COVID-19
ជាតិ
ទ័ពមួកខៀវកម្ពុជា១០នាក់ ដែលផ្ទុកកូវីដ-១៩ នៅម៉ាលី ជាសះស្បើយអស់ហើយ
× កងកម្លាំងរក្សាសន្តិភាពកម្ពុជា១០នាក់ ដែលឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយវិញអស់ហើយ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ផ្តល់ព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
កងកម្លាំងរក្សាសន្តិភាពកម្ពុជាសរុប១១នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ នៅម៉ាលី។ ក្នុងចំណោម១១នាក់នោះ កងកម្លាំងរក្សាសន្តិភាពកម្ពុជាម្នាក់ គឺឧត្តមសេនីយ៍ទោ ស សាវី វ័យ៦៣ឆ្នាំ បានទទួលមរណភាពនៅមាលី ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងកម្ពុជា៥កង មានចំនួនសរុប៧៨៧នាក់ (នារី៧៦នាក់) ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេស៥ គឺ លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និង អាហ្វ្រិកកណ្តាល។ លោក អះអាងថា ក្រៅពីម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ឆ្លងជំងឺកូវីដ១៩នោះទេ។
លោក បន្តថា ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និង គ្រាន់មិនទាន់ផ្ទុះ នៅតែបន្តតាមដាន និងណែនាំជាប់ជាប្រចាំ ដល់កងកម្លាំងទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ-១៩។
លោក បញ្ជាក់ដូច្នេះថា៖«ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ»៕
Tag:
COVID-19
ទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com