ជាតិ
ខួបកំណើត​៦៩​ឆ្នាំ​៖ បក្ស​កាន់អំណាច​រម្លឹក​ពី​ការរំដោះ​ជាតិ​រហូតដល់​សន្តិភាព​ពេញលេញ​
28, Jun 2020 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារតែ​មិនអាច​រៀបចំ​ពិធី​អធិកអធម​ដូច​សព្វដង នា​ថ្ងៃ​ខួប​នៃ​ការបង្កើត​គណបក្ស សេចក្តីថ្លែងការណ៍​ជាច្រើន​ទំព័រ ដែល​រៀបរាប់​អំពី​ស្នាដៃ សមិទ្ធផល ជំហរ​នយោបាយ និង​គោលនយោបាយ​ដឹកនាំ​ប្រទេស​ដូច​រៀងរាល់ឆ្នាំ​នោះ ត្រូវបាន​ជំនួស​ដោយសារ​មួយ​ទំព័រ របស់​ប្រធាន​គណបក្ស​ទៅវិញ​។​

 
​ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​សារ​ដ៏​ខ្លី ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ សម្តេច ហ៊ុន សែន នៅតែ​រំឭក​ដោយ​សង្ខេប ពី​បុព្វហេតុ និង​បេសកកម្ម​របស់​គណបក្ស ប្រាប់​សមាជិក​សមាជិកា​របស់ខ្លួន ដែលជា​ការប្រមូល​អ្នក​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​។​
 
​សម្តេច ហ៊ុន សែន បាន​សរសេរ​បន្ត​យ៉ាង​ដូច្នេះ​ថា​៖​រយៈពេល​៤១​ឆ្នាំ​កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​ច្រើន​រាប់មិនអស់ ដោយ​សម្រេចបាន​សមិទ្ធ​ផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន តាំងពី​ដំណាក់កាល​នៃ​ការសង្គ្រោះ​ជាតិ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដល់ [​កម្ពុជា​] ទទួលបាន​សន្តិភាព​ពេញលេញ​…»​។​
 
​ការអនុវត្ត​វិធាន​សុខាភិបាល ដើម្បី​ចៀស​ផុតពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជា​មូល​ហេតុដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ប្រាប់​សមាជិក សមាជិក​នៅ​ទូទាំងប្រទេស​ថា គណបក្ស មិនអាច​រៀបចំ​ពិធី​ខួប នៃ​ការបង្កើត​គណបក្ស បាន​ឧឡា​រិ​ក​ដូច​រៀងរាល់ឆ្នាំ​។ នៅក្នុង​បរិបទ​នេះ សម្តេច ហ៊ុន សែន ក៏បាន​ដាស់តឿន​ប្រាប់​សមាជិក សមាជិកា​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឱ្យ​ពួកគេ​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​នានា ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ​។​
 
«​ខ្ញុំ​មាន​ក្តីសង្ឃឹម​ជឿជាក់ថា អាស្រ័យ​ដោយ​ការចូលរួម​ដ៏​សកម្ម របស់​ប្រជាជន​គ្រប់រូប យើង​ពិតជា​នឹង​ទទួលបាន​ជោគជ័យ លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​គួរបញ្ជាក់​ផងដែរ​ថា បើទោះជា​មិនមាន​ការរៀបចំ​ពិធី​អ​ធិ​អធម ដើម្បី​ប្រារព្ធ​ខួប​នៃ​ការបង្កើត​គណបក្ស ប៉ុន្តែ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច​នេះ បាន​យក​ថ្ងៃ​ដ៏​សំខាន់​នេះ រៀបចំ​ពិធី​សាសនា ឡើង​អគារ​ស្នាក់ការ​កណ្តាល ដែលមាន​តម្លៃ​ជិត​៣០​លាន​ដុល្លារ​នេះ​តែម្តង​៕

© រក្សាសិទ្ធិដោយ thmeythmey.com