ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​បរិស្ថាន​បង្កើន​ការអប់រំ​ដល់​ពលរដ្ឋ ឱ្យ​ឈប់​ចោល​សំរាម​ក្នុង​បឹង​ទន្លេសាប​
28, Jun 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ កំណើនប្រជាជន​រស់នៅ​ក្នុង​បឹង​ទន្លេសាប មាន​កាន់តែច្រើន ដែលជា​កត្ដា​នាំនូវ​កំណើន​សំរាម​ក្នុង​ទឹក ។ ក្រុម​អ្នក​បរិស្ថាន​បានរៀបចំ​កម្មវិធី​ជាច្រើន ក្នុង​បំណង​ការពារ​ទឹកទន្លេ​សាប​ដែល​គេ​ស្គាល់​ថា​ជា​បឹង​ធម្មជាតិ​ដ៏​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​នេះ​។ យុទ្ធនាការ​បរិស្ថាន​ធ្វើឡើង​ក្នុង​បំណង​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​បរិស្ថាន ក៏មាន​ច្រើន​ដែរ ក្នុង​បំណង​តែ​ម្យ៉ាង​ដើម្បី​សង្គ្រោះ​ទឹកទន្លេ​សាប និង​ការពារ​ប្រព័ន្ធ​ជីវចម្រុះ​។ អ្នក​បរិស្ថាន​យល់ថា មានតែ​ការអប់រំ​តែប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​នាពេល​អនាគត​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ទាំង​អាជ្ញាធរ និង​ក្រុម​អ្នកធ្វើការ​ផ្នែក​បរិស្ថាន មិនបាន​បន្ធូរដៃ​ក្នុង​ផែន​ការចុះ​អប់រំ ផ្សព្វផ្សាយ និង​ការប្រមូល​សំរាម​ទេ ផ្ទុយទៅវិញ ការងារ​នេះ​កាន់តែ​ច្រើនជាង​មុន បំណង​តែ​ម្យ៉ាង ឱ្យ​ពលរដ្ឋ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ សំរាម​ប្លា​ស្ទិ​ក ត្រូវបាន​គេ​ដឹងថា មាន​ហានិភ័យ​ខ្ពស់​ជាងគេ​បើ​ធៀប​នឹង​សំរាម​ដទៃទៀត ដ្បិតថា​វា​មាន​អាយុ​រាប់រយឆ្នាំ​ក្នុង​ភពផែនដី ហើយ​សារធាតុ​របស់​វា​បង្ក​ជា​ជំងឺ​រាប់មិនអស់​ដល់​ជីវិត​មនុស្ស​និង​សត្វ​។​
 
​ទន្លេសាប ជា​បឹង​ធម្មជាតិ​ដ៏​ធំ និង​ផ្តល់​ទិន្នផល​នេសាទ​ច្រើនជាងគេ​នៅ​កម្ពុជា ហើយ​ប្រជាជន​រាប់ម៉ឺន​គ្រួសារ​ដែល​ទទួលផល​ពី​នេះ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បឹង​ទន្លេសាប​កាន់តែ​រាក់ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ហើយ​មួយផ្នែក​គឺ​ក្លាយជា​អាង​រង​កាកសំណល់​ផ្សេងៗ​។ 
 
​តំបន់​ចុង​ឃ្នៀ​ស ត្រូវបាន​គេ​ស្គាល់​ថា មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប និង​មាន​ប្រជាពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ទាំង​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​។ តំបន់​នេះ ត្រូវបាន​ចាត់​ចូល​គោលដៅ​សំខាន់​មួយ​ក្នុង​សកម្មភាព​បរិស្ថាន និង​មាន​ប្រជាពលរដ្ឋ​តិចតួច​យល់ដឹង​បញ្ហា​បរិស្ថាន និង​ទាមទារ​ការអប់រំ​ផ្នែក​នេះ​បន្ថែម​។ ពលរដ្ឋ​ដែល​តែង​បន្ដ​ចោល​សំរាម​ក្នុង​ទឹក គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ និង​យល់ថា បញ្ហា​នេះ​មិន​សំខាន់​សម្រាប់​ការរស់នៅ​ពួកគេ​ទេ​។​
 
