ជាតិ
ផល​នេសាទ​សមុទ្រ ពី​តំបន់​ពាម​ក្រសោប​ខេត្តកោះកុង មាន​ចំនួន ១១ ៦៨០​តោន​កាលពី​ឆ្នាំ​២០១៩
28, Jun 2020 , 1:55 pm        
រូបភាព
​ដោយ​៖ Thmeythmey25
 
​ខេត្តកោះកុង មានលទ្ធភាព​ផ្គត់ផ្គង់​ផល​វារីវប្បកម្ម ប្រមាណ ១៥ ១០០​តោន ក្នុង​១​ឆ្នាំ​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បានធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​សហគមន៍​ពាម​ក្រសោប កាលពី​ថ្ងៃទី​១៨ ខែមិថុនា​នេះ​។ ទៅដល់​តំបន់​ពាម​ក្រសោប អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក៏​មិន​ភ្លេច​លើកឡើង​ពី​ការរួមចំណែក​របស់​ស​ហគ​មន៍​មួយ​នេះ នៅក្នុង​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​នោះដែរ​។ 

 
​បើតាម លោក នេត្រ ភក្ត្រា រដ្ឋ តំបន់​ពាម​ក្រសោប មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក និង​ប្រភព​មេ​ពូជ​មច្ឆជាតិ ដែលជា​ប្រភពធនធាន​សមុទ្រ​សម្បូរបែប​។ ជាក់ស្តែង​កាលពី​ឆ្នាំ ២០១៩ ផល​នេសាទ​សមុទ្រ​ដូចជា​បង្កង ក្តាម និង​ប្រភេទ​ត្រី​សមុទ្រ ពី​តំបន់​ពាម​ក្រសោប​នេះ មាន​ចំនួន​ប្រមាណ ១១ ៦៨០ តោន​ឯណោះ ឬ​ជាង​៧៧​ភាគរយ បើ​ធៀប​នឹង​ផល​វារីវប្បកម្ម​សរុប​ដែល​ខេត្តកោះកុង​ផលិត​បាន​ក្នុង​ឆ្នាំៗ​។ លើសពីនេះ តំបន់​ព្រៃកោងកាង​ជា​ប្រភព​ប្រាក់ចំណូល​សម្រាប់​សហគម​ន៍​តាម​តំបន់ឆ្នេរ ដូចជា​ការនេសាទ និង​តំបន់​អេកូ​ទេសចរណ៍​ផងដែរ​។​
 
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ក៏បាន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​តំបន់ការពារធម្មជាតិ ចូលរួម​ការពារ និង​អភិរក្ស​ដើម​កោង​កាង ក៏ដូចជា​ចូលរួម​ដាំ​ដើម​កោង​កាង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ដើម្បី​និរន្តរភាព​បរិស្ថាន និង​ជីវៈចម្រុះ​សមុទ្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com