ជ័យជម្នះ​ល្អ​បំផុត​ចំនួន​៥​របស់​កីឡាករ​មកពី​តំបន់ Dagestani នៅ​សង្វៀន ONE
ONE Championship
កីឡាជាតិ
ជាតិ
ជ័យជម្នះ​ល្អ​បំផុត​ចំនួន​៥​របស់​កីឡាករ​មកពី​តំបន់ Dagestani នៅ​សង្វៀន ONE
28, Jun 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​រុស្សី​បង្កើតបាន​ផលិត​អត្ត​ព​លិ​ក​លំដាប់​ពិភពលោក​ជាច្រើន ប៉ុន្តែ​សាធារណរដ្ឋ Dagestan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​តំបន់ Caucasus នៃ​ប្រទេស​រុស្សី​ជា​ទឹកដី​បណ្ដុះបណ្ដាល​បាន​អត្ត​ព​លិ​ក​ដ៏​មាន​ទេពកោសល្យ​និង​ជំនាញ​ខាង​ក្បាច់​កីឡា​ប្រយុទ្ធ​ផងដែរ​។


 
Dagestan គឺ​ជាទី​កំណើត​នៃ​កីឡាករ​ចំបាប់​ជើងឯក​អូឡាំពិក​ជាច្រើន និង ជា​ជើងឯក​គុន​ចម្រុះ​ផង ហើយ​ក្រៅពីនោះ​អត្ត​ព​លិ​ក​មួយចំនួន​ក៏បាន​ឡើង​ប្រកួត​សង្វៀន​អន្តរជាតិ ONE Championship​។ 
 
​ខាងក្រោម​នេះ​ជា​ជើង​ខ្លាំង​មកពី Dagestani ដែល​បង្កើត​ជ័យជម្នះ​ល្អ​បំផុត​នៅ​សង្វៀន​អន្តរជាតិ ONE​។ 
 
Ramazanov ផ្ដួល Topic ឲ្យ​ដួល​បី​ដង​
 
 
Alaverdi “Babyface Killer” Ramazanov  បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​មិន​ស្ទើរ​នៅ​កម្មវិធី ONE: DREAMS OF GOLD​។ កីឡាករ​មកពី​តំបន់ Dagestan រូបនេះ​តតាំង​នឹង Ognjen Topic នៅ​សង្វៀន Impact Arena នា​ក្រុង​បាងកក និង ធ្វើ​ឲ្យ​កីឡាករ​កូនកាត់​ស៊ែ​ប​-​អាមេរិក ដួល​រហូតដល់​៣​ដង​នៅ​ទឹក​ទីមួយៗ មុន​ទទួលបាន​ជ័យជម្នះ​ល្អ​បំផុត​ក្នុង​អាជីព​។  បន្ទាប់ពី​ដួល​លើក​លើក​១​ដោយ​ការ​ធាក់ កីឡាករ Ramazanov បាន​កៀង Topic ទៅ​ក្បែរ​រេញ​ហើយ​ចូលទៅ​ម៉ាត់​ឲ្យ​ដួល​ម្ដងទៀត​ជា​លើក​ទី​២​។ លើក​ទី​៣ គឺ ធ្ងន់​ខ្លាំង​ពេល​ម៉ាត់​ឲ្យ Topic អុកគូថ​ជាថ្មី​និង​ត្រូវ​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង​ក្រោយ​ដួល​៣​ដង​ក្នុង​មួយ​ទឹក​។ 
 
Yusupov ផ្ដួល “The Boxing Computer”​ឲ្យ​សន្លប់​

 
Jamal “Kherow” Yusupov ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​កាល​ខែ វិច្ឆិកា ឆ្នាំ​២០១៩ ពោល ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​រូបគេ​ទទួល​សំណើ​ការប្រកួត​នេះ​ជាមួយ​វីរបុរស​ថៃ “The Boxing Computer” Yodsanklai IWE Fairtex នៅ​កម្មវិធី ONE: AGE OF DRAGONS នា​ក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ទោះជា​ខើច​ពេល​ក្នុងការ​រៀបចំខ្លួន តារា​មាន​ដើមកំណើត​នៅ Dagestan បង្កើត​ប្រវត្តិសាស្ត្រ​មួយ​នៅ​សង្វៀន Cadillac Arena អម​ជាមួយ​ការ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​។ 
 
​គ្រាន់តែ​ចាប់ផ្ដើម​ទឹក​ទី​១ Yodsanklai បាន​ព្យាយាម​ដើរចូល ប៉ុន្តែ Yusupov តប​វិញ​ដោយ​កណ្ដាប់ដៃ​ឆ្វេង​ល្អ និង វ៉ៃ​ខាវ​បាន​ចំ​គោលដៅ​ថែម​ទៀតផង​។ “Kherow” បន្ត​សម្រុក​កណ្ដាប់ដៃ​ឆ្វេង ដែល​បង្ក​ការលំបាក​ដល់ “The Boxing Computer” ទោះ​កីឡាករ​ថៃ​ខំ​ទាត់​សង​វិញ​ក្ដី​។ ទីបំផុត​កណ្ដាប់ដៃ​សន្ធាប់​របស់ Yusupov ធ្វើ​ឲ្យ​វីរបុរស​ថៃ​ដួល​អុកគូថ​ទាំង​ជំហរ​រហូត​អាជ្ញាកណ្ដាល​រាប់​ម្ដង​។ បន្ទាប់មក “Kherow” ដើរចូល និង​ដាក់​គំនាប​ឆ្វេង​ស្ដាំ ធ្វើ​ឲ្យ Yodsanklai មិនអាច​បន្ត​ការប្រកួត​ទៀត​ទេ​។ 
 