​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​២០ មិថុនា នៅ​តំបន់​ចុង​កោះ​ដែល​គេ​ដឹងថា មានព្រៃ​លិច​ទឹក​ស្រស់ស្អាត និង​ជាទី​តាំង​មួយ​សម្រាប់​ការកម្សាន្ត​សម្រាប់​ពលរដ្ឋ​នា​ថ្ងៃ​ចុង​សប្ដាហ៍​។ ដោយសារ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ មាន​ប្រជាពលរដ្ឋ​ជាច្រើន​តែង​ចំណាយ​ពេលវេលា​ទៅ​ទីនោះ ហើយ​សកម្មភាព​នេះ​ក៏បាន​នាំមក​នូវ​បញ្ហា​សំរាម​ផងដែរ​។ កាកសំណល់​អាហារ និង​ដប​កំប៉ុង​ជាច្រើន ត្រូវបាន​ប្រទះឃើញ​ចោល​គ្មាន​សណ្ដាប់ធ្នាប់​នៅក្រោម​ដើមឈើ និង​ក្បែរ​ឆ្នេរ​កោះ​ទឹក​ទន្លេសាប​។​


 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​ផ្តួច​ផ្តើមគំនិត​ក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​រដូវ​ទឹក​ឡើង នៅ​តំបន់​ចុង​ឃ្នៀ​ស​។ នេះ​ជា​យុទ្ធនាការ​ប្រចាំឆ្នាំ ដើម្បី​អបអរ​ការមកដល់​នៃ​រដូវ​ទឹក​ឡើង​បឹង​ទន្លេសាប ហើយ​លើក​នេះ​ការរៀបចំ​ហាក់​ប្លែក​បន្ដិច ដើម្បី​សម្រប​តាម​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​។ អ្នកចូលរួម​រើស​សំរាម​នៅពេលនោះ ត្រូវបាន​តម្រូវ​ឱ្យនៅ​ឆ្ងាយៗ​ពីគ្នា​។ 
 
​យុទ្ធនាការ​នៅពេលនេះ​ដូច​លើក​មុនៗ​ដែរ គឺ​ផ្តោតលើ​សហគមន៍​នៅជាប់​បឹង​ទន្លេសាប ដែល​លើក​នេះ​អង្គការ​ទំពាំង​ស្នង​ឫស្សី​បានជ្រើសរើស​តំបន់​កំពង់​ឃ្លាំង ចុង​ឃ្នៀ​ស និង​សហគមន៍​មេ​ជ្រៃ​សម្រាប់​អនុវត្តន៍​គម្រោង​។ យុទ្ធនាការ​នៅ​សហគមន៍​ចុង​ឃ្នៀ​ស មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​។ នៅ​ទីនោះ ក្រុម​អ្នក​រើស​មាន​ទាំង​អាជ្ញាធរ ប្រជាពលរដ្ឋ យុវជន​ស្ម័គ្រចិត្ត បាន​កាន់កា​រ៉ុង និង​ដ​ង្គា​ប ដើរ​រើស​សំរាម​នៅ​បាត់​ឆ្នេរ​ទន្លេសាប នៃ​ផ្នែក​ខាងចុង​នៃ​បរិវេណ​វត្ត​កោះ​ខ្សាច់​។ ការ​រើស​នៅពេលនោះ ផ្តោតជាសំខាន់​លើ​សំរាម​ប្លា​ស្ទិ​ក​។ ជា​តំបន់​ដែលមាន​ពលរដ្ឋ​នៅ​លេង​ច្រើន​នា​ចុង​សប្ដាហ៍ និង​មាន​ឆ្នេរទន្លេ​ដ៏​ស្រស់ស្អាត ហើយ​ការគ្រប់គ្រង​សំរាម​នៅ​ទីនោះ​មិនទាន់​បានរៀបចំ​នៅឡើយ​។​
 
​បញ្ហា​ប្រឈម​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចោល​សំរាម​មិន​ត្រឹមត្រូវ ត្រូវបាន​អ្នក​បរិស្ថាន​លោក ស៊ា សុផល យល់ថា ដោយសារ​កង្វះ​ការគ្រប់គ្រង និង​ការអប់រំ​។ លោក​មាន​សុទិដ្ឋិនិយម​ថា ពលរដ្ឋ​នឹង​សហការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ប្រសិនបើ​រដ្ឋបាល​ទាំងនោះ​មាន​ផែនការ​អនាម័យ​ត្រឹមត្រូវ​នៅតាម​មូលដ្ឋាន​។​
 
​ចៅសង្កាត់​ចុង​ឃ្នៀ​ស លោក អ៊ុំ ណា​រី បានឱ្យដឹងថា សំរាម​ដែល​មាននៅ​តំបន់​ចុង​កោះ​នេះ​ដោយសារ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​វេច​ខ្ចប់​មិនល្អ បោះចោល​ក្នុង​ទឹក ទី​២​ដោយសារ​ពលរដ្ឋ​មក​កម្សាន្ត​និង​មិនបាន​នាំយក​សំរាម​ទាំងនោះ​ត្រឡប់​ទៅវិញ​។ លោក​ចៅសង្កាត់​កក់​សម្គាល់​ថា កម្រិត​នៃ​ការយល់ដឹង​របស់​ពល​រដ្ឋ​នៅមានកម្រិត ទាមទារ​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ឱ្យ​កាន់តែ​ទូលំទូលាយ​។ 


