ជាតិ
ក្រសួងបរិស្ថាន ថា​ការ​ទុកដាក់​សំរាម​នៅ​ពាម​ក្រសោប ជា​គំរូ​ល្អ​សម្រាប់​តំបន់​ទេសចរណ៍​ដទៃ​
27, Jun 2020 , 7:59 pm        
រូបភាព
រូបភាពពី លោក នេត្រ ភក្រ្តា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
រូបភាពពី លោក នេត្រ ភក្រ្តា​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
​ដោយ​៖ ខន ណា​រី​
 
​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានចាត់ទុក​សហគម​ន៍​ទេសចរណ៍​ពាម​ក្រសោប ខេត្តកោះកុង ថា​ជាទី​តាំង​ទេសចរណ៍​គំរូ​ក្នុង​ការរៀបចំ​ទុកដាក់​សំរាម​។  លោក ភក្ត្រា បញ្ជាក់ប្រាប់​thmeythmey25​ថា​៖«​តំបន់​ទេសចរណ៍ ដែល​មានការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ គឺ​រមណីយដ្ឋាន​ព្រៃកោងកាង​ពាម​ក្រសោប មានការ​ទុកដាក់​សំរាម​បានល្អ មាន​ការញែក​សំរាម​តាម​ប្រភេទ​ផងដែរ​។ នេះ​ជាគ​រូ​ដ៏​ល្អ​មួយ ដល់​តំបន់​ទេសចរណ៍​ផ្សេងៗ​»​។​

 
​ការលើកឡើង​នេះ គឺ​ស្រប​ពេលដែល​លោក មើលឃើញថា សំរាម​នៅតែ​ជា​បញ្ហា នៅតាម​តំបន់​ទេសចរណ៍​នានា​នោះ​។ នៅក្នុង​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​សារព័ត៌មាន ThmeyThmey25 ជុំវិញ​បញ្ហា​សំរាម​នៅ​ខ្នង​ផ្សារ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បញ្ជាក់ថា មិនមែន​នៅ​ខ្នង​ផ្សារ​នោះទេ ដែល​សំរាម​បាន​ចោទ​ជា​បញ្ហា នៅ​តំបន់​ទឹកធ្លាក់​តា​តៃ ក៏​សំរាម​នៅ​មិនទាន់​ត្រូវបាន​ទុកដាក់​ត្រឹមត្រូវ​ដែរ​។ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ បាន​យក​ទឹក​សុទ្ធ និង​ម្ហូបអាហារ​ទៅ រួមមាន​មាន​កំប៉ុង​ស្រា​បៀ​ជាដើម ហើយ​បាន​បន្សល់ទុក​សំណល់​នៅ​ទីនោះ​តែម្តង​។​
 
​លោក នេត្រ ភក្ត្រា បានស្នើ​ដល់​ទេសចរ ជួយ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ទេសចរណ៍​នានា​ដែល​ខ្លួន​បាន​ទៅដល់ ដោយសារ​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ​រូបនេះ ក៏​ស្នើ​ឲ្យ​អ្នកគ្រប់គ្រង​សហគមន៍ និង​កន្លែង​ទេសចរណ៍​បង្កើន​ការដាក់​ធុងសំរាម ការដាក់​ស្លាក​សញ្ញា និង​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បានល្អ​ផងដែរ​។ 
 
​លើសពីនេះ លោក នេត្រ ភក្ត្រា មិន​លើកទឹកចិត្ត ចំពោះ​ការដុត សំរាម​នៅតាម​តំបន់​ទេសចរណ៍​នោះឡើយ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​បរិស្ថាន​ផង និង​អាច​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​៕




ព្រៃកោងកាង ពាមក្រសោប



Tag:
 ​បរិស្ថាន​
 ​តំបន់​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com