អន្តរជាតិ
ASEAN៖ អនុសញ្ញា UNCLOS​ឆ្នាំ​១៩៨២ គឺជា​មូលដ្ឋាន​នៃ​ការកំណត់​សិទ្ធិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
28, Jun 2020 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ រូបភាព៖ AP
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ រូបភាព៖ AP
​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ របស់​អង្គការសហប្រជាជាតិ​(UNCLOS) ឆ្នាំ​១៩៨២ គួរតែ​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​អធិបតេយ្យ និង​ការអនុវត្ត​សិទ្ធិ​របស់​ប្រទេស​នីមួយៗ នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដែល​បញ្ចេញ​ដោយ​វៀតណាម ប្រធាន​ផ្លាស់​វេន​អាស៊ាន​នៅ​ថ្ងៃទី​២៧ ខែមិថុនា​។

 

 
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ប្រធានបទ​មួយ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៦​។ ថ្នាក់ដឹកនាំ​ប្រទេស​នីមួយៗ បាន​ជំរុញ​ឲ្យ​ប្រទេស​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​តាមច្បាប់​អន្តរជាតិ​។ ទាក់ទិន​នឹង​បញ្ហា​នេះ អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុងការ​ដោះស្រាយ​ជម្លោះ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ភាគី​ជម្លោះ​ជាច្រើន​។ ប្រទេស​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មានដូចជា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ សេចក្តីថ្លែងការណ៍​រប​ស់​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​អះអាង​ជាថ្មី​ថា អនុសញ្ញា UNCLOS ឆ្នាំ​១៩៨២ គឺជា​មូលដ្ឋាន​នៃ​ការកំណត់​ការអនុវត្ត​សិទ្ធិ​លើ​ដែនសមុទ្រ សិទ្ធិ​អធិបតេយ្យ យុត្តាធិការ និង​ផលប្រយោជន៍​ស្របច្បាប់​នៅលើ​តំបន់​ដែនសមុទ្រ​»​។ 
 
​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ ១៩៨២ គឺជា​លិខិតបទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​មួយ ដែល​កំណត់​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​នៅលើ​ដែនសមុទ្រ កំណត់​ពី​ព្រំដែន​សមុទ្រ នាវាចរ តំបន់​នេសាទ និង​ចំណុច​សំខាន់​ជាច្រើន​ទៀត​ទាក់ទិន​សមុទ្រ​។ 
 
​សូមបញ្ជាក់ថា បញ្ហា​ជម្លោះ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​មួយ​ដែល​ស្មុគស្មាញ​ខ្លាំង ដោយសារ​តំបន់​ខ្លះ ត្រូវ​ទាមទារ​ដោយ​ប្រទេស​២ ឬ​៣​ជាន់គ្នា​។ តាមរយៈ​ខ្សែបន្ទាត់​ដិត​ចំនួន​៩ (9 dash line) ចិន​បានទាមទារ​ថា ដែនទឹក​នៅក្នុង​ខ្សែបន្ទាត់​នេះ គឺជា​កម្មសិទ្ធិ​របស់ខ្លួន​៕ 

Tag:
 អាស៊ាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com