អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2023 នារី​រួមគ្នា
កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2023 នារី​រួមគ្នា
26, Jun 2020 , 2:32 pm        
រូបភាព
​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឈ្នះ​ការដេញថ្លៃ​រួមគ្នា​ដើម្បី​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ផ្នែក​នារី ឆ្នាំ​២០២៣​។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​២៥ ខែមិថុនា​។​


​ការចូលរួម​ដេញថ្លៃ World Cup នារី ឆ្នាំ​២០២៣ កូ​ឡុំ​ប៊ី​ជា​គូប្រជែង​នាំមុខគេ​តែមួយគត់​បន្ទាប់ពី​ប្រេ​ស៊ី​ល និង​ជប៉ុន​បាន​ធ្លាក់​ចេញពី​ការប្រកួត​កាលពីដើម​ខែមិថុនា​ម្លេះ​។ អ្វីដែល​ពិសេស​ទៅទៀត ព្រឹត្តិ​កាណ៍ World Cup ឆ្នាំ ២០២៣ បាន​កែប្រែ​របៀប​លេង​ថ្មី​ដំបូង​គេ​បង្អស់​ដោយ​កើន ដល់​៣២​ក្រុម ក្នុងចំណោម​ការប្រកួត​របស់​ក្រុម​ស្ត្រី​ដែល​ធ្លាប់មាន​ត្រឹម​២៤​ក្រុម​។​
 
 
​ការដេញថ្លៃ​របស់​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ទទួលបាន ២២ សំឡេង ក្នុងចំណោម ៣៥ សំឡេង​នៃ​សមាជិក​ទាំង ៣៥ ខណៈ​កូ​ឡុំ​ប៊ីទ​ទួលបាន ១៣ សំឡេង​។ អនុប្រធាន FIFA លោក Greg Clarke បាន​បោះឆ្នោត​ឲ្យ​ឡុំ​ប៊ី ដូច​សមាជិក​របស់ UEFA ចំនួន ៨ រូប​ផ្សេងទៀត​ដែរ​។​
 
​លោក Gianni Infantino ប្រធាន FIFA បានលើកឡើង​ក្រោយ​សម្រេច​ឲ្យ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ឈ្នះ​ថា​៖ «​ដំណើរការ​ដេញថ្លៃ​នេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​។ យើង​សូម​អរគុណ​ដល់​អ្នកចូលរួម​ដេញថ្លៃ​ទាំងពីរ​ចំពោះ​ការងារ​គួរ​ឲ្យ​កត់សម្គាល់​របស់​ពួកគេ​។ ពួកគេ​ពិតជា​បានរៀបចំ​យ៉ាង​ល្អ​»​។​
 
World Cup នារី​កាលពី​ឆ្នាំ​២០១៩ ប្រទេស​បារាំង​ជា​អ្នកទទួលបាន​សិទ្ធិ​រៀបចំ ដោយ​ក្រុម​ជម្រើសជាតិ​អាមេរិក​ជា​ម្ចាស់​ជើងឯក​។ ដោយឡែក សម្រាប់​ឆ្នាំ ២០២៣ ដែល ឲ្យ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ទទួលបាន​សិទ្ធិ គ្រោង​ចាប់ផ្តើម​ការប្រកួតប្រជែង​ពី​ខែកក្កដា ដល់​ខែសីហា​ឆ្នាំ ២០២៣៕

Tag:
 Women\'s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com