ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ ៤១ឆ្នាំមកនេះ បក្សប្រជាជន ជួបការលំបាករាប់មិនអស់ និង សម្រេចបានសមិទ្ធផលធំៗយ៉ាងច្រើន សម្តេច ហ៊ុន សែន ឈរលើកដៃនៅមុខទ្វារអគារថ្មីជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្តេច ចុះទៅពិនិត្យមើលអគារថ្មីនេះ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ អគារនេះ កសាងអស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ។ (រូបពី AFP)
× ក្នុងឱកាសរម្លឹកខួប៦៩ឆ្នាំនៃការចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលេចសារសំខាន់ពីរយ៉ាង គឺភាពលំបាក ដែលគណបក្ស បានជួបប្រទះ និង សមិទ្ធផលរបស់ប្រទេសជាតិ ដែលគណបក្ស បានចូលរួមកសាង ដោយគិតចាប់តាំងពីក្រោយរបបខ្មែរក្រហមដួលរលំមក។
ក្នុងសារ ផ្ញើជូនជនរួមរួមជាតិ និង សមាជិក-សមាជិកាគណបក្សខ្លួន សម្តេចនាយករដ្ឋមន្ត្រី សរសេរថា រយៈពេល៤១ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ដោយឆ្លងកាត់ «ឧបសគ្គនិងការលំបាករាប់មិនអស់» និង សម្រេចបាន «សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន» ចាប់តាំងពីដំណាកាលសង្គ្រោះប្រទេសជាតិពីរបបខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញ រហូតដល់ទទួលបានសន្តិភាព ជាមួយនឹងការឈានទៅមុខប្រកបដោយការអភិវឌ្ឍ។
លើសពីនេះ ប្រធានគណបក្សកាន់អំណាចរូបនេះ អះអាងថា ចាប់តាំងពីការកកើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សខ្លួន បានប្រកាន់ភ្ជាប់នូវគោលបំណង គឺប្រមូលផ្តុំកម្លាំងគ្រប់ប្រជាជាតិកម្ពុជា ដើម្បីរំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា និង ការជិះជាន់ ហើយកសាងប្រទេសមួយ ដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។
ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំពិធីរម្លឹកខួប៦៩ឆ្នាំ ដូចរាល់ឆ្នាំឡើយ៕
Tag:
ហ៊ុន សែន
CPP
ខួប៦៩ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com