ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ ទីម័រ អាចជួយនយោបាយតំបន់ និងក្តីសុបិនបិតាស្ថាបនិកអាស៊ាន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា ២០២០
× ភ្នំពេញ៖ វត្តមានទីម័រខាងកើត នៅក្នុងតំបន់អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ក្នុងចិត្តរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្ដេច ស្នើឱ្យប្រទេសជាសមាជិក បោះឆ្នោតទទួលយកទីម័រខាងកើត ចូលជាសមាជិកនាពេលអនាគត។
«ខ្ញុំបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន»។ នេះជាជំហររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលតែងតែជំរុញឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ាន ទទួលយកទីម័រជាសមាជិក។
នៅក្នុងចិត្ត និងក្រសែភ្នែករបស់នាយកកម្ពុជា មើលឃើញថា បេក្ខភាពទីម័រ នឹងជួយទប់ស្កាត់ឥទ្ធិពលមហាអំណាចពិភពលោកនៅក្នុងតំបន់ ជាពិសេសបំណងរបស់ស្ថាបនិកអាស៊ានទៀតផង។ ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖«ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រខាងកើត មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចសុបិនរបស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ»។
ក្នុងន័យនេះនាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យប្រទេសជាសមាជិកសហការឱ្យបានជិតស្និទជាមួយរដ្ឋាភិបាលទីម័រ ដើម្បីជួយដោះស្រាយរាល់បញ្ហាធំៗ ដែលប្រទេសនេះ កំពុងជួបប្រទះ ជាពិសេសជួយបំពេញរាល់នីតិវិធី និងលក្ខខណ្ឌចាំបាច់នានា សម្រាប់ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សូមបញ្ជាក់ថា ទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកអាស៊ានក្នុងឆ្នាំ២០១១ ប៉ុន្តែសិង្ហបុរី ធា្លប់ជំទាស់ ព្រោះព្រួយបារម្ភពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។ ចាប់ពីពេលនោះមក អាស៊ានបន្តសិក្សាពីលទ្ធភាព និងបន្តការវាយតម្លៃសមាជិកភាពរបស់ទីម័រខាងកើត រហូតមកដល់បច្ចុប្បន្ន។
ដូចមានចែងក្នុងជំពូកទី៣ មាត្រា៦ នៃធម្មនុញ្ញអាស៊ាន ដើម្បីក្លាយជាសមាជិករបស់អាស៊ាន រដ្ឋដែលបានដាក់ស្នើត្រូវបំពេញនូវលក្ខខណ្ឌគ្រឹះមួយចំនួន។ ក្នុងនោះរួមមាន ត្រូវមានទីតាំងភូមិសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ការទទួលស្គាល់ពីរដ្ឋអាស៊ានទាំងអស់ គោរពតាមធម្មនុញ្ញអាស៊ាន និងជាពិសេស ត្រូវទទួលបានការយល់ព្រមជាឯកច្ឆ័ន ពីរដ្ឋអាស៊ានក្នុងកិច្ចប្រជុំកំពូលផងដែរ។
យ៉ាងណាក៏ដោយចុះ ទីម័រខាងកើតបានបំពេញលក្ខខណ្ឌដែលចែងជាបន្តទៀត ដោយមានស្ថានទូតនៅគ្រប់ប្រទេសអាស៊ាន ហើយថែមទាំងមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសធំៗ ដទៃជាច្រើនទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com