COVID-19៖ កម្ពុជាមាន​ករណីឆ្លង៩នាក់ទៀត ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី
COVID-19
ជាតិ
COVID-19៖ កម្ពុជាមាន​ករណីឆ្លង៩នាក់ទៀត ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី
27, Jun 2020 , 7:24 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃទី២៧ ខែមិថុនា នេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៩នាក់ទៀតនៅកម្ពុជា ដោយ៨នាក់ជាជនជាតិខ្មែរ និង១នាក់ជាឥណ្ឌូណេស៊ី។ អ្នកទាំងនោះ ទើបត្រឡប់មកពីឥណ្ឌូណេស៊ី។



របាយការណ៍បង្ហាញថា អ្នកជំងឺនោះ មានស្ត្រីខ្មែរអាយុ២៤ឆ្នាំម្នាក់ បុរសខ្មែរអាយុ​២៣ឆ្នាំម្នាក់ អាយុ២៤ឆ្នាំម្នាក់ អាយុ​២៥ឆ្នាំពីរនាក់ អាយុ២៦ឆ្នាំបីនាក់ និងបុរស​ជន​ជាតិ ឥណ្ឌូណេស៊ី អាយុ២២នាក់ម្នាក់។ ពួក​គាត់​ធ្វើ​ដំណើរពីឥណ្ឌូណេស៊ី មកដល់កម្ពុជានៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត។

ករណីថ្មីទាំង​៩នោះ ស្ថិតក្នុងជើងហោះហើរដែលមានអ្នកដំណើរសរុប៤០នាក់ ក្នុងនោះខ្មែរ​២៤នាក់ វៀតណាម១នាក់ និងឥណ្ឌូណេស៊ី​១៥នាក់។ លទ្ធផលតេស្តនៅប៉ាស្ទ័រ បង្ហាញថា ៣១នាក់ទៀតអវិជ្ជមាន ប៉ុន្តែ​បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ជនជាតិខ្មែរ១៥នាក់ ស្ថិតនៅមណ្ឌល​រង់ចាំមូលដ្ឋានទ័ពអាកាស ដើម្បីរង់ចាំ​ការដឹកបញ្ជូនបន្តទៅមណ្ឌលខេត្ត​រៀងៗខ្លួន រីឯអ្នកភ្នំពេញ ត្រូវចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

រីឯជន​បរទេស​១៦នាក់ ត្រូវជ្រើសរើស​បង់ថ្លៃធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នា ក្រសួងក៏បានប្រកាសពីករណីសះស្បើយបុរសខ្មែរ-អាមេរិក អាយុ​៦៦​ឆ្នាំ ដែល​ធ្វើដំណើរមកពីអាមេរិកផងដែរ បន្ទាប់ពីមាន​លទ្ធផល​តេស្ត​អវិជ្ជមានពីរដង។

កម្ពុជាកើន​ករណីឆ្លងកូវីដ-១៩ ដល់​១៣៩ករណី។ បន្ថែម​៩ករណីទៀត នាំឲ្យអ្នកដែលស្ថិតក្រោម​ការព្យាបាលមាន​១០នាក់។ បុរស​ម្នាក់ដែលស្ថិតក្នុង​ចំណោម​២នាក់មកពីឥណ្ឌូណេស៊ីកន្លងមក ក៏មិនទាន់សះស្បើយនោះដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com