ជាតិ
«ឧទ្យានជាតិវីរៈជ័យ» ទីទេសចរណ៍ធម្មជាតិដ៏ត្រកាល ដែលកម្រមានទេសចរទៅដល់ រូបភាពផ្តល់ដោយ លោក ជួន ភិរម្យ អ្នកទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងនៅឧទ្យានជាតិវីរជ័យ កាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០។
×
ដោយ៖ ខន ណារី
ឧទ្យានជាតិវីរៈជ័យ បង្កើតឡើងនៅឆ្នាំ១៩៩៣ មានផ្ទៃដី ៣៣២.៥០០ ហិកតា ដែលលាតសន្ធឹងគ្របដណ្ដប់ខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងរតនគិរី គឺជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ហើយគ្របដណ្ដប់ដោយព្រៃស្រោង និងវាលស្មៅ។
បើតាមលោក លៀម ស៊ូ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទ ថា នៅឧទ្យានជាតិវីរៈជ័យ មានប្រភេទសត្វកម្រជាច្រើនដូចជា ឈ្នូស ប្រើស ជ្រូកព្រៃ សំពោធ កាំប្រម៉ាជាដើម និងរុក្ខជាតិចម្រុះ និងសត្វស្លាបច្រើនប្រភេទផងដែរ។ តាមមន្ត្រីឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យមិនទាន់មានទេសចរច្រើនបានធ្វើដំណើរទៅដល់ទីឋានធម្មជាតិដ៏អស្ចារ្យមួយនេះនៅឡើយទេ។
លោក ជួន ភិរម្យ ជាអ្នកទេសចរម្នាក់ដែលចំណាយ៥ថ្ងៃសម្រាប់ដំណើរកម្សាន្តផ្សងព្រេង នៅឧទ្យានជាតិវីរៈជ័យ ចាប់ពីថ្ងៃទី១៨ មិថុនា ដល់ថ្ងៃ ២២ មិថុនាកន្លងទៅ។ លោក ភិរម្យបានប្រាប់ ThmeyThmey25 តាមទូរសព្ទថា ឧទ្យានជាតិវីរៈជ័យ មានទេសភាពស្អាត មិនចាញ់ភ្នំខ្នងផ្សានោះទេ។ បើតាមអ្នកទេសចររូបនេះ មូលហេតុដែលទេសចរជាតិ មិនសូវទៅកម្សាន្តនៅទីនោះ ទំនងដោយសារកត្តាផ្លូវ និងកត្តាពេលវេលា ហើយភាគច្រើនអ្នកដែលទៅកម្សាន្តនៅឧទ្យានជាតិវីរៈជ័យ គឺជាជនបរទេស។
លោក ជួន ភិរម្យ រៀបរាប់ទៀតថា៖«អ្នកដែលចង់ដំណើរកម្សាន្តទៅឧទ្យានជាតិវីរៈជ័យ គឺត្រូវទាក់ទងទៅមន្ទីរបរិស្ថានខេត្តរតនគិរីជាមុនសិន ដើម្បីចុះឈ្មោះ បន្ទាប់មកពេលទៅដល់ទីនោះ ត្រូវបង់សេវាជូនមន្ទីរបរិស្ថានក្នុងមួយថ្ងៃ ២០.០០០រៀល សម្រាប់មនុស្សម្នាក់។ យើងនៅទីនោះ ៣ថ្ងៃ ត្រូវអស់ ៦០.០០០រៀលក្នុងម្នាក់»។
ដើម្បីធ្វើដំណើរទៅឧទ្យានជាតិវីរៈជ័យ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ ១៥គីឡូម៉ែត្រ ពីស្រុកតាវែង ទៅដល់ភូមិមណ្ឌលយ៉ន ដែលអ្នកទេសចរត្រូវឆ្លងកាត់ ទន្លេសេសាន និងអូរតាបូក។ ហើយអ្នកទេសចរ ត្រូវត្រៀមនូវសម្ភារមួយចំនួនដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន បើគិតជាទម្ងន់ពី ១០-១២គីឡូ ដើម្បីជៀសវាងការដាក់សម្ភារលើទម្ងន់ នឹងធ្វើឲ្យអ្នកទេសចរ ពិបាកក្នុងការធ្វើដំណើរ៕
រូបភាពផ្តល់ដោយ លោក ជួន ភិរម្យ អ្នកទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងនៅឧទ្យានជាតិវីរជ័យ កាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០៖
© រក្សាសិទ្ធិដោយ thmeythmey.com