 
​លោក​ចៅសង្កាត់​ចង់ឱ្យ​ពលរដ្ឋ​យល់​ពី​តម្លៃ​បរិស្ថាន ព្រោះ​បើ​បរិស្ថាន​មិន​ស្អាត វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ទាំងនោះ​ផងដែរ​។ លោក អ៊ុំ ណា​រី បន្ថែមថា សំរាម​ជះឥទ្ធិពល​ទាំង​សុខភាព​ប្រជាជន និង​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​។​
 
​យ៉ាងណាក៏ដោយ ក្រោយ​ធ្វើការ​ជាមួយ​សហគមន៍​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ស៊ា សុផល មើលឃើញថា ប្រជាពលរដ្ឋ​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ឥរិយាបថ​ថ្មី ដោយ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​កាន់តែច្រើន​។ លោក សុផល បាន​លើក​ករណី​ស្ទឹង​សៀមរាប​ដែល​កន្លងមក​អង្គការ​លោក​បានធ្វើការ​ដោយផ្ទាល់​ជាមួយ​រដ្ឋបាល​សង្កាត់​សៀមរាប ដើម្បី​ដោះស្រាយ​សំរាម​កកស្ទះ​ពេញ​ស្ទឹង​នេះ​។ លោក​បន្ថែម​៖« ស្ទឹង​សៀមរាប​ពីមុន​សុទ្ធតែ​សំរាម​ពេញ តែ​ឥឡូវ​អស់ នៅ​តំបន់​មេ​ជ្រៃ​វិញ ពលរដ្ឋ​សប្បាយចិត្ត​ក្នុងការ​ចូលរួម​ដោយសារ​អាជ្ញា​ធរមាន​សេចក្ដីក្លាហាន និង​មានការ​ជំរុញ​ដល់​ពលរដ្ឋ បើ​នៅ​សុខៗ​ឱ្យ​ពលរដ្ឋ​ធ្វើ​គាត់​មិន​ធ្វើ​ទេ​»​។​
 
​យុវជន​ស្ម័គ្រចិត្ត និង​ជា​អ្នកសម្របសម្រួល​យុទ្ធនាការ​រើស​សំរាម​នៅ​សង្កាត់​ចុង​ឃ្នៀ​ស លោក រ៉ា​ន់ ខេមរៈ យល់ថា សំរាម​ធ្វើឱ្យ​បាត់បង់​សម្រស់​ធម្មជាតិ​នៅ​តំបន់​ដែលមាន​មនុស្ស​ទៅលេង​។ ជា​អ្នក​ស្រឡាញ់​ធម្មជាតិ​មួយរូប លោក ខេមរៈ យល់ថា ក្នុងនាម​ជា​យុវជន​ចាំបាច់​ត្រូវ​ចេះ​ឈឺ​ឆ្កា​ល​ជាមួយ​ការងារ​សង្គម ពិសេស​ការងារ​បរិស្ថាន បន្ត​អប់រំ និង​បំផុស​ចលនា​ឱ្យមាន​អ្នក​ស្រឡាញ់​បរិស្ថាន​កាន់តែច្រើន​។ ក្នុងនោះ​យុវជន​រូបនេះ​ក៏​ចង់ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចេះ​ស្រឡាញ់​បរិស្ថាន និង​យល់​ពី​ការមិន​អើពើ​រឿង​ចោល​សំរាម​នេះដែរ​។ លោក​បន្ថែម​៖« យើង​យក​គ្រឿង​ញុំ​ា​ហូបចុក​...​ទាំង​ធ្ងន់​យកទៅ​កន្លែង​លេង ហេតុអ្វី​មកវិញ​អត់​អាច​វេច​ស្ពាយ​មកវិញ​បាន សុំ​សំណូមពរ​ឱ្យ​អ្នក​ទាំងអស់គ្នា​ដែល​ស្រឡាញ់​ធម្មជាតិ​ដូច​ខ្ញុំ ប៉ុន្តែ​ពេល​ទៅលេង​ទីណា​ហើយ​មកវិញ គឺ​ជួយប្រមូល​សំរាម​មកវិញ​ផង ព្រោះ​ឱ្យ​យើង​រើស គឺ​រើស​មិន​អស់​ទេ​សំរាម​ទាំងនោះ ទាល់តែ​លែងមាន​អ្នក​ចោល​សំរាម​»៕




 

Tag:
 សំរាម​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com