COVID-19
ជាតិ
កម្ពុជា បន្តសហការជាមួយម៉ាឡេស៊ី ជួយពលរដ្ឋខ្មែរ ដែលចង់ធ្វើមាតុភូមិនិវត្ត
26, Jun 2020 , 1:50 pm        
រូបភាព
លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានចូលជួបពិភាក្សាការងារ ជាមួយលោក Hishammuddin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥  ខែមិថុនា  ឆ្នាំ២០២០។



ទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ឡេស៊ី សរសេរថា ជំនួបនេះ  គឺផ្តោតលើការពង្រឹង ទំនាក់ទំនងទ្វេភាគី។ ភាគទីទាំងពីរ ក៏បានពិភាក្សាគ្នាដែរ ពីការបន្តកិច្ចសហការក្នុងការសម្របសម្រួលពលករនិងនិស្សិតខ្មែរ ដែលមានបំណងធ្វើមាតុភូមិនិវត្ត នាអំឡុងជើងហោះហើយ ពុំទាន់អាចដំណើរការជាប្រក្រតីឡើងវិញ ដោយសារជំងឺកូវីដ-១៩។

ចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះឡើង ភាគីកម្ពុជានិងភាគីម៉ាឡេស៊ី បានជួយសម្របសម្រួលឲ្យមានជើងហោះហើរពីរលើកហើយ ក្នុងការបញ្ជូនពលរដ្ឋខ្មែរ មកស្រុកវិញ។

លើកទីមួយ កាលពីថ្ងៃទី១៦ ខែមិថុនា ពលរដ្ឋខ្មែរជាង២០០នាក់នៅម៉ាឡេស៊ី ដែលភាគច្រើនជាពលករ  បានមកដល់កម្ពុជាវិញ។ ក្នុងចំណោមជាង២០០នាក់នោះ មានម្នាក់ជាបុរសអាយុ២១ឆ្នាំ ផ្ទុកមេរោគកូវីដ-១៩ តែឥឡូវ បានជាសះស្បើយវិញហើយ។

លើកទីពីរ នៅព្រឹកថ្ងៃទី២៦ មិថុនានេះ និស្សិតនិងពលករខ្មែរជាង១០០នាក់ទៀត បានមកដល់កម្ពុជា។

ក្រៅពីម៉ាឡេស៊ី រដ្ឋាភិបាល ក៏ដូចជា ស្ថានទូតកម្ពុជានៅប្រទេស ក៏បានជួយសម្រួលនិងស្វែងរកជើងហោះហើរ ឲ្យពលរដ្ឋខ្មែរនៅប្រទេសផ្សេងទៀតដែរ ដូចជាកន្លងមក និស្សិតខ្មែរជាង៤០នាក់ នៅឥណ្ឌូណេស៊ី និងពលរដ្ឋខ្មែរប្រមាណ៦០នាក់នៅឥណ្ឌា បានធ្វើមាតុភូមិនិវត្ត។

យ៉ាងណា ការចំណាយលើថ្លៃធ្វើដំណើរ គឺជាបន្ទុកផ្ទាល់ខ្លួន៕

Tag:
 កម្ពុជា-ម៉ាឡេស៊ី
  ទំនាក់ទំនងទ្វេភាគី
  ពលរដ្ឋខ្មែរនៅបរទេស
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com