ជាតិ
វីដេអូ
សុំ​គេ​រៀន​ធ្វើ​កូនជ្រូក​សន្សំ​មិនបាន​, សុខ​អ៊ាង រៀន​តាម YouTube រហូត​ក្លាយជា​ម្ចាស់​សិប្បកម្ម​ពីរ​កន្លែង​
28, Jun 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ដោយ​មើលឃើញ​ឱកាស​ទីផ្សារ​លក់​កូនជ្រូក​សន្សំ​ប្រាក់​កាកកប និង​ចង់​មាន​មុខរបរ​ផ្ទាល់ខ្លួន​ផង​នោះ យុវជន អាន សុខ​អ៊ាង បាន​សុំ​រៀន​ជំនាញ​ធ្វើ​កូនជ្រូក​សន្សំ​ពី​ម្ចាស់​សិប្បកម្ម​មួយកន្លែង ប៉ុន្តែ ត្រូវបាន​គេ​បដិសេធ​។ ក្រោយ​ការបដិសេធ យុវជន​វ័យ​២៣​ឆ្នាំ រូបនេះ ក៏បាន​ស្រាវជ្រាវ​និង​រៀន​ពី​របៀប​ធ្វើ​កូនជ្រូក​នេះ​តាម YouTube រហូត​អាច​បើក​ជា​សិប្បកម្ម​ផ្ទាល់ខ្លួន ក្រោម​ស្លាក​យីហោ «​សិប្បកម្ម​ពិភព​កូនជ្រូក​សន្សំ​លុយ​» ដែល​ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ MOJO ខាងក្រោម ដូចតទៅ​៖
 
 
​ក្រោយ​ការបដិសេធ​របស់​ម្ចាស់​សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​មួយកន្លែង​ដែល លោក អាន សុខ​អ៊ាង សុំ​គេ​រៀន​កាលពី​៥​ឆ្នាំមុន តែ​ពេលនេះ​លោក អាន សុខ​អ៊ាង បាន​ក្លាយជា​ម្ចាស់​សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​ពីរ​កន្លែង ក្នុង​វ័យ​ត្រឹមតែ​២៣​ឆ្នាំ​ប៉ុណ្ណោះ​។ ដើមឡើយ​លោក អាន សុខ​អ៊ាង បាន​ចំណាយ​រយៈពេល​៥​ថ្ងៃ លើ​ការស្រាវជ្រាវ និង​រៀន​ធ្វើ​កូនជ្រូក​សន្សំ​តាម YouTube ។ លោក អាន សុខ​អ៊ាង បាន​អះអាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ខិតខំ​ស្រាវជ្រាវ​រៀន​តាម YouTube អំពី​វិធីសាស្ត្រ​គេ​បង្រៀន​ធ្វើ​កូនជ្រូក​សន្សំ​។ ដំបូង​ឡើយ ខ្ញុំ​រៀន​ធ្វើ​ពី​ដីឥដ្ឋ នៅពេល​បាន​លទ្ធផល ខ្ញុំ​ក៏​ចាប់​ផ្ដើមធ្វើ​កូនជ្រូក​សន្សំ​ពី​ម្សៅ​កំបោរ ដើម្បី​លក់​»​។​
 
​មូលហេតុ​ដែល សុខ​អ៊ាង ធ្វើ​កូនជ្រូក​សន្សំ ពី​ម្សៅ​កំបោរ ដោយសារ​ម្សៅ​កំបោរ មានតម្លៃ​ធូរ​ថ្លៃ​ជាង ដីឥដ្ឋ និង​វា​មាន​លក្ខណៈពិសេស​ដែល​អាចដាក់​ក្រដាសប្រាក់​បាន​ទាំង​ដុល្លារ និង​ប្រាក់រៀល​។ « កូនជ្រូក​នេះ ដាក់​បាន​ទាំង​លុយ​ដុល្លារ​និង​លុយ​រៀល ប៉ុន្តែ​បើ​ទិញ​ប៉ះចំ​កូនជ្រូក ដែល​គេ​ទើប​ចេះ​ធ្វើ អាច​នឹង​ខូច​លុយ​ដែរ ព្រោះ​វា​ជា​ប្រភេទ​ម្សៅ​កំបោរ បើ​យើង​ចាក់​ម្សៅ​ខុស ធ្វើឱ្យ​កូនជ្រូក​សើម​ខូចគុណភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាន សុខ​អ៊ាង​។​
 
​ចាប់ផ្ដើម​ពី​លក់​កូនជ្រូក​សន្សំ ជា​លក្ខណៈ​គ្រួសារ ម្ចាស់​សិប្បកម្ម​មានបទពិសោធន៍​៥​ឆ្នាំ​រូបនេះ បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន ឱ្យ​ក្លាយជា​សិប្បកម្ម​ដែលមាន​បុគ្គលិក​ប្រមាណ​៤០​នាក់ ហើយ​សព្វថ្ងៃ​សិប្បកម្ម​របស់​យុវជន​វ័យ​២៣​ឆ្នាំ សុខ​អ៊ាង មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ទោះបី​បច្ចុប្បន្ន ប្រព័ន្ធ​ធនាគា​មានការ​រីកចម្រើន​ក៏ពិតមែន ប៉ុន្តែ សុខ​អ៊ាង បាន​អះអាងថា របរ​ផលិត​កូនជ្រូក​សន្សំ​នៅតែ​ត្រូវប៉ាន់​។ ក្នុង​មួយថ្ងៃៗ សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​របស់​យុវជន សុខ​អ៊ាង អាច​ផ្គត់ផ្គង់​កូនជ្រូក​សន្សំ​នៅលើ​ទីផ្សារ​ចំនួន​ប្រមាណ​២០០-៣០០​កូនជ្រូក ហើយ​បរិមាណ​នេះ មិនទាន់​គ្រប់គ្រាន់​បំពេញ​តាម​តម្រូវការ​ទីផ្សារ​បានឡើយ​៕

​ព័ត៌មាន​ពិស្តារ សូម​ចូលទៅ​កាន់  www.thmeythmey25.com 
 

Tag:
 របរ​
  កូនជ្រូក​សន្សំ​
  MoJo
© រក្សាសិទ្ធិដោយ thmeythmey.com