COVID-19
ជាតិ
តូប​លក់ដូរ​នៅតាម​ប្រាសាទ​បើក​លក់​វិញ ដោយ​រំពឹង​ខ្លាំង​លើ​ទេសចរ​ក្នុងស្រុក​
28, Jun 2020 , 7:59 pm        
រូបភាព
​សៀមរាប​៖ ក្រោយ​ស្ងប់ស្ងាត់​មួយរយៈ សកម្មភាព​ដើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​នៅ​តំបន់​ប្រាសាទ ចាប់ផ្តើម​មាន​ឡើងវិញ​។ ចាប់ពី​ពាក់​កណ្ដាលខែ ឧសភា​មក វត្តមាន​ទេសចរ​ក្នុងស្រុក​កាន់តែច្រើន នៅ​តំបន់​ប្រាសាទ​ខេត្តសៀមរាប​។ អាជីវកម្ម​នៅ​តំបន់​ប្រាសាទ ដែល​បាន​បិទទ្វារ​មួយរយៈ ក៏​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ដោយ​រំពឹង​ខ្លាំង លើ​សកម្មភាព​ទេសចរ​ក្នុងស្រុក​។ ទោះ​បាត់​ចំណូល​មួយផ្នែកធំ ក៏​អ្នកលក់ដូរ​ទាំងនោះ​យល់ថា ប្រសើរ​ជាង​នៅផ្ទះ ដែល​មិនមាន​ចំណូល​អ្វី​បន្ដិច​សោះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ពេល​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​ប្រកាសអាសន្ន​នៅ​ជុំវិញ​ពិភពលោក ខេត្តសៀមរាប​ដូច​តំបន់​រមណីយដ្ឋាន​ដទៃទៀត​ដែរ គឺ​ប្រែជា​ស្ងប់ស្ងាត់​។  គ្មាន​ជើងហោះហើរ​ដ៏​មមាញឹក ចរាចរណ៍​តាម​ដងផ្លូវ​ក៏​លែង​កកស្ទះ​ដូច​មុនៗ​។ ក្រុមហ៊ុន​ទេសចរណ៍ សណ្ឋាគារ​តូចធំ បាន​បិទទ្វារ​ព្រមៗ​គ្នា ធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្ត​នេះ​ធ្លាក់​ដល់​ចំណុច​បាត​។ ចំណែក​ការលក់ដូរ​តូចៗ​នៅ​តំបន់​ប្រាសាទ​ដែល​ធ្លាប់​ទទួល​ទេសចរ​គ្រប់​ជាតិ​សាសន៍ ក៏​រង​ផលប៉ះពាល់​ខ្លាំង​ដែរ​។ 
 
​ដ្បិតថា មិនអាច​រកចំណូលបាន​ច្រើន​ដូចពេលមុនៗ តែ​អ្នកលក់ដូរ​នៅ​តំបន់​ប្រាសាទ​ដែល​ភាគច្រើន​លក់​ខោអាវ វត្ថុ​អនុស្សាវរីយ៍ ភេសជ្ជៈ ប្រឹង​ងើបឈរ​ឡើងវិញ ដោយ​រំពឹងថា​អាច​បាន​ចំណូល​ខ្លះៗ​ពី​ការដើរ​កម្សាន្ត​របស់​ទេស​ចរ​ក្នុងស្រុក​។ ពួកគេ​ភាគច្រើន ប្រឈម​ខ្ពស់​នឹង​ការបង់ប្រាក់​ធនាគារ​។​
 
​ឈរ​កាន់​ខោអាវ​ហៅភ្ញៀវ​ជួយ​ទិញ លោក ឈាន ប៊ុន​ភ្លី អ្នកលក់​ខោអាវ​និង​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ប្រាសាទអង្គរវត្ត និយាយថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​ឃើញ​អង្គរ​ស្ងប់ស្ងាត់​បែបនេះ​។ លក់ដូរ​នៅទីនេះ​ជាង​២០​ឆ្នាំ​មកនេះ ជា​ពេល​ដំបូងបង្អស់​ដែល​លោក​ឃើញ​ប្រាសាទអង្គរវត្ត​គ្មាន​ទេសចរ មានតែ​ចម្លាក់​ផ្ទាំង​ថ្ម​ក្នុង​សភាព​សោះកក្រោះ​ជាខ្លាំង​។ លោក​បន្តថា ក្រោយ​បិទទ្វារ​មួយរយៈ​ពេល​ជំងឺ​កូ​វីដ​ផ្ទុះ​ខ្លាំង​អំឡុង​ខែមីនា លោក​សម្រេច​បើកទ្វារ​លក់​វិញ ដោយ​រំពឹង​លើ​ទេសចរ​ក្នុងស្រុក​។ យ៉ាងណា ចំណូល​ពី​ការលក់ដូរ​នេះ​ធ្លាក់ចុះ​ជាខ្លាំង​បើ​ធៀប​នឹង​ពេលមុនៗ​។ លោក​ពន្យល់ថា​៖« ថយចុះ​ខ្លាំង ពីមុន​ថ្មើរនេះ​មាន​ភ្ញៀវ​ច្រើន ទាំង​ភ្ញៀវ​ចិន ជប៉ុន កូរ៉េ ឥឡូវ​ធៀប​ពេលមុន​ឆ្ងាយ​ពីគ្នា​ដាច់ ប្រាក់ចំណូល​វិញ​អាច​ខុសគ្នា​ចូល​ប្រហែល​៧០​ទៅ​៨០​ភាគរយ ព្រោះ​ភ្ញៀវ​ជាតិ​ភាគច្រើន​គាត់​ទិញ​តែ​ភេសជ្ជៈ​ផឹក ចំណាយ​តិច​»​។​


