អន្តរជាតិ
ចិន និង​ឥណ្ឌា ដំឡើង​សាច់ដុំ​ដាក់គ្នា​នៅតាម​តំបន់​ក្បែរ​ព្រំដែន​ជម្លោះ​
27, Jun 2020 , 8:29 pm        
រូបភាព
រូបភាព៖ South China Morning Post
រូបភាព៖ South China Morning Post
​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ឥណ្ឌា​-​ចិន មិនទាន់មាន​ភាព​ធូរស្រាល​ទេ បើទោះបីជា​ប្រទេស​នុយក្លេអ៊ែរ​ទាំងពីរ មាន​កិច្ចចរចា​គ្នា ដើម្បី​បន្ធូរបន្ថយ​ការប្រឈមមុខ​ដាក់គ្នា​ក៏ដោយ​។ ភាគី​ទាំងពីរ បាន​បញ្ជូន​កងទ័ព​ទៅកាន់​ព្រំដែន​ជម្លោះ​រៀងៗ​ខ្លួន​។ មិន​ត្រឹមតែ​បញ្ជូន​កងទ័ព​ទេ ទីក្រុង​ប៉េកាំង និង​ទីក្រុង​ញូវដែលី បានធ្វើ​សមយុទ្ធ​យោធា និង​បាញ់​អាវុធ​សាកល្បង នៅតាម​តំបន់​ក្បែរ​ព្រំដែន​ជម្លោះ​ថែមទៀត​។ នេះ​បើតាម​ចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post នៅ​ថ្ងៃទី​២៧ ខែមិថុនា​។


 
​បើទោះបី​ជាមាន​ជំនួប​ចរចា ចាប់តាំងពី​ថ្នាក់​រដ្ឋមន្ត្រី ដល់​មេបញ្ជាការ​យោធា ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​ចិន និង​ឥណ្ឌា​ក៏ដោយ ភាព​តានតឹង​រវាង​យក្ស​នុយក្លេអ៊ែរ​ទាំងពីរ នៅតែ​បន្ត​កើតមាន​ដដែល​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ Reuters ចិន​បាន​សាងសង់ ជំរំ​យោធា និង​សាងសង់​លេណដ្ឋាន និង​សំណង់​ផ្សេងទៀត​។ ចំណែក​ឥណ្ឌា បាន​បន្ថែម​កម្លាំងយោធា​ទៅ​តំបន់​ព្រំដែន​។ 
 
​ក្រៅពី​ការបន្ថែម​កម្លាំងយោធា និង​សាងសង់​សំណង់​ផ្សេងៗ​នៅតាម​ព្រំដែន ចិន និង​ឥណ្ឌា បាន​បញ្ចេញ​សាច់ដុំ​ដាក់គ្នា តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​តាម​តំបន់​ព្រំដែន​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ចិន ដែល​គ្រប់គ្រង​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន​(PLA) នៅ​ថ្ងៃទី​២៤ ខែមិថុនា កងទ័ពជើងគោក​ចិន បានរៀបចំ​ប្រតិបត្តិការ​មួយ ដើម្បី​សាកល្បង​ជំនាញ​ដឹកជញ្ជូន​កងទ័ព និង​ជំនាញ​បច្ចេកទេស​នៅក្នុង​តំបន់​ទី​បេ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ដដែល នៅក្នុង​ថ្ងៃទី​២២ ខែមិថុនា ចិន បាន​ហ្វឹ​ត​ហាត់ និង​សាកល្បង​បាញ់ រថពាសដែក​ប្រភេទ Type 15 ចំនួន ៣​គ្រឿង​, រថពាសដែក​ប្រភេទ PLZ-07 ចំនួន ៥​គ្រឿង​, និង​រថយន្ត​បាញ់​គ្រាប់​រ៉ុក្កែត ប្រភេទ​Type 81 ចំនួន ៣​គ្រឿង​។ បន្ថែម​ពីនេះ ចិន​ក៏បាន​ហ្វឹកហាត់​យោធា ឧទ្ធម្ភាគចក្រ និង​ដ្រូ​ន​ជាដើម នៅ​ភាគខាងត្បូង​នៃ​តំបន់​ទី​បេ​។ 
​ចំណែក​ភាគី​ឥណ្ឌា​វិញ ក៏​មិន​ខុសពី​ចិន​ដែរ​។ ឥណ្ឌា បាន​សាកល្បង​កម្លាំងយោធា​រប​ស់​ខ្លួន ដើម្បី​កម្លា​ដាក់​ចិន​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Zee News ឥណ្ឌា​បានធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់​Ladakh ដែល​នៅ​ជិត​នឹង​តំបន់​ជម្លោះ​។ ក្នុង​សមយុទ្ធ​យោធា​នេះ ឥណ្ឌា​បាន​ប្រើប្រាស់​រថពាសដែក​ប្រភេទ  T-90 Bhishma​។ ក្រៅពី​ធ្វើ​សមយុទ្ធ ឥណ្ឌា​ក៏បាន​ប្រើប្រាស់​កងទ័ពអាកាសរ​បស់​ខ្លួន ដើម្បី​ត្រួត​ពិនិត្យមើល​តំបន់​ជម្លោះ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ការប៉ះទង្គិច​រវាង​ចិន និង​ឥណ្ឌា នា​ថ្ងៃទី​១៥ ខែមិថុនា បាន​បណ្តាល​ឲ្យ​កងទ័ព​ឥណ្ឌា​ស្លាប់ ២០​នាក់ និង​របួស​ជាច្រើន​នាក់ ខណៈ​ទីក្រុង​ប៉េកាំង មិនបាន​បញ្ចេញ​តួលេខ ឬ​ព័ត៌មាន​ណាមួយ​ឡើយ ជុំវិញ​ការស្លាប់ និង​របួស​នៃ​ទាហាន​របស់ខ្លួន​៕ 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com