COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ កាលៈទេសៈនៃវិបត្តិកូវីដ-១៩ មិនមែនជាពេលវេលាចោទប្រកាន់ និងចែកបក្ខពួកគ្នាឡើយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ បានស្នើឱ្យមេដឹកនាំក្នុងពិភពលោក កុំចោទប្រកាន់ និងបែងចែកបក្ខពួកគ្នា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។សម្ដេច ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនានេះ។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងបរិបទនេះ មេដឹកនាំពិភពលោក ត្រូវតែសាមគ្គីភាពជាសាកលលើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបរួមទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយមិនមែនជាពេលដែលត្រូវសាចទឹកដាក់គ្នាទេ។
«ជាការពិតណាស់កាលៈទេសៈនេះ មិនមែនជាពេលវេលាចោទប្រកាន់ រើសអើង និងបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយឡើយ ក្នុងន័យនេះកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក កំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសាកលនៃជំងឺរាតត្បាតនេះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើឱ្យមេដឹកនាំទាំងអស់ រួមគ្នាគិតរកមធ្យោបាយដោះស្រាយបញ្ហានៃការរាតត្បាត និងក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩ ខណៈមិនទាន់មានវ៉ាក់សាំងកម្ចាត់មេរោគនេះ។ សម្ដេច ក៏ស្នើឱ្យពិភពលោក ចាត់ទុកវ៉ាក់សាំងជាទំនិញរួម ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩។ «ទន្ទឹមនឹងការរង់ចាំភាពជោគជ័យនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុកវ៉ាក់សាំងជាទំនិញរួម សម្រាប់សាកលលោក ដែលប្រជាជនគ្រប់រូបនៅសាកលលោកអាចទទួលបាន»។ នេះជាការបន្ថែមរបស់សម្ដេច ហ៊ុន សែន។
ជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅប្រទេស និងដែនដីចំនួនជាង២១០ ដែលមានអ្នកជំងឺជាង៩លាននាក់ ខណៈអ្នកស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់ ។ គិតត្រឹមថ្ងៃទី២៦ មិថុនានេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១៣០នាក់ ដោយជាសះស្បើយ១២៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com