 
​និយាយ​ដោយ​ទឹកមុខ​មិនសូវ​រីករាយ ប៊ុន​ភ្លី រៀបរាប់ថា ការលក់​រាល់ថ្ងៃ​អាច​ត្រឹម​ទប់ទល់​ចំណាយ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ខ្លួន​នៅផ្ទះ​ក៏​មិនដឹង​ធ្វើ​អ្វី ទើប​ចេះតែ​មក​លក់​ដើម្បី​បំបាត់​ការ​អផ្សុក​បាន​ខ្លះ​។ វ័យ​៣៤​ឆ្នាំ អ្នកភូមិ​រហាល​ដែល​បន្ត​អាជីព​ពី​ម្ដាយ​ដែល​ធ្លាប់ជា​អ្នកលក់​នៅ​អង្គរ​តាំងពី​ទ​.​វ​៨០ រៀបរាប់​ទៀតថា វត្តមាន​ទេសចរ​ក្នុងស្រុក​ហាក់​មាន​ចំនួន​ច្រើន​គួរសម ពិសេស​រាល់ថ្ងៃ​ចុង​សប្ដាហ៍ ដែល​គេ​អាច​បាន​ចំណូល​ពី​ការលក់ដូរ​ប្រមាណ​២០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​ខុសគ្នា​ឆ្ងាយ​បើ​ធៀប​នឹង​ចំណូល​មុន​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​
 
​ដៃ​កាន់​ស្គរ​តូច​ឈរ​នៅមុខ​តូប​លក់​គ្រឿង​ភ្លេង និង​ខោអាវ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តូប ប៊ុន​ភ្លី លោក រាជ្យ រ៉ា​ន វ័យ​៣៨​ឆ្នាំ ក៏​រអ៊ូ​ពី​ការបាត់​ចំណូល​ខ្លាំង​ដែរ​។ អ្នកភូមិ​ក្រ​វ៉ាន់​រូបនេះ​ប្រាប់ថា វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ​ធ្វើឱ្យ​ស្ងាត់​ភ្ញៀវ​ខ្លាំង ហើយ​បាន​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ​លោក និង​កំពុង​បារម្ភ​ចំពោះរ​បរជា​ឆ្នាំងបាយ​ធំ​មួយ​នេះ ព្រោះ​លោក​មិនមាន​របរ​អ្វី​ផ្សេង​ដើម្បីរ​កទៀត​ទេ​។ 
 
​លោក សួន ស៊ុន​តារា អ្នករត់​កង់​បី បានបង្ហាញ​ទឹកមុខ​ស្រពោន​ពេល​និយាយ​រៀបរាប់​បញ្ហា​ជីវភាព​។ សព្វថ្ងៃ​លោក តារា ត្រូវ​កាត់បន្ថយ​ការចាយវាយ​ប្រចាំថ្ងៃ ម្យ៉ាងទៀត​លោក​បាន​លក់​របស់​មាន​តម្លៃ​ក្នុង​ខ្លួន​មួយចំនួន​សម្រាប់​ដោះ​ទាល់​ជីវភាព​ប្រចាំថ្ងៃ​។ ជាង​នេះ បុរស​វ័យ​៤២​ឆ្នាំ​ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​រូបនេះ បាន​ខ្ចីប្រាក់​បងប្អូន​មួយចំនួន​ដើម្បី​សង​ធនាគារ​ផងដែរ ដ្បិត​គ្មាន​ចំណូល​នឹងធឹង​ដូចពេលមុន​។​
 
​លោក​រៀបរាប់​ទៀតថា​៖« ប៉ះពាល់​មែនទែន ជំពាក់​លុយ​ធនាគារ គេ​អត់​បាន​ពន្យារ​ទាំងអស់​ទេ គេ​ពន្យារ​តែ​ការ ឯ​ដើម​នៅ​ដដែល ដល់​ចឹ​ង​ឥឡូវ​ខ្ចី​បងអស់​មួយ​ពាន់​ដុល្លារ​យកទៅ​បង់​ធនាគារ​...​លក់​ចិញ្ចៀន ខ្សែដៃ ខ្សែក បង់​ធនាគារ​អស់ហើយ​»​។​
 
​លោក សួន ស៊ុន​តារា ចង់​ដូរ​ទៅធ្វើ​ការ​សំណង់​ដែរ តែ​បារម្ភ​ថៅកែ​មិន​បើកប្រាក់​ឈ្នួល​ឱ្យ ព្រោះ​មានបទពិសោធន៍​ពី​សាច់ញាតិ​ដែល​ធ្លាប់ធ្វើ​កន្លងមក ទើប​នៅ​ប្រឹង​រត់​រ៉ឺម៉ក គ្រាន់​បាន​ចាយវាយ​ប្រចាំថ្ងៃ​។​
 
​ចំណែក​លោក ប៊ុន​ភ្លី វិញ​ក៏​មិនទាន់​ដឹងថា ក្រៅពី​របរ​លក់ដូរ​នៅ​តំបន់​ប្រាសាទ ខ្លួនគេ​អាចធ្វើ​អ្វី​ផ្សេង​បាន​ទៀត​ដែរ ប្រសិនបើ​វិបត្តិ​នេះ​នៅ​បន្តទៅ​វែង​អន្លាយ​ទៀត​។ សព្វថ្ងៃ គ្រួសារ​មួយ​នេះ​ពឹង​ទាំងស្រុង​លើ​ការលក់ដូរ​បន្ដិចបន្ដួច​នៅតាម​ប្រាសាទ​៕




 

Tag:
 កូ​វីដ​១៩
  ទេសចរណ៍​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com