ជាតិ
អ្នក​ខេត្តស្ទឹងត្រែង​៨០​ភាគរយ ពឹង​ផ្អែកលើ​ស្រែ ចម្ការ និង​ដំណាំ​កសិឧស្សាហកម្ម​
26, Jun 2020 , 9:29 pm        
រូបភាព
អភិបាលខេត្តស្ទឹងត្រែង
អភិបាលខេត្តស្ទឹងត្រែង
​ខេត្តស្ទឹងត្រែង មាន​ទីតាំង​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​មាន​ចម្ងាយ ៤៥៥ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត របស់​ខេត្តស្ទឹងត្រែង​» នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៣ ខែមិថុនា​ថា ពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​នៅក្នុង​ខេត្ត​នេះ ពឹងផ្អែក​លើ​របរ​កសិក​ម្ម​។​

 
​តាម​លោក ម៉ុម សារឿន  ខេត្តស្ទឹងត្រែង​សម្រេចបាន​ផ្ទៃដី​ស្រែ និង​ចម្ការ​មាន​ចំនួន ២៨ ០០០ ហិកតា និង​ផ្ទៃដី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​មាន​ជាង​៥៥ ០០០​ហិកតា​។ 
 
​លោក​អភិបាល បន្តថា កសិឧស្សាហកម្ម​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ រួមមាន​កៅស៊ូ ២​ម៉ឺន​ហិកតា ស្វាយចន្ទី ២​ម៉ឺន​ហិកតា ស្វាយកែវ​ល្មៀត ៣​ពាន់​ហិកតា ចេកអំបូង​លឿង ៨០០​ហិកតា ដំឡូង​មី ១.២​ម៉ឺន​ហិកតា ព្រមទាំង​ដំណាំ ម្នាស់ ល្ង និង​សណ្ដែកសៀង​មួយចំនួនទៀត​។ 


 
​ក្រៅពី​ធ្វើស្រែ​ចម្ការ​ខេត្តស្ទឹងត្រែង ក៏មាន​សក្តានុពល​ខ្ពស់​នៃ​មច្ឆា​ជាតិ​ដែរ ដោយសារតែ​ខេត្ត​នេះ​មាន​ទន្លេ​ដល់​ទៅ​៤ ហូរ​កាត់ មាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេ​សាន និង​ទន្លេស្រែពក​។ នេះ​បើតាម​លោក ម៉ុម​សារឿន   ដែល​បន្ត​បញ្ជាក់ថា ទន្លេ​ទាំងនេះ គឺជា​ប្រភពធនធាន​ធម្មជាតិ​សម្បូរបែប ប្រភពទឹក​ប្រើប្រាស់​ដើម្បី​ធ្វើ​កសិកម្ម ជា​មូលដ្ឋាន​តំបន់​អេកូ​ទេសចរណ៍ ជាទី​ជម្រក​សម្រាប់​ការពង​កូន​របស់​ត្រី​មេ​ពូជ ជា​តំបន់​ផ្ដល់​ជីវិត​នៃ​ប្រព័ន្ធ​ជីវៈចម្រុះ និង​ជា​អាង​ស្តុក​នូវ​ធនធាន​មច្ឆា​ជាតិ​។ ជា​មធ្យម​ផល​នេសាទ​នៅក្នុង​ខេត្តស្ទឹងត្រែង មាន​ប្រមាណ ៥​ពាន់​តោន​ក្នុង​មួយឆ្នាំៗ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com