ប្រទះឃើញ​សិលាចារឹក ចំណាស់​ប្រមាណ​១​ពាន់​ឆ្នាំ​មួយ​ផ្ទាំង នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត​
ជាតិ
ប្រទះឃើញ​សិលាចារឹក ចំណាស់​ប្រមាណ​១​ពាន់​ឆ្នាំ​មួយ​ផ្ទាំង នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត​
27, Jun 2020 , 2:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ សិលាចារឹក​មួយ​ផ្ទាំង​ជា​ភាសាសំស្ក្រឹត ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ការដ្ឋាន​ជួសជុល​ប្រាសាទ​ន្លេ​ស្ងួត នៃ​ក្រុង​អង្គរធំ​។ តាម​ការប៉ាន់ស្មាន​ដំបូង​របស់​អ្នកជំនាញ សិលាចារឹក​នេះ ទំនង​ចារ​អំ​ឡុងចុង​សតវត្ស ទី​១១ ដល់​ដើម​សតវត្ស ទី​១២​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​។

 
​តាម​ស្ថាប័ន​ខាងលើ សិលាចារឹក​ភាសាសំស្ក្រឹត​ដែល​ប្រទះឃើញ​នេះ ចា​រលើ​ផ្ទាំង​ថ្មភក់​មាន​៥៥​បន្ទាត់ កម្ពស់​១០០ សង់ទីម៉ែត្រ ទទឹង​៤០​សង់ទីម៉ែត្រ និង​កម្រាស់​២០​សង់ទីម៉ែត្រ​។ ហើយ​ត្រូវបាន​នាំទៅ​រក្សា នៅ​ស្នាក់ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៤ មិថុនា​។​
 
​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា សិលាចារឹក​ខាងលើ អាច​ត្រូវបាន​គេ​នាំយក​ពី​ប្រាសាទ​ដទៃ និង​ប្រើ​ជា​ថ្ម​កម្រាល​ដោយ​រៀប​ដាក់​ផ្កាប់​ផ្ទៃ​មាន​អក្សរ​ចារឹក​ទៅ​ក្រោម​។ ចំណែក​ផ្ទៃ​ខាងក្រោយ​ពុំមាន​អក្សរ​ដាក់​ផ្ងារ​ឡើងលើ ហើយ​ដាប់​ធ្វើជា​ល្បាក់​សម្រាប់​ទ្រ​ថ្ម​ធ្នឹម​ទ្វារ​។ ការណ៍​នេះ ធ្វើឱ្យ​ផ្ទាំងសិលា​ចារឹក​មានការ​រ​លុបអក្សរ​ច្រើន ហើយ​អ្នកជំនាញ​មិនទាន់​សន្និដ្ឋាន​ពី​ខ្លឹមសារ​ក្នុងនោះ​នៅឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​
 
​ដ្បិត​មិនទាន់មាន​ព័ត៌មាន​លម្អិត តែ​លោក អ៊ឹម សុខ​រិទ្ធី ថា​វត្តមាន​សិលាចារឹក​នេះ​បាន​ផ្តល់ព័ត៌មាន​សំខាន់​ពី​ប្រវត្តិ​នៃ​ការសាងសង់​ប្រាសាទទន្លេស្ងួត និង​ភស្ដុតាង​បុរាណវិទ្យា ដែល​បង្ហាញ​ពី​ការ​តាំងទី​មនុស្ស​សម័យអង្គរ​នៅ​តំបន់​នេះ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពី​ឆ្នាំ​១១៨១ ដល់​១២១៨ គ​.​ស​៕

រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា៖







Tag:
 សិលាចារឹក​
  ប្រាសាទទន្លេស្ងួត​
© រក្សាសិទ្ធិដោយ thmeythmey.com