កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​វិសាខា​៖ យើង​នឹង​ស្វែងរក​អ្នក​បុក ទៀត គឹម​ហេង ហើយ​រត់​!
27, Jun 2020 , 9:39 pm        
រូបភាព
កីឡាករ ទៀត គឹមហេង (រូបក្នុងរង្វង់) និងលោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខា
កីឡាករ ទៀត គឹមហេង (រូបក្នុងរង្វង់) និងលោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខា
ដោយ:
​លោកស្រី កែ សួន​សុ​ភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​បាន​ប្តេជ្ញា​ថា លោកស្រី នឹង​ស្វែងរក​អ្នកបើករថយន្ត ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​កីឡាករ ទៀត គឹម​ហេង រងរបួស​ធ្ងន់ និង​យុវតី​ម្នាក់​ស្លាប់ កាលពី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។

 
«​យើង​នឹង​ស្វែងរក​អ្នក​បុក ហើយ​រត់​!»​។ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​លោកស្រី កែ សួន​សុ​ភី បាន​សេ​សេរ​សារ​ប្តេជ្ញាចិត្ត​បែបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដែលមាន​ឈ្មោះថា​«Sophy Ke»​នៅ​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។ ការសរសេរ​សារ​ព្រមាន​របស់​ប្រធាន​ក្លិប​រូបនេះ ធ្វើឡើង​ក្រោយ​មាន​ជនបង្ក​បាន​បើក​រថយន្តបុក​កីឡាករ​របស់ខ្លួន ទៀត គឹម​ហេង និង​យុវតី​ម្នាក់ ហើយ​រត់​មិន​ទទួលខុសត្រូវ​។ 
 
​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​នេះ បាន​បណ្តាល​ឲ្យ​កីឡាករ ទៀត គឹម​ហេង រងរបួស​ក្បាល​ធ្ងន់ធ្ងរ ដែល​ទាមទារ​វះកាត់​ជា​ចាំបាច់ និង​យុវតី​ម្នាក់​ដែល​គេ​អះអាង​ជា​មិត្តស្រី​របស់​ខ្សែបម្រើ​រូបនេះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ឧបទ្ទវហេតុ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​កែង​នឹង​ផ្លូវ​លេខ​១៤៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។  
 
​មកទល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​អាច​កំណត់​អត្ត​សញ្ញា​ត​រថយន្ត និង​ជនបង្ក​នៅឡើយ​ទេ​។ ចំណែក​កីឡាករ ទៀត គឹម​ហេង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រីឯ​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Tag:
 កែ សួន​សុ​ភី​
  វិសាខា​
  ទៀត គឹម​ហេង
© រក្សាសិទ្ធិដោយ thmeythmey.com