អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិនពាក់ព័ន្ធច្បាប់សន្តិសុខហុងកុង
26, Jun 2020 , 12:47 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ខាងឆ្វេង) និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ AFP
ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីស្នើច្បាប់មួយ ដែលអាចដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួន ជុំវិញសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ សេចក្តីស្នើច្បាប់នេះ ត្រូវរង់ចាំការអនុម័តរបស់សភាតំណាងរាស្រ្តអាមេរិកបន្តទៀត មុននឹងធ្លាក់ទៅលើតុរបស់ប្រធានាធិបតីអាមេរិក។



អត្ថបទទាក់ទង
 
 
អំឡុងពេលចិន កំពុងតាក់តែងសេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលអាចនឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួនដែលចូលរួមដកសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ នីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់នេះ នឹងធ្លាក់ទៅរដ្ឋសភាអាមេរិក។

ទាក់ទិននឹងបញ្ហានេះ លោកChris Van Hollen សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ចិន កំពុងតែបន្តនីតិវិធីនៃសេចក្តីព្រាងច្បាប់សន្តិសុខជាតិហុងកុង ដែលនឹងដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ ក្នុងន័យនេះ លោក Chris បានបន្តថា ការអនុម័តរបស់ព្រឹទ្ធសភាអាមេរិក គឺមិនទាន់គ្រប់គ្រាន់ទេ ដើម្បីចាត់វិធានការលើក្រុងប៉េកាំង។

ចិន ត្រូវតែផ្តល់សំណង ប្រសិនបើចិនហ៊ានដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ បើតាមការអះអាងរបស់សមាជិកព្រឹទ្ធសភារូបនេះ វាគឺពិតជាសំខាន់ណាស់ ក្នុងការធ្វើអ្វីមួយ ដើម្បីបង្ហាញថា រដ្ឋាភិបាលចិន ត្រូវតែផ្តល់សំណង ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តនីតិវិធីធ្វើសេចក្តីស្នើច្បាប់ ដែលឈានទៅរកការដកហូតសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

គេរំពឹងថា សេចក្តីស្នើច្បាប់នេះ ក៏អាចត្រូវរដ្ឋសភាអាមេរិក អនុម័តច្បាប់នេះដែរ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ វិញ ក៏អាចនឹងចុះហត្ថលេខាពេលនីតិវិធីនៅស្ថាប័ននីតិបញ្ញត្តិត្រូវបញ្ចប់។ នេះក៏ព្រោះកន្លងមក លោក ត្រាំ ធ្លាប់បានប្រកាសថា ទីក្រុងហុងកុង នឹងមិនអាចទទួលបានសិទ្ធិអនុគ្រោះពិសេសមួយចំនួន ក្នុងការរកស៊ីជាមួយអាមេរិកដូចមុនទៀតឡើយ។

សូមបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលទេ គណៈអចិន្រ្តៃយ៍នៃសភាប្រជាជនចិន នឹងបើកកិច្ចប្រជុំម្តងទៀត នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា។ សេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង ក៏ទំនងជាត្រូវអនុម័តនៅពេលនេះដែរ៕

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com