ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖«​ខ្ញុំ​មិន​រត់ចោល​កម្ពុជា ដែលជា​ផ្ទះ​តែមួយគត់​របស់ខ្ញុំ​ឡើយ​»
27, Jun 2020 , 10:33 am        
រូបភាព
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
​លោក កឹម សុខា បាន​បញ្ចេញ​សារ​មួយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា លោក មិន​បោះបង់ ឬ​រត់ចោល​មាតុភូមិ​កម្ពុជា ដែល​ជាទី​កំណើត និង​ផ្ទះ​តែមួយគត់​របស់ខ្លួន​ឡើយ​។ សារ​នេះ ត្រូវបាន​បង្ហោះ​នៅ​ទី​២៧ មិថុនា​នេះ ដែល​ថ្ងៃ​ចម្រើន​វ័យ ៦៨​ឆ្នាំ​របស់លោក​។ 

 
 លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៧ ខែមិថុនា​នេះ មាន​អាយុ​៦៨​ឆ្នាំ​ហើយ​។ នៅក្នុង​ឱកាស​ខួបកំណើត​របស់ខ្លួន លោក កឹម សុខា បាន​បង្ហោះ​សារ​ដ៏​វែង​អន្លាយ​មួយ អម​ជាមួយ​រួប​ភាព​៧​សន្លឹក​របស់ខ្លួន​ជាមួយ​ម្តាយ​ចាស់ និង​ជាមួយ​ពលរដ្ឋ​កម្ពុជា​ នៅទំព័រហ្វេសប៊ុករបស់ខ្លួន។ លោក បាន​យក​ឱកាស​ខួប​៦៨​ឆ្នាំ​របស់ខ្លួន សម្តែង​នូវ​កតញ្ញូ​របស់លោក ចំពោះ​អ្នកមានគុណ ដែល​លោក​កឹម សុខា រាប់​ប​ញ្ជូ​ល​ទាំង​លោកឪពុក អ្នក​ម្តាយ ប្រទេស​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា​ផង​។ 
 
​តាមរយៈ​សំណេរ​ដដែល  ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​រលឹក​នឹក​គុណ​ឪពុកម្តាយ ដែល​បាន​ផ្តល់កំណើត ចិញ្ចឹម​បីបាច់ និង​ទូន្មាន​ខ្លួន​ឲ្យ​កា្ល​យ​ជា​មនុស្ស​មាន​គោលជំហរ​ច្បាស់លាស់ ជឿជាក​លើ​ខ្លួន និង​ជឿ​លើ​អំពើ​ល្អ​។ ក្រៅពី​លោកអ្នក​មានគុណ​ទាំង​ទ្វេ លោក កឹម សុខា ក៏​ចាត់ទុក​មាតុភូមិ​កម្ពុជា​ដែលជា​ទី​កំណើត​ជា​ផ្ទះ​តែមួយគត់​របស់លោក​ដែរ​។ លោក បាន​គូសបញ្ជាក់ថា​លោក មិន​បោះបង់​មាតុភូមិ​កម្ពុជា​នោះទេ​។ លោក កឹម សុខា សរសេរ​ដូច្នេះ​៖«​ខ្ញុំ​មិន​បោះបង់ ឬ​រត់ចោល មាតុភូមិ​កម្ពុជា ដែលជា​ទឹកដី​កំណើត និង​ជា​ផ្ទះ​តែមួយគត់​របស់ខ្ញុំ​ឡើយ​»​។ 
 
