ជាតិ
អ្នកស្រាវជ្រាវ​អឺរ៉ុប​៖ ការបាត់បង់​ព្រៃឈើ​របស់​កម្ពុជា ជាការ​បាត់បង់​ធំធេង​ជាងគេ​បំផុត​មួយ​
26, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
រូបឯកសារ៖ ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ដោយ: VOA
​រដ្ឋធានី​វ៉ាស៊ីនតោន និង​ភ្នំពេញ ៖ អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទ្វីបអឺរ៉ុប​បាន​លើកឡើងថា ការបាត់បង់​ព្រៃឈើ​ក្នុងប្រទេស​កម្ពុ​ជាមាន​ទំហំធំធេង​ជាងគេ​បំផុត​ទី​១០​លើ​សកលលោក​។​

 
​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​តា​ម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​២៥ ខែមិថុនា អ្នកស្រី Ida Theilade សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ University of Copenhagen នៃ​ប្រទេស​ដា​ណឺ​ម៉ាក បាន​រៀបរាប់ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ចំនួន​២៦​ភាគរយ ឬ ស្មើនឹង​ជាង​២ លាន​ហិកតា ចាប់តាំងពី​ឆ្នាំ​២០០០​មក​។​
 
​កាលពី​ឆ្នាំមុន កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ទំហំ​៦៣០០០ ហិកតា​។ ប្រទេស​នេះ បាត់បង់​ឈើ​២៦%​ក្នុង​ឆ្នាំ​២០០០ ស្មើនឹង​ផ្ទៃ​ព្រៃ​២,៣​លាន​ហិច​តា​។ នេះ​បើ​យោងតាម​លិខិត​ដដែល ដែល​បាន​គូសបញ្ជាក់​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ដ៏​ច្រើន​បំផុត​នៅក្នុង​តំបន់​ការពារ​ព្រៃ​ឡង់ ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​
 
​អ្នកស្រី Ida Theilade ដែល​បានធ្វើការ​ផ្នែក​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​ក្នុង​តំបន់​ត្រូ​ពិ​កជាង​២៥​ឆ្នាំ​មកហើយ​នោះ បាន​សរសេរ​ទៀតថា ការបាត់បង់​ព្រៃ​ឡង់​ដែលជា​តំបន់​ការពារ​ធម្ម​ជា​គឺមាន​ទំហំ​ធំ​៧៥០​ហិច​តា​ក្នុង​ឆ្នាំ​២០១៩ កើនឡើង​៧៣% ប្រៀបធៀប​ឆ្នាំ​២០១៨​។​
 
​ព្រៃ​ឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០០០ គីឡូម៉ែត្រ​ក្រឡា​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​៤ គឺ​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង​។​
 
​អ្នកស្រី Ida Theilade បាន​សរសេរ​ក្នុង​សារ​អេឡិចត្រូនិក​របស់​អ្នកស្រី​ដោយ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ចំហ​នេះ​ថា​៖
 
«​យើង​សង្ឃឹមថា ឯកសារ​អំពី​ការបាត់បង់​ព្រៃឈើ​ដែល​ភ្ជាប់​មក​ជាមួយនេះ​នឹង​ជួយ​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ​ក្នុងការ​ការពារ​ដែន​ជម្រក​ការពារ​ធម្មជាតិ​ព្រៃ​ឡង់ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា​ទាំងអស់​»​។​
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​វី​អូ​អេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​មិនមាន​ភាពចាំបាច់​ក្នុងការ​ឆ្លើយតប​នឹង​របាយការណ៍​នេះ​ទេ​។​
 
«​ក្រសួងបរិស្ថាន​គ្មាន​ភាពចាំបាច់​អ្វីដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់ជ​នទី​បី​ដែល​មិន​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ព្រៃ​ឡង់​នោះទេ​»​។​
 
​សកម្មជន​បរិស្ថាន​និង​សហគមន៍​ការពារ​ព្រៃ​ឡង់ នៅតែ​លើកឡើងថា ព្រៃ​ដែល​នៅ​សេសសល់​របស់​កម្ពុ​ជាមួយ​នេះ​នៅតែ​កំពុង​រង​ការកាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com