ពលរដ្ឋ​មាន​សិទ្ធិ​ថត និង​ប្ដឹង បើ​នគរបាល​ចរាចរណ៍​ពិន័យ​ខុស​គោលការណ៍
ជាតិ
ពលរដ្ឋ​មាន​សិទ្ធិ​ថត និង​ប្ដឹង បើ​នគរបាល​ចរាចរណ៍​ពិន័យ​ខុស​គោលការណ៍
29, Jun 2020 , 8:29 am        
រូបភាព
សកម្មភាពមន្រី្តនគរបាលចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
សកម្មភាពមន្រី្តនគរបាលចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
​ភ្នំពេញ​៖ លោក ហ៊ាង សុទ្ធា​យុ​ត្តិ​អ្នក នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពលរដ្ឋ មាន​សិទ្ធិ​ថត និង​ប្ដឹង​នគរបាល​ចរាចរណ៍​ទៅ​តុលាការ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី ឬ​មិន​សុខចិត្ត ពាក់ព័ន្ធ​នឹង​ការពិន័យ​បទល្មើស​ចរាចរណ៍​រប​ស់​នគរបាល​។

 
​ដ្បិត​បាន​បើកដៃ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​តតាំង​ជាមួយ​នគរបាល​ក្តី ប៉ុន្តែ លោក ហ៊ាង សុទ្ធា​យុ​ត្តិ ក៏​អះអាង​ដែរ​ថា​ពលរដ្ឋ​ត្រូវតែចេះ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្បាស់ ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ងាយ​ជជែក ជាមួយ​នគរបាល​ដែល​ប្រព្រឹត្តិ​ខុស​គោលការណ៍ ឬ​ឆ្លៀតឱកាស​រកប្រាក់​ចូល​ហោប៉ៅ​ខ្លួន​នោះ​។ លោក បញ្ជាក់ថា​៖ «​ពលរដ្ឋ​ត្រូវ​ដឹង​ច្បាប់​ច​រារ​ចរណ៍​ឲ្យ​ច្បាស់ ពេល​នគរបាល​ណា​ខុស គឺ​យើង​ដឹង ហើយ​អាចមាន​សិទ្ធ​ថត និង​ប្ដឹង​បាន​។ ហើយ​បើ​ពលរដ្ឋ​មិន​ពេញចិត្ត រាល់​ការផ្អាក​របស់​នគរបាល អាចមាន​សិទ្ធ​ថត ប្ដឹង និង​កត់​ឈ្មោះ​។ សំខាន់​ឲ្យ​តែ​ស្គាល់ឈ្មោះ​នគរបាល និង​អង្គភាព ហើយ​តុលាការ ជា​អ្នករក​ខុសត្រូវ​ឲ្យ​តាមច្បាប់​»​។​
 
​ទន្ទឹមនឹងនេះ ពលរដ្ឋ​ក៏​អាច​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​នៃ​អង្គភាព​នគរបាល​បានដែរ បើ​ឃើញ​នគរបាល​ណា​ម្នាក់ អនុវត្ត​ខុសច្បាប់ ដើម្បី​ឲ្យ​ថ្នាក់លើ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន ឬ​ចាត់វិធានការ​តាម​គោលការណ៍​ស្ថាប័ន​។ នេះ​បើតាម លោក ហ៊ាង សុទ្ធា​យុ​ត្តិ​។​
​នគរបាល​ចរាចរណ៍ បានចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជាថ្មី ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​។ គិតពី​ថ្ងៃទី​១ ឧសភា មកដល់​ចុងខែ​មិថុនា​នេះ មាន​យានយន្ត​សរុប​ជាង ៧​ម៉ឺន​គ្រឿង ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់​ផាកពិន័យ ក្នុងនោះ​មាន​ទោចក្រយាន និង​ត្រីចក្រយានយន្ត​ជាង​៥​ម៉ឺន​គ្រឿង​។ ដោយឡែក ក្នុង​ខែមិថុនា​នេះ គិតពី​ទី​១ ដល់ទី​២៦​មិថុនា​នគរបាល​ឃាត់​បាន​យានយន្ត​ល្មើស ជិត​៣​ម៉ឺន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ជាង ២.១ ម៉ឺន​គ្រឿង​។​
 
​ជុំវិញ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះដែរ នៅក្នុង​ខែឧសភា មាន​នគរបាល​ចរាច​រណ៍​៥​រូប ត្រូវបាន​ដកតំណែង និង​ផ្អាក​ការងារ​បណ្តោះ​អា​ស្ន្ន ដោយសារតែ​មិន​ធ្វើការ​គោលការណ៍​ណែនាំ ពេល​ចុះ​ប្រតិបត្តិការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​៕
 
 

Tag:
 ចរាចរណ៍​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម