នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​កាន់តែ​ខ្លាំងក្លា លើ​បទល្មើស​គ្រឿងញៀន​
COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​កាន់តែ​ខ្លាំងក្លា លើ​បទល្មើស​គ្រឿងញៀន​
26, Jun 2020 , 4:11 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ (រូបពី AFP)
នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ (រូបពី AFP)
ដោយ: ថ្មីៗ
​មិន​ខុសពី​រាល់​ឆ្នាំ​ឡើយ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារលិខិត​ជូនទៅ​ជនរួមជាតិ នាឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។


​ក្នុង​សារលិខិត​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​បី គឺ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គណៈបញ្ជាការ​យុទ្ធនា​ការប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន «​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​»​។ 
 
​បន្ថែម​ពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី ណែនាំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំងនោះ បន្ត​ពង្រឹង​ការអនុវត្ត «​ផែនការ​ភូមិ​ស គ្មាន​គ្រឿងញៀន​» ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ស្រាវជ្រាវ​និង​ការប្រមូល​ព័ត៌មាន ដែល​អាចឈាន​ទៅដល់​ការទប់ស្កាត់​និង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព ហើយ​អាចឈាន​ទៅដល់​ការលុបបំបាត់​ការជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្ទៃ​ប្រទេស​។ 
 
​ប្រមុខ​រដ្ឋាភិបាល បាន​រម្លឹក​ពាក្យស្លោក «​បី​កុំ មួយ​រាយការណ៍​»​។ បី​កុំ គឺ​មានន័យថា ប្រជាពលរដ្ឋ​ទាំងអស់ រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មិនត្រូវ​ពាក់ព័ន្ធ មិន​ត្រូវធ្វើ​អន្តរាគមន៍ និង មិនត្រូវ​លើកលែងទោស​ចំពោះ​បទល្មើស​គ្រឿងញៀន​ឡើយ​។ ចំណែក​មួយ​រាយការណ៍ គឺ មនុស្ស​ទូទៅ ត្រូវ​នាំគ្នា​រាយការណ៍​គ្នា​ពីបទ​ល្មើស​គ្រឿងញៀន​។ 
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​ក្រើនរម្លឹក​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​ពង្រឹងគុណភាព​នៃ​ការព្យាបាល​និង​ការ​ស្តារនីតិសម្បទា ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា​នេះ អាជ្ញាធរ​កម្ពុជា បានធ្វើ​ពិធី​ដុត​កម្ទេច​គ្រឿងញៀន​ប្រមាណ​៥០០​គីឡូក្រាម ដែល​ចាប់បាន​នាពេល​កន្លងមក​៕  
 
 

Tag:
 ហ៊ុន សែន​
  បទល្មើស​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម