អន្តរជាតិ
អាមេរិក រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​
27, Jun 2020 , 12:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២៧ ខែមិថុនា បាន​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន បាន​រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​ទាំងឡាយណា ដែលមាន​ទាក់ទង​ទៅនឹង​ការធ្វើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ការ​រឹតត្បិត​ទិដ្ឋាការ​ពី​សំណាក់​អាមេរិក​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​ពាក់ព័ន្ធ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។



អត្ថបទទាក់ទង
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ ខែមិថុនា នេះ ដើម្បី​ជជែក និង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ទាក់ទិន​នឹង​បញ្ហា​នេះ អាមេរិក​បានចេញ​មុខ មក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន​ជា​បន្តបន្ទាប់​។ 
 
​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​កំពុង​ប្រកាស​ពី​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​ប​ក្សុ​កុ​ម្មុយ​និ​ស្ត​ចិន (CCP) និង​អតីតមន្ត្រី​បក្ស ដែល​ត្រូវបាន​គេ​ជឿថា​មានការ​ទទួលខុសត្រូវ ឬ​ពាក់ព័ន្ធ និង​ដកហូត​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​»​។ យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ មិនបាន​កំណត់​ពី​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​ណាមួយ​ជាក់លាក់​ឡើយ​។ 
 
​ជាមួយគ្នានេះ លោក​ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ទៀតថា កន្លងមក​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​សន្យាថា លោក​នឹង​ចាត់វិធានការ​លើ​បក្សកុម្មុយនិស្ត​ចិន ហើយ​ពេលនេះ អាមេរិក​បានធ្វើ​សកម្មភាព​ទាំងនេះហើយ​។ សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា បក្សកុម្មុយនិស្ត​ចិន បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​កាត់បន្ថយ​ស្វយ័តភាព​ហុងកុង តាមរយៈ​ច្បាប់​សន្តិសុខ​ជាតិ និង​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ក្រុង​ហុងកុង ឲ្យ​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ និង​ដកសិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​របស់​បេក្ខជន​ប្រជាធិបតេយ្យ​មួយចំនួន​។  
 
​យ៉ាងណាក៏ដោយ អាមេរិក នឹង​ពិចារណា​ដក​ការ​រឹតត្បិត​ទិដ្ឋាការ​នេះ​វិញ ប្រសិនបើ​បក្សកុម្មុយនិស្ត​ចិន មិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ និង​ស្តារ​ស្វ័យភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​ឡើងវិញ​។ 
 
​សូមបញ្ជាក់ថា ការប្រកាស​របស់​អាមេរិក​ជុំវិញ​ការ​រឹតត្បិត​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីស្នើច្បាប់ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ដែលមាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​៕ 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com