សង្គមអន្តរជាតិ
អន្តរជាតិ
លោក មូន ចេអ៊ីន៖ មុនបង្រួបបង្រួមគ្នា កូរ៉េទាំងពីរអាចធ្វើជាអ្នកជិតខាងល្អជាមុនសិន រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី២៥ ខែកក្កដា បានស្នើទៅកាន់កូរ៉េខាងជើងឲ្យចូលរួមជាមួយកូរ៉េខាងត្បូងដើម្បីបញ្ចប់ជាផ្លូវការសង្គ្រាមនៅឧបទ្វីបកូរ៉េ។ ថ្លែងនាឱកាសរំឭកខួប៧០ឆ្នាំនៃការផ្ទុះសង្គ្រាមដ៏មហន្តរាយនេះ លោក មូន ចង់ឲ្យឧបទ្វីបកូរ៉េមានសន្តិភាពសិន មុននឹងឈានដល់ការបង្រួបបង្រួមកូរ៉េទាំងពីរដែលជាគោលដៅចម្បង។ យ៉ាងណាមិញ លោក មូន ក៏ឆ្លៀតព្រមានព្យុងយ៉ាងដែរថា សេអ៊ូលមានសមត្ថភាពកម្ទេចការគំរាមទាំងអស់។
សង្គ្រាមឧបទ្វីបកូរ៉េដែលផ្ទុះឡើងនៅឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បញ្ចប់ទៅដោយការចុះយុទ្ធសន្តិភាព ដែលការណ៍នេះបន្សល់ទុកនូវដុំថ្មដ៏ធំមួយសម្រាប់អ្នកជំនាន់ក្នុងការចរចាដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមជាផ្លូវការ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី២៥ ខែកក្កដា បានទទូចជាថ្មីទៀតទៅកាន់កូរ៉េខាងជើងឲ្យងាកមកចរចាដើម្បីបញ្ចប់ជម្លោះចំណាស់៧០ឆ្នាំមួយនេះ។
នាពិធីរំឭកខួបផ្ទុះសង្គ្រាមនេះ លោក មូន អះអាងថា ការរំឭកពីសង្គ្រាមនេះ មិនអាចធ្វើដោយពិតប្រាកដឡើយ ព្រោះសង្គ្រាមមិនទាន់បញ្ចប់ជាផ្លូវការ។ លោក ចង់សំដៅដល់ការផ្អាកការប្រយុទ្ធគ្នាដោយការចុះហត្ថលេខាលើយុទ្ធសន្តិភាព មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្គ្រាម ដែលនេះមានន័យថា ជាលក្ខណៈបច្ចេកទេស សង្គ្រាមមួយនេះមិនទាន់ចប់នៅឡើយ។ លោក មូន សង្ឃឹមថា កូរ៉េខាងជើង នឹងមានការសម្រេចចិត្តដ៏គត់មត់ក្នុងការរកសន្តិភាព។
សម្រាប់មេដឹកនាំាកូរ៉េខាងត្បូងរូបនេះ មុននឹងនិយាយដល់ការបង្រួបបង្រួម កូរ៉េទាំងពីរត្រូវមានសន្តិភាពជាមុនសិន ហើយក្រោយមានសន្តិភាពយូរអង្វែង ទើបអាចរកផ្លូវដល់ការបង្រួបបង្រួម។ លោក មូន បញ្ជាក់ថា ការប្រកួតប្រជែងរវាងកូរ៉េទាំងពីរលើរបបនយោបាយ និងសេដ្ឋកិច្ច បានបញ្ចប់ជាយូរមក។ លោកបានលើកពីទំហំសេដ្ឋកិច្ចកូរ៉េខាងត្បូងដែលធំជាងកូរ៉េខាងជើង៥០ដង និងទំហំពាណិជ្ជកម្មដែលធំជាងដល់ទៅ៤០០ដងឯណោះ។
«យើងបានសន្តិភាព និងមានបំណងរស់នៅជាមួយគ្នាដោយល្អប្រសើរ។ យើងនឹងបន្តរកផ្លូវដែលផ្ដល់ប្រយោជន៍សម្រាប់កូរ៉េទាំងពីរតាមរយៈសន្តិភាព។ មុននិយាយដល់ការបង្រូបបង្រួមគ្នា ខ្ញុំសង្ឃឹមថា យើងអាចក្លាយជាអ្នកជិតខាងល្អជាមុនសិន។» នេះជាការលើកឡើងរបស់់លោក មូន ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ។
ទោះកូរ៉េខាងត្បូងចង់បានសន្តិភាពមែនពិត លោក មូន ប្រកាសដោយចំហថា កូរ៉េខាងត្បូងក៏មិនបណ្ដែតបណ្ដោយឲ្យមានការគំរាមកំហែងដែរ។ ដោយមិននិយាយចំឈ្មោះកូរ៉េខាងជើង លោក មូន អះអាងថា យោធាកូរ៉េខាងត្បូងមានលទ្ធភាពពេញលេញក្នុងការទប់ទល់រាល់ការគំរាម ដោយមិនអនុញ្ញាតឲ្យមានទឹកដីមួយចម្រៀកណា ត្រូវបានបំពានឡើយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com