COVID-19
អន្តរជាតិ
ហ្វីលីពីន និងវៀតណាម ព្រមានពីការកើនឡើងនៃបញ្ហាអសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ រូបភាពពីការិយាល័យប្រធានាធិបតីហ្វីលីពីន។
× រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងហាណូយ បានបង្ហាញពីក្តីបារម្ភដូចគ្នាពីការកើនឡើងនៃបញ្ហាអសន្តិសុខនៅក្នុងតំបន់ ជាពិសេសនៅតំបន់មានជម្លោះសមុទ្រចិនខាងត្បូង។ ប្រមុខដឹកនាំទាំងពីរ បានមើលឃើញ ថា ភាគីពាក់ព័ន្ធខ្លះ បានបង្កើនសកម្មភាពបំពាន ខណៈដែលតំបន់ និងពិភពលោក កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសរាតត្បាត Covid-19។
តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃ២៦ មិថុនា លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានលើកឡើងក្នុងអង្គប្រជុំ ថា ទោះបីតំបន់អាស៊ីអាគ្នេយ៍កំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ក៏ដោយ នៅតែមានករណីនៃការប៉ះទង្គិចគ្នានៅក្នុងសមុទ្រចិនខាងត្បូង បន្តកើតឡើង ដែលបង្កដោយភាគីខ្លះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post។
ខណៈមិនបញ្ជាក់ចំឈ្មោះភាគី ឬប្រទេស ដែលនៅបន្តសកម្មភាពបំពាននោះ លោកប្រធានាធិបតីហ្វីលីពីនរូបនេះ តាមរយៈវេទិកាក្នុងតំបន់ បានទទូចឲ្យភាគីពាក់ព័ន្ធរឹតត្បិតសកម្មភាពរបស់ខ្លួន ដើម្បីធានាពីការការពារ និងទប់ស្កាត់ភាពតានតឹង ក៏ដូចជាបង្ហាញពីការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិផង។
ស្រដៀងគ្នានេះដែរ ក្នុងវេទិកាដដែលនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានកត់សម្គាល់ផងដែរថា ទាំងច្បាប់ និងស្ថាប័នអន្តរជាតិ បានរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរអំឡុងពេល នៃការផ្ទុះឡើ់ងវិបត្តិសកលនេះ។ លោក សំដៅលើបណ្តាប្រទសមួយចំនួន បានឆ្លៀតឱកាសនេះ ដើម្បីធ្វើសកម្មភាពឯកតោភាគីដើម្បីបម្រើផលប្រយោជន៍ខ្លួន។
ជាប្រធានវិលជុំអាស៊ាន លោកនាយករដ្ឋមន្ត្រី ព្យាយាមមិននិយាយចំឈ្មោះប្រទេសណាឡើយ ដោយលោក រំលេចថា មានសកម្មភាពបង្ករឿង និងបំពានច្បាប់អន្តរជាតិជាច្រើនករណី បានកើតឡើង និងបានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ ស្ថិរភាពនៅតំបន់មួយចំនួន រាប់បញ្ចូលទាំងអាស៊ីអាគ្នេយ៍។
គួររម្លឹកបន្តិចផងដែរថា នៅខែមេសាកន្លងទៅ ទាំងហ្វីលីពីន និងវៀតណាម បានដាក់បណ្តឹងតវ៉ាទៅកាន់ចិន បន្ទាប់ពីចិន បានប្រកាសដោយឯកតោភាគីក្នុងការបង្កើតតំបន់រដ្ឋបាលថ្មីនៅក្នុងប្រជុំកោះ ដែលជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន និងវៀតណាម បានទាមទារជាតំបន់កម្មសិទ្ធិរបស់ខ្លួនផងដែរនោះ។
ជាមួយគ្នានេះ នៅដើមខែមិថុនានេះ រដ្ឋាភិបាលអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមានពីសកម្មភាពគឃ្លើនរបស់ចិន នៅតំបន់មានវិវាទជាមួយនឹងបណ្តាប្រទេសជិតខាងខ្លួន។ អាមេរិក បានចោទចិន ថា ស្របពេលដែលពិភពលោកកំពុងតែជួបផលលំបាកនៃការប្រយុទ្ធប្រឆាំងវីរុស Covid-19 ចិន បានឆ្លៀតនេះធ្វើសកម្មភាពឯកតោភាគីក្នុងតំបន់សមុទ្រចិនខាងត្បូង(តំបន់វិវាទជាមួយនឹងរដ្ឋអាស៊ាន) និងសមុទ្រចិនខាងកើត (តំបន់វិវាទជាមួយនឹងជប៉ុន)៕
Tag:
ហ្វីលីពីន
វៀតណាម
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com