COVID-19
អន្តរជាតិ
ឥណ្ឌាកើនករណីឆ្លងCOVID-19 ដល់ជាង៥០ម៉ឺនករណី ក្រុមគ្រូពេទ្យឥណ្ឌាពាក់សំលៀកបំពាក់ការពារ COVID-19។ រូបភាព៖ AFP
× ឥណ្ឌា មានករណីឆ្លងCOVID-19 កើនលើស ៥០ម៉ឺនករណីហើយ បើគិតត្រឹមថ្ងៃទី២៦ ខែមិថុនា។ ចំនួននេះ បានធ្វើឲ្យឥណ្ឌាឈរនៅលំដាប់ទី៤នៃប្រទេសមាន COVID-19 ច្រើនជាងគេបង្អស់។ បើតាមការអះអាងរបស់អ្នកជំនាញ ឥណ្ឌាអាចនឹងកើនករណីCOVID-19 សរុបរហូតដល់ ១លានករណី នៅមុខដំណាច់ខែកក្កដា។
ជាប្រទេសឈរនៅលំដាប់ទី៤ នៃប្រទេសមានCOVID-19 ច្រើនជាងគេ ឥណ្ឌានៅថ្ងៃទី២៦ ខែមិថុនា បានកើនករណីឆ្លងកូរ៉ូណាវីរុសរហូតដល់ ៥០៩៧៣៧ករណី ខណៈអ្នកស្លាប់មានចំនួន ១៥៧០០នាក់ និងអ្នកជាសះស្បើយមានចំនួន ២៩៦០២៨នាក់។ នេះបើតាមតួលេខរបស់វេបសាយ Worldometer។
បើតាមការវាយតម្លៃរបស់អ្នកជំនាញ តួលេខនេះ នឹងកើនឡើងថែមទៀត ហើយឥណ្ឌាអាចនឹងមានករណីឆ្លងCOVID-19 លើសពី១លានករណី នៅមុនដំណាច់ខែកក្កដា។
ដោយសារអត្រាឆ្លងកូរ៉ូណាវីរុសក្នុងមួយថ្ងៃៗមានចំនួនច្រើន រដ្ឋាភិបាលនៅក្នុងរដ្ឋខ្លះរបស់ឥណ្ឌា កំពុងពិចារណាបិទតំបន់សារជាថ្មី ខណៈពេលប្រទេសនេះ ទើបតែចាប់ផ្តើមបើកប្រទេសឡើងវិញ បន្ទាប់ពីប៉ះពាល់សេដ្ឋកិច្ចខ្លាំង។
ឥណ្ឌា ជាប្រទេសមួយមានដង់ស៊ីតេប្រជាជនរស់នៅក្នុងតំបន់ច្រើន។ បញ្ហានេះ ក៏នាំឲ្យមានអត្រាឆ្លងនៃកូរ៉ូណាវីរុស កើនលឿនផងដែរ។ នៅក្នុងថ្ងៃទី២៦ ខែមិថុនា ឥណ្ឌាមានករណីឆ្លង COVID-19 ចំនួន ១៨២៧៦ករណី និងអ្នកស្លាប់មានចំនួន ៣៨១នាក់។
សូមបញ្ជាក់ថា គិតមកត្រឹមរសៀលថ្ងៃទី២៧ ខែមិថុនា ពិភពលោក មានករណីឆ្លង COVID-19 ជិត១០លានករណី អ្នកស្លាប់មានចំនួនជិត ៥០ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៥,៣លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com