ព្រំដែន បាន​កើនឡើង​តាំងពី​ខែឧសភា​មក​ម្លេះ​។ នៅពេលនោះ គូភាគី​ទាំងពីរ បាន​ប៉ះទង្គិច​គ្នា តាមរយៈ​ការ​ប្រវាយប្រតប និង​គប់​ដុំថ្ម ប៉ុន្តែ​វា​បង្ក​តែ​របួស​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៥ ខែមិថុនា ភាព​តានតឹង​របស់​ភាគី​ទាំងពីរ បាន​បង្ក​ឲ្យ​មាន​ទាហាន​ស្លាប់​រៀងខ្លួន​។ បញ្ហា ដែល​អាច​បង្ក​ឲ្យ​ភាគី​ទាំងពី​មាន​ភាព​តានតឹង​បែបនេះ គឺ​ដោយសារតែ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ នៅលើ​តំបន់​ប្រប​មាត់ទន្លេ Galwan​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែមិថុនា ឥណ្ឌា បាន​បន្ថែម​កងទ័ព ដោយ​រួមមាន​កងកាំភ្លើងធំ និង​រថយន្ត​ដឹក​ទាហាន ទៅកាន់​តំបន់​ព្រំដែន​ដែល​ទើប​ប៉ះទង្គិច​ជាមួយ​ចិន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ភាគី​ចិន​វិញ បាន​បន្ថែម​ជំរំ​យោធា និង​សាងសង់​លេណដ្ឋាន និង​សំណង់​ផ្សេងទៀត​ជាដើម នៅ​តំបន់​ជម្លោះ​នោះ​ផងដែរ​៕ 

Tag:
 ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com