ជាតិ
មេដឹកនាំកម្ពុជា គាំទ្រគំនិតព្រុយណេ ដែលចង់ឱ្យអាស៊ាន ទទួលយកដៃគូសន្ទនាថ្មី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ចំពោះមុខបណ្ដាមេដឹកនាំអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា ២០២០
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យអាស៊ានទទួលយកដៃគូសន្ទនាថ្មី ដើម្បីផលប្រយោជន៍រួម។ សម្ដេច ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព នាថ្ងៃទី២៦ មិថុនា។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដៃគូសន្ទនាច្រើន វានឹងជួយដល់ការអភិវឌ្ឍប្រទេសក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រគំនិតផ្តួចផ្ដើមរបស់ព្រុយណេ ស្តីពីការបើកឡើងវិញ នូវការទទួលយកសំណើពីប្រទេស ដែលចាប់អារម្មណ៍ធ្វើជាដៃគូសន្ទនាថ្មីរបស់អាស៊ាន ។
«ដៃគូអភិវឌ្ឍន៍ជាច្រើន បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាស៊ាន។ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបែបនេះ មានសារៈសំខាន់ណាស់សម្រាប់អាស៊ាន ក្នុងការលើកកម្ពស់ដំណើរការកសាងសហគមន៍ ជាពិសេសក្នុងការជម្នះនូវឧបសគ្គ និងភាពស្មុគស្មាញនានា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
នាយករដ្ឋមន្ត្រីកម្ពុជា ប្ដេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលព្រុយណេ និងសមាជិកអាស៊ានដទៃផ្សេងទៀត លើដំណើរការបង្កើនដៃគូសន្ទនា ដើម្បីសម្រេចឱ្យបានលទ្ធផលជាវិជ្ជមាន ដោយរក្សានូវមជ្ឈភាពអាស៊ាន (ASEAN centrality) និងតួនាទីដឹកនាំរបស់អាស៊ាននៅក្នុងតំបន់។
អាស៊ានបានបើកទ្វារទទួលស្វាគមន៍ប្រទេសដទៃ ដែលចង់ធ្វើជាដៃគូសន្ទនាខ្លួន ចាប់តាំងពីឆ្នាំ១៩៧០មក។ បច្ចុប្បន្ននេះ អាស៊ានមានប្រទេស៩ និងអង្គការ២ ជាដៃគូសន្ទនា ក្នុងនោះរួមមាន អូស្ត្រាលី (១៩៧៤) នូវែលសេឡង់ (១៩៧៥) កាណាដា (១៩៧៧) សហភាពអឺរ៉ុប(១៩៧៧) ជប៉ុន (១៩៧៧) អាមេរិក(១៩៧៧) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP (១៩៧៧) កូរ៉េខាងត្បូង (១៩៩១) ឥណ្ឌា(១៩៩៥) ចិន (១៩៩៦) និងរុស្ស៊ី (១៩៩៦)៕
© រក្សាសិទ្ធិដោយ thmeythmey.com