ជាតិ
ត្រយ៉ងចង្កំកស ប្រមាណ៦០០ក្បាល ឬ៩៥ភាគរយ មានវត្តមាននៅកម្ពុជា រូបភាព ក្រសួងបរិស្ថាន
×
ដោយ៖ ខន ណារី
កម្ពុជាមាន សត្វត្រយ៉ងចង្កំកស ៦០០ក្បាល ឬប្រមាណ៩៥ភាគរយ នៃត្រយ៉ងចង្កំកសដែលមានវត្តនៅទូទាំងពិភពលោក។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ និងក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យលើការអនុវត្តគម្រោងការពារ និងអភិរក្សសត្វព្រៃ របស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី ៩-១០ មិថុនា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ បានបញ្ជាក់ថា កម្ពុជា ជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោក សម្រាប់សត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស ដែលជាប្រភេទសត្វជិតផុតពុជនៅលើដែនដី។
នេះគឺមោទកភាពសម្រាប់កម្ពុជាដែរ ដែលមានវត្តមានសត្វកម្រៗទាំងនេះ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រនេះ ឲ្យបានគង់វង្ស ដើម្បីទុកសម្រាប់មនុស្សមនុស្សជំនាន់ក្រោយ។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យដដែល។
នៅក្នុងដំណើរទស្សកិច្ចកាលពីដើមខែមិថុនានោះ លោក នេត្រ ភក្ត្រា បានកោតសរសើរអង្គការ WCS ថាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារ និងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស។
លក្ខណៈរបស់សត្វត្រយ៉ងចង្កំកស ខុសពីត្រយ៉ងយក្ស ដោយនៅកវាមានចង្កំពណ៌ស។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់ក្រសួងបរិស្ថាន។ ប្រភពដដែល បញ្ជាក់ថា សត្វត្រយ៉ងយក្ស ត្រូវបានកំណត់ដោយព្រះរាជក្រឹត ថាជាសត្វស្លាប និមិត្តសញ្ញាជាតិរបស់កម្ពុជានៅឆ្នាំ ២០០៥ ហើយសត្វត្រយ៉ងយក្ស ជាសត្វរងគ្រោះបំផុតជិតផុតពូជ ដែលត្រូវបានការពារដោយច្បាប់របស់កម្ពុជា។
សត្វត្រយ៉ងយក្ស ក៏ជាសត្វរងគ្រោះបំផុតនៅលើពិភពលោកដែរ។ ហើយនៅកម្ពុជា មានសត្វត្រយ៉ងយក្សប្រមាណ ៣០០ក្បាលស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោក ក្នុងនោះត្រយ៉ងពេញវ័យមានក្រោម ២០០ក្បាល។ ចំណែកសត្វត្រយ៉ងចង្កំកស មានប្រមាណ ៦០០ក្បាល ដែលស្មើនឹង ៩៥% នៃសត្វត្រយ៉ងចង្កំកសនៅលើពិភពលោក។ នេះបើតាមជំរឿនសត្វត្រយ៉ង របស់អង្កការដៃគូនានានៃក្រសួងបរិស្ថាន៕
ត្រយ៉ងចង្កំកស(ក្រសួងបរិស្ថាន)៖
Tag:
សត្វត្រយ៉ងចង្កំកស
សត្វត្រយ៉ងយក្ស
© រក្សាសិទ្ធិដោយ thmeythmey.com