COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ត្រៀម​ប្តូរ​របៀប​ធ្វើការ​របស់​មន្ត្រី​ឲ្យ​ស្របតាម​បច្ចេកវិទ្យា ក្រោយ​វិបត្តិ Covid-19 បញ្ចប់​
28, Jun 2020 , 3:59 pm        
រូបភាព
ដោយ:
​វិបត្តិ​មេរោគ​រាតត្បាត Covid-19 មិន​ត្រឹមតែ​គំរាមកំហែង​សេដ្ឋកិច្ច ពាណិជ្ជកម្ម លើ​វិស័យ​ឯកជន​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​វីរុស​នេះ បានធ្វើ​ឲ្យ​កកស្ទះ​ការបំពេញ​ការងារ​ជាទូទៅ​ផងដែរ​។ ជា​ដំណោះស្រាយ និង​ដើម្បី​កែទម្រង់រដ្ឋបាល​សាធារណៈ​ឲ្យ​កាន់តែ​មាន​ភាព​បន់​បែន​ផង​នោះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានដាក់​ផែនការ​កែទម្រង់​របៀប​របប​ធ្វើការ​របស់​មន្ត្រី​ស៊ីវិល ដោយ​ពឹងផ្អែក​ខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​វិញ​ម្តង​។​

 
​រដ្ឋមន្ត្រី​ទទួលបន្ទុក​កំណែទម្រង់រដ្ឋបាល និង​ការិយាល័យ​ធិបតេយ្យ​ឥណ្ឌូណេស៊ី លោក Tjahjo Kumolo នៅ​ថ្ងៃ ២៦ មិថុនា បាន​ឲ្យ​ដឹងថា វិបត្តិ Covid-19 បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​របៀបរបប​ការងារ​របស់​មន្ត្រី​រដ្ឋ​ការ​ស៊ីវិល ដ្បិត​កន្លងមក ការងារ​ភាគច្រើន ត្រូវ​ពឹង​ផ្អែកលើ​ការធ្វើការ​នៅនឹងកន្លែង​ការិយាល័យ​តែម្តង ក៏ប៉ុន្តែ​ដោយសារតែ​វិបត្តិ​នេះ មន្ត្រី​រដ្ឋ ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្តូរ​របៀប​ធ្វើការ​ថ្មី ដែល​ធ្វើ​ឲ្យ​ដំណើរការ​ការងារ​មិនអាច​រលូន​ដូចពេលមុន​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Globe ជាការ​ឆ្លើយតប និង​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ផង លោក​រដ្ឋមន្ត្រី បាន​អះអាងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹងធ្វើ​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ការិយាល័យ​ធិបតេយ្យ ក្រោយ​វិបត្តិ Covid-19 បញ្ចប់​។ ហើយ​នោះ​គឺ របៀបរបប​ធ្វើការ​របស់​មន្ត្រី​រដ្ឋ​ឥណ្ឌូណេស៊ី នឹងត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។​
 
​តាមរបៀប​ធ្វើការ​ថ្មី​នេះ លោក​រដ្ឋមន្ត្រី​រូបនេះ រំពឹងថា មន្ត្រី​រដ្ឋ នឹង​កាន់តែ​ផ្លាស់ប្តូរ​ខ្លួន​ទៅតាម​បច្ចេកវិទ្យា​ទំនើប ហើយ​ការទទួលខុសត្រូវ​រប​ស់​ពួកគេ នឹង​អាចមាន​ភាព​បន់​បែន​ជាង​មុន​។ ពួកគេ ក៏​អាចមាន​លទ្ធភាព​ក្នុងការ​ធ្វើការ​ពី​ចម្ងាយ និង​កន្លែង​ផ្សេងៗ​គ្នា​បាន​ប្រកបដោយ​ភាពរលូន​ផងដែរ​។ លោក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា នៅពេលដែល​កំណែទម្រង់​នេះ​ដំណើរការ​នេះ នោះ​មន្ត្រី​រដ្ឋការ​ស៊ីវិល​អនាគត នឹង​អាចបំពេញ​ការងារ​សម្រាប់​រដ្ឋាភិបាល​ពេញ​សមត្ថភាព និង​មាន​ភាព​បន់​បែន​ខ្ពស់​តែម្តង​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា វីរុស Covid-19 ដែលជា​ប្រភេទ​វីរុស​រាតត្បាត​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​នោះ បានធ្វើ​ឲ្យ​ចរន្ត​ការងារ​សកល​រង​ការគំរាមកំហែង​ខ្លាំង ជាពិសេស​នោះ នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ដ្បិត​ប្រទេស​ទាំងនេះ ពុំទាន់​មាន​បច្ចេកវិទ្យា​ទំនើប​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិ​ការងារ​របស់​ប្រទេស​នៅឡើយ​នោះទេ​៕

Tag:
 ឥណ្ឌូណេស៊ី​
  រដ្ឋបាល​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com