COVID-19
ជាតិ
ក្រសួងសុខាភិបាល ក្រើនរម្លឹក​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ និង​ប្រុងប្រយ័ត្ន​ការឆ្លង​កូ​វីដ​-១៩
28, Jun 2020 , 2:39 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
​ភ្នំពេញ​៖ ស្រប​ពេលដែល​កម្ពុជា រកឃើញ​ករណី​ថ្មី​ចំនួន ១១​ករណី​បន្ថែមទៀត នៅ​ថ្ងៃទី​២៦-២៧ មិថុនា លើ​អ្នកដំណើរ​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួង​។ បើតាម​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន​ឲ្យ​ស្របតាម «​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​»​។​


 
​ត្រឹម​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ កម្ពុ​ជាមាន​ករណី​ឆ្លង​ថ្មី​ចំនួន ១១​ករណី ជា​អ្នកដំណើរ​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់ ១៤១​ករណី​។ ក្រោយ​ការកើនឡើង​នូវ​ចំនួន​អ្នក​ឆ្លង​នេះ ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការការពារ​ខ្លួន ដោយ​មិនត្រូវ​ភ្លេចខ្លួន​ឲ្យ​សោះ​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ មិថុនា​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​សូម​ក្រើនរម្លឹក អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ដល់​ប្រជាពលរដ្ឋ ឲ្យ​បន្ត​កិច្ចការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន​ឲ្យ​ស្របតាម ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​»​។ 
​បើតាម​លោក ម៉ម ប៊ុនហេង ភាព​ធ្ងន់ធ្ងរ​នៃ​កូ​វីដ​-១៩ មិនត្រូវ​មើលរំលង​នោះទេ ដោយ​កូ​វីដ​-១៩ អាច​វ៉ៃ​លុក​ផ្លូវដង្ហើម​យ៉ាង​សាហាវ ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដកដង្ហើម និង​ឈានដល់​ការស្លាប់​។ សូមបញ្ជាក់ថា កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១៤១​ករណី ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ១២៩​នាក់​។ បច្ចុប្បន្ន អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១២​នាក់ ក្នុងនោះ ១០​នាក់ ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង ២​នាក់ ជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com