COVID-19
អន្តរជាតិ
វៀតណាម៖ អាស៊ានចង់ឃើញ អាមេរិក-ចិន ទុករឿងថ្នាំងថ្នាក់មួយឡែក ហើយមកសហការគ្នាដើម្បីប្រយោជន៍សកល រូបភាពពីកាសែតចិនស៊ីនហួរ
× រដ្ឋាភិបាលវៀតណាម និងជាប្រធានវិលជុំអាស៊ានបច្ចុប្បន្ន បានបង្ហាញគោលជំហរចង់ឃើញមហាអំណាចពីរគឺអាមេរិក និងចិន ធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នាឡើងវិញ ខណៈទុករឿងចម្រូងចម្រាស់រួមជាមួយនឹងគ្នានៅមួយអន្លើសិន។ វៀតណាម យល់ឃើញថា នៅពេលដែលភាគីទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា មិនត្រឹមតែផ្តល់ប្រយោជន៍ដល់មហាអំណាចទាំងពីរនោះទេ តែដល់អាស៊ាន ក៏ដូចជាពិភពលោកផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc តាមរយៈសន្និសីទក្រោយកិច្ចប្រជុំកំពូលលើកទី៣៦របស់អាស៊ាននៅថ្ងៃ២៦ មិថុនា បានឲ្យដឹងថា វៀតណាម ក៏ដូចជាអាស៊ាន ពិតជាចង់ឲ្យអាមេរិក និងចិន ផ្តោតលើចំណុចរួម និងត្រូវរូវគ្នា ខណៈព្យាយាមជម្នះរឿងប្រទាំងប្រទើសគ្នា ដើម្បីផលប្រយោជន៍រួម ជាពិសេសនោះសហគមន៍អន្តរជាតិ ដែលកំពុងតែជាប់ផុងនឹងវិបត្តិវីរុស Covid-19។
តាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ខណៈស្ថានភាពវីរុសនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅក្រោមការគ្រប់គ្រងបាន សមាជិកអាស៊ាន កំពុងស្វែងរកមធ្យោបាយដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក និងអន្តរតំបន់។ លោក សង្កត់ធ្ងន់ថា អាស៊ាន នឹងសាទរបំផុតប្រសិនអាមេរិក និងចិន ដែលជាគូដៃយុទ្ធសាស្ត្រអាស៊ានដ៏សំខាន់អាចធ្វើប្រតិបត្តិការដើម្បីធ្វើឲ្យតំបន់ប្រកបភាពរុងរឿង ស្ថិរភាព និងសន្តិភាព។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលវៀតណាមរូបនេះ ក៏បានអះអាងផងដែរថា វៀតណាម និងអាស៊ាន នឹងមិនប្រកាន់យកភាគីណាឡើយ ព្រោះអាមេរិក និងចិន សុទ្ធសឹងតែជាដៃគូសំខាន់ ជាពិសេសនោះលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតែម្តង។
លោក បន្ថែមថា អាស៊ានចង់រៀបចំកិច្ចប្រជុំមួយជាមួយនឹងចិន និងអាមេរិក ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ហើយអាស៊ាន កំពុងតែស្វែងរកមធ្យោបាយដើម្បីផ្សារភ្ជាប់ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសទាំងពីរ ក្នុងស្ថានភាពតានតឹង ទាំងអតីតកាល និងអនាគត៕
Tag:
អាស៊ាន
អាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com