Arslanaliev ផ្ដួល Nastyukhin ត្រឹម​ទឹក​ទី​១
 
 
Saygid “Dagi” Guseyn Arslanaliev ជា​តារា​កំពុង​រះ​ក្នុង​ទម្ងន់ lightweight មួយរយៈ​ចុងក្រោយ​នេះ និង​បង្កើត​កំណត់ត្រា​នៅ​សង្វៀន ONE: CONQUEST OF HEROES  នា​ខែ កញ្ញា ឆ្នាំ ២០១៨​។ 
 
​នេះ​ជា​ជំនួប​ល្អ​បំផុត​ជាមួយ​ជនរួមជាតិ​របស់គេ​។ “Dagi” បាន​ផ្ដួល Timofey Nastyukhin នៅ​សង្វៀន Jakarta Convention Center នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។  Arslanaliev ចាប់ផ្ដើម​ទាត់​ជើងឆ្វេង​ត្រឹម ២០ វិនាទី​ដំបូង ខណៈដែល Nastyukhin តបត​វិញ ប៉ុន្តែ “Dagi” មានឱកាស​ពេល​ចាប់ជើង​របស់ Nastyukhin ទៅ​ក្បែរ​សង្វៀន​។ មួយ​រំពេច​នោះ “Dagi” បាន​ខាវ​ឆ្វេង​ស្ដាំ​ញាប់​ស្មេរ​រហូតដល់​ស្នូរ​ជួង​បន្លឺ និង អាជ្ញា​បញ្ឈប់​។ 
 
Yusup បញ្ចប់​ដៃគូ​គួរ​ឲ្យ​កត់សម្គាល់​
 
 
Yusup “Maestro” Saadulaev បង្កើត​កំណត់ត្រា​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ជា​កំណត់ត្រា​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE​។ នៅ​កម្មវិធី ONE: STATE OF WARRIORS កាល​ខែតុលា ឆ្នាំ​២០១៦ កីឡាករ​ទម្ងន់ bantamweight មកពី Dagestani បាន​ប្រើ​ជំនាញ​ចាប់​កម្រិត​កំពូល​របស់ខ្លួន​ដើម្បី​បញ្ចប់​កីឡាករ​អូស្ត្រាលី Jordan “Showtime” Lucas នៅ​សង្វៀន Thuwunna Indoor Stadium នា​ក្រុង​យុាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។ 
 
​បន្ទាប់ពី​បើកឆាក​នៃ​ការ​តតាំង​យ៉ាង​ស្វិតស្វាញ Yusup បាន​បំបែក​ឃុំ​របស់ Lucas និង​គ្រប់គ្រង​ការប្រកួត​បានល្អ​ណាស់​។ “Showtime” ព្យាយាម​គេច ប៉ុន្តែ Saadulaev បាន​គាប​កជាប់​បង្វិល​ចុះឡើង និង លៃលក​ឃ្លេ​ក​ពីលើ​បញ្ចប់​គូប្រកួត​តែម្ដង​។ 

Gafurov បញ្ចប់​គូប្រកួត​យូរអង្វែង​ឲ្យ​ចុះចាញ់​លឿន​

 
 
​វា​ប្រើពេល​រហូតដល់​៤​ទឹក​សម្រាប់ Marat “Cobra” Gafurov ដើម្បី​បញ្ចប់​វីរបុរស​ម៉ុង​ហ្គោ​លី  Narantungalag “Tungaa” Jadambaa ឲ្យ​ចុះចាញ់​តាមរយៈ​ក្បាច់​ឃ្លេ​ក និង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight World Champion កាល​ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 
 
​ក្រោយ​ប្រកួត​ដ៏​អស្ចារ្យ​៣​ទឹក​រួចមក Gafurov បាន​ហក់​ទៅកាន់ “Tungaa” នៅ​ទឹក​ទី​៤​។ កីឡាករ​មកពី Dagestani ចាប់​ក​គូប្រកួត​បង្វិល​ចុះឡើង និង​មានប្រៀប​នៅ​ពីលើ​រហូតដល់​ឃ្លេ​ក​ឲ្យ​ចុះចាញ់​។ គ្រានោះ ទោះជា​កីឡាករ​ម៉ុង​ហ្គោ​លី ខំប្រឹង​គេច​និង​រើ​បម្រាស់​ក៏ដោយ ក៏​កីឡាករ​លំដាប់​ពិភពលោក​រូបនេះ​ប្រើ​បច្ចេកទេស​គាប និង ឃ្លេ​ក​ឲ្យ​ចុះចាញ់​បានដែរ​នៅសល់ ៩ វិនាទី​បញ្ចប់​ទឹក​ទី​៤៕





© រក្សាសិទ្ធិដោយ thmeythmey.com