ជាតិ
មន្ត្រី​បរិស្ថាន រឹបអូស​សាច់សត្វ​ព្រៃ​ជិត​៤០​គីឡូ ដែល​ដាក់លក់​នៅ​ផ្សារ​ស្ទឹងត្រែង
27, Jun 2020 , 2:19 pm        
រូបភាព
រូបភាព​ពី​ក្រសួង​បរិស្ថាន
រូបភាព​ពី​ក្រសួង​បរិស្ថាន
​ភ្នំពេញ​៖ សត្វ​ត្រកួត ចំនួន ២​ក្បាល​, សាច់សត្វ​ប្រើស​ចំនួន ២០​គីឡូក្រាម​, សាច់ជ្រូក​ព្រៃ ១៥​គីឡូក្រាម និង​សាច់​ឈ្លូស ៤​គីឡូក្រាម ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន បាន​ឆ្មក់​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ផ្សារ​ស្ទឹងត្រែង​សាមគ្គី នៃ​ទី​រួម​ខេត្តស្ទឹងត្រែង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួងបរិស្ថាន​ចេញផ្សាយ​ថ្ងៃទី ២៦ មិថុនា​។​


 
​សាច់សត្វ​ព្រៃ ដែលជា​វត្ថុតាង​នៃ​បទល្មើស ត្រូវបាន​ដុតបំផ្លាញ​ចោល ចំណែកឯ​ម្ចាស់​ត្រូវបាន​រត់គេចខ្លួន​។ លោក អេង ភី​រុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​សាច់សត្វ​ព្រៃ ដែល​រឹបអូស ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល​។ ហើយ​នាពេល​កន្លងមក អ្នក​ដែល​ជួញដូរ​សត្វព្រៃ ត្រូវបានធ្វើ​កិច្ចសន្យា​។ ប៉ុន្តែ​បើ​ពលរដ្ឋ នៅតែ​ប្រព្រឹត្ត នឹងត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​»​។​
 
​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​រូបនេះ បញ្ជាក់ថា មន្ទីរ​បរិស្ថាន​ខេត្ត តែងតែ​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ មិន​ឲ្យ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​។ លោក អេង ភី​រុង ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បរិភោគ​សាច់សត្វ​ព្រៃ ប្រសិនបើ​ឈប់​បរិភោគ​សត្វព្រៃ នោះ​ការ​បរបាញ់ និង​ការជួញដូរ​នឹងមិន​មាន​ទៀត​នោះទេ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០ មន្ត្រី​ឧទ្យាន​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​នានា បាន​ដោះ​អន្ទាក់​បាន​ជាង​១​ម៉ឺន​អន្ទាក់​ពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង កាំភ្លើង​កែច្នៃ និង​ស្នា​តេះ ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ​ជាង ៣០០ ដើម​ត្រូវបាន​ដកហូត​។ ដោយឡែក កាល​ឆ្នាំ​២០១៩ មាន​អន្ទាក់​ជាង​២​ម៉ឺន ត្រូវបាន​មន្ត្រី​ឧទ្យាន​រក្ស និង​ប្រជា​សហគមន៍ ដោះ​ចេញពី​តំបន់ការពារធម្មជាតិ ដើម្បី​ការពារ​សត្វព្រៃ​ដែល​កំពុង​រស់នៅ​៕

Tag:
 បរិស្ថាន​
  ស្ទឹងត្រែង​
  សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com