កីឡាជាតិ
ជាតិ
បន្ថែម​លើ​ការហ្វឹកហាត់​លើ​ទីលាន ក្រុម​ទ័ព ធ្វើ​សមាធិ​បង្វឹក​ផ្លូវចិត្ត មុន​ប៉ះ​ណាហ្គា​វើ​ល​
28, Jun 2020 , 11:59 am        
រូបភាព
ដោយ:
​ក្រុម​កងយោធពល​ខេមរភូមិន្ទ Tiffy Army FC ត្រូវ​តទល់​ជាមួយ​ក្រុម​ណាហ្គា​វើ​ល នា​ជំនួប​សប្តាហ៍​ទី​៦ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។ មុន​ការប្រកួត​ដល់   ក្រុម​កងទ័ព បានរៀបចំ​ពិធី​ប្រោះព្រំ និង​ធ្វើ​សមាធិ ដើម្បី​អប់រំ​ផ្លូវចិត្ត បន្ថែម​លើ​ការហ្វឹកហាត់​របស់​កីឡាករ​។ ថ្នាក់ដឹកនាំ​ក្លិប​នេះ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការធ្វើ​សមាធិ គឺ​ដើម្បី​ឲ្យ​កីឡាករ​មាន​អារម្មណ៍​ស្ងប់ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រកួត​។

 
​ក្រុមបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ បានរៀបចំ​ពិធីសូត្រមន្ត ប្រោះព្រំ និង​ធ្វើ​សមាធិ​ដល់​កីឡាករ គ្រូបង្វឹក មន្ត្រី និង​ថ្នាក់ដឹកនាំ​ក្លិប​។ គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ស្មារតី​របស់​កីឡាករ គ្រូបង្វឹក សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល ដែល​ទ័ព​ត្រូវ​តទល់​ជាមួយ​ណាហ្គា​វើ​ល​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ 
 
​លោក សុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​ក្លិប​កងយោធពល​ខេមរភូមិន្ទ បាន​និយាយថា ការធ្វើ​សមាធិ នឹងធ្វើ​ឲ្យ​កីឡាករ​មានចិត្ត​ស្ងប់ អារម្មណ៍​ស្រស់ថ្លា និង​ប្រាជ្ញា​វាងវៃ ពិសេស​ជួយ​បង្កើត​ស្មារតី​កីឡាករ ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ប្រកួត​។ ការធ្វើ​បែបនេះ ក៏​ជាការ​រួមចំណែក​កាត់បន្ថយ​ភាព​ខឹង​ក្រោធ របស់​កីឡាករ​ពេល​ជួប​បញ្ហា​បាន​មួយកម្រិត​ផងដែរ​។ 
 
​ការចង់​ឲ្យ​កីឡាករ​ទទួលបាន​ពរ​ជ័យ និង​ពុទ្ធឱវាទ​ពី​ព្រះសង្ឃ ក៏​ជា​គោលបំណង​មួយ​ផងដែរ​។ សម្រាប់​លោក សុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង ការ​មាន​ព្រះធម៌​ក្នុង​ខ្លួន ជា​ស្ពាន​សម្រាប់​ដ៏​ល្អ​សម្រាប់​កីឡាករ​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​។ ទន្ទឹមនឹង​ជូនពរ​ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត លោក ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ខិតខំ​ហ្វឹកហាត់ និង​ប្រឺ​ង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។   
 
​ជាមួយគ្នានេះ​លោក ខូវ ឆាយ អគ្គលេខាធិការ​នៃ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បានលើកឡើង ពី​អត្ថប្រយោជន៍​នៃ​ការធ្វើ​សមាធិ ក្នុងការ​ធ្វើ​ឲ្យ​អត្ត​ច​រិ​ករ​បស់​កីឡាករ​មានការ​ផ្លាស់ប្តូ​រ​។ លោក​កត់សម្គាល់​ឃើញថា ក្រោយ​លោក សុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង ឧស្សាហ៍​កីឡាករ​ធ្វើ​សមាធិ នៅ​ឆ្នាំនេះ កីឡាករ​មាន​អត្តចរិត​ផ្លាស់ប្តូរ គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំកន្លងមក​។ ពោលគឺ​ពួកគេ​ភាគច្រើន អាច​គ្រប់គ្រង​អារម្មណ៍​បានល្អ ទាំង​ក្នុងអំឡុងពេល​ហ្វឹកហាត់ និង​ពេល​ប្រកួត​។​


 
​ក្រោយ​ផ្អាក​ការប្រកួត​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ត្រូវ​ប្រកួត​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​។ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៦ មាន​ចំនួន​៦​គូ ក្នុងនោះ នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែកក្កដា មាន​ចំនួន​៣​គូ រួមមាន​បឹងកេត​បើកទ្វារ​កីឡដ្ឋាន ទទួល​សូល​ទី​ឡូ​អង្គរ រីឯ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​គីរីវង់​សុខ​សែន​ជ័យ​។ ការប្រកួត​ទាំង​៣ ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ដូចគ្នា​។ 
 
​ដោយឡែក នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ អគ្គិសនី​កម្ពុជា បើក​កីឡដ្ឋាន​ទទួល​អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង​៣:៣០​នាទី មុន​ណាហ្គា​វើ​ល ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់ ទទួល​កងយោធពល​ខេមរភូមិន្ទ ខណៈ​ភ្នំពេញ​ក្រោ​ន ប៉ះ​វិសាខា​នៅ R.S.N​។ ការប្រកួត​ទាំងពីរ ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​ដូចគ្នា​។  
 
​បច្ចុប្បន្ន​ក្រុម Tiffy Army FC ស្ថិតនៅ​លេខ​រៀង​ទី​៧ មាន​៨​ពិន្ទុ ក្រោយ​ប្រកួត​៥​លើក​ឈ្នះ​២ ស្មើ​២ និង​ចាញ់​១៕ 

Tag:
 ទ័ព​
  Cambodian League 2020
  ស៊ុ​ប៉ា​ឆៃ វីរៈ​ពូ​ជុង
© រក្សាសិទ្ធិដោយ thmeythmey.com