ជាតិ
ខេត្តកំពង់ចាម​មាន​«​ផ្សារ​ចុង​សប្ដាហ៍​»​ដែល​ដាក់លក់​បន្លែ​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ​
28, Jun 2020 , 3:19 pm        
រូបភាព
​ភ្នំពេញ​៖ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) បានរៀបចំ «​ផ្សារ​ចុង​សប្ដាហ៍​» សម្រាប់​លក់​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ ដែល​ដាំ​ដុះ​ដោយ​កសិករ​នៅក្នុង​ខេត្តកំពង់ចាម​។ «​ផ្សារ​ចុង​សប្ដាហ៍​» នេះ ចាប់ផ្ដើម​លក់​នៅ​ថ្ងៃទី​២៧-២៨ មិថុនា​នេះ នៅមុខ​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តកំពង់ចាម​។​


 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម «​ផ្សារ​ចុង​សប្តាហ៍​» បង្កើត​ក្នុង​គោលបំណង ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​រប​ស់​កសិករ សហគមន៍​កសិកម្ម អ្នកប្រមូល​ទិញ សហគ្រាស​នានា ដែល​គាំទ្រ​ដោយ​ដោយ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​។ បន្ថែម​លើ​នេះ «​ផ្សារ​ចុង​សប្តាហ៍​» នឹង​បង្កើត​ឱកាស​ដល់​ក្រុម​កសិករ​ផលិត​ចាប់​ដៃគូ​ជាមួយ​អ្នកប្រមូល​ទិញ​ធំៗ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​បង្កើន​ផលិតភាព និង​ផលិតកម្ម​។​
 
​តាមរយៈ​ផ្សារ​ចុង​សប្ដាហ៍​នេះ នឹងចូលរួម​បង្កើត​ភាព​អង់អាច​ដល់​កសិករ​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម ដែល​ជំរុញ​ឲ្យ​មាន​គាំទ្រ​ផលិតផល​ខ្មែរ​កាន់តែច្រើន​។ «​ផ្សារ​ចុង​សប្ដាហ៍​» មាន​លក់​បន្លែ​ផ្លែឈើ​សុវត្ថិភាព និង​សរីរាង្គ​, មាន់​ស្រែ​, អង្ករ ,​ម្សៅដំឡូង​មី និង​ផលិតផល​កសិកម្ម​កែច្នៃ​ជាច្រើន​ទៀត​៕ 
 
រូបភាពពីក្រុម​ការងារគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)៖













© រក្សាសិទ្ធិដោយ thmeythmey.com