​ក្រៅពី​អះអាង​ដូច្នេះហើយ ប្រធាន​អតីត​គណៈបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏​ចង់ឃើញ​កម្ពុជា មាន​សុខសន្តិភាព និង​រីកចម្រើន និង​គាំទ្រ​នូវ​ជំហរ​ការពារ​អធិបតេយ្យភាព ឯករាជ្យ និង​បូរណភាព​ទឹកដី​។ លោក​បញ្ជាក់ទៀតថា លោក​មិនអាច​ទទួលយក​បានឡើយ ចំពោះ​អំពើ​ឈ្លានពាន ត្រួតត្រា​ពី​បរទេស មកលើ​កម្ពុជា ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់​ទៀតថា​៖«​បំផ្លាញ​ប្រទេស​កម្ពុជា ដូចជា​ដុត​ផ្ទះ​ខ្ញុំ​»​។ 
 
​ដោយឡែក ប្រជាពលរដ្ឋ​ខ្មែរ ត្រូវបាន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​ជា​ចៅហ្វាយ​របស់ខ្លួន​ទេ តែ​ក៏​ជា​មានគុណ​របស់លោក​ដែរ​។  សម្រាប់​លោក កឹម សុខា លោក រីករាយ ពេលដែល​ឃើញ​ខ្មែរ​បាន​សុខ បាន​ចម្រើន មាន​កិ​ត្ត​យស​កេរ្តិ៍ឈ្មោះ​ល្អ ប៉ុន្តែ​ឈឺចាប់ ប្រសិនបើ​ខ្មែរ បែកបាក់​គ្នា​។ នៅ​ចុងបញ្ចប់​សំណេរ​ក្នុង​ថ្ងៃកំណើត​ខ្លួន លោក កឹម សុខា បានបង្ហាញ​បំណង និង​មានកូន​ចិត្ត​សង្ឃឹមថា ខ្មែរ​នឹង​អាច​រួបរួមគ្នា ដើម្បី​សេចក្តី​ចម្រុងចម្រើន និង​កិត្តិនាម​របស់​ជាតិ​។ «​ខ្ញុំ​នូវតែមាន​គោលបំណង មាន​ក្តីសង្ឃឹម និង​មានការ​ព្យាយាម ឲ្យ​ខ្មែរ​រួបរួមគ្នា ដើម្បី​ជាតិខ្មែរ​យើង​រឹងមាំ ប្រកបដោយ​កិត្តិយស មិនអាច​អ្នកណា​ប្រមាថ​បាន​»​។ នេះ​ជា​សំណេរ​របស់លោក កឹម សុខា​។

សូម​រំលឹកថា លោក កឹម សុខា ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចូលទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​យប់​ថ្ងៃទី​២​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា លោក​លួច​ទៅ​គប់គិត​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ 
 
​ក្រោយ​ចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។ ជាប់ឃុំ​នៅ​ទី​នោះបាន​មួយឆ្នាំ ពោលគឺ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏​ត្រូវបាន​តុលាការ អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​វិញ តែ​មិន​ត្រូវបាន​ទម្លាក់​បទ​ចោទ​ចេញ​ឡើយ ហើយ​លោក ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​
 
​រហូតដល់​ថ្ងៃទី​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទើប​តុលាការ​បាន​លុបចោល​បម្រាម​ដែល​មិន​ឲ្យ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​។ មានន័យថា កឹម សុខា អាច​ដើរហើរ​ទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​តុលាការ នៅតែ​រក្សា​បម្រាម​មិន​ឲ្យ​លោក ចេញទៅ​ក្រៅប្រទេស​ដដែល​។  ហើយ​បម្រាម​ដែល​មិន​ឲ្យ​លោក កឹម សុខា ធ្វើ​សកម្មភាព​នយោបាយ ក៏​តុលាការ​នៅ​រក្សាទុក​ដែរ ដូច្នេះ​លោក មិនទាន់​អាចធ្វើ​សកម្មភាព​នយោបាយ​បានឡើយ ទោះ​លោក​មាន​សេរីភាព​ក្នុងការ​ដើរហើរ​ក៏ដោយ​។ លើសពីនេះ តុលាការ ប្រាប់​លោក​ថា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច ពីព្រោះ​លោក នៅតែ​ជា​ជន​ត្រូវ​ចោទ ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com