ជាតិ
ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់
29, Jun 2020 , 8:59 am        
រូបភាព
រូបភាពពី រដ្ឋបាលខេត្តសៀមរាប
រូបភាពពី រដ្ឋបាលខេត្តសៀមរាប
​ដោយ​៖ ខន ណា​រី​
 
​មុខរបរ​ធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ របស់​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ពលរដ្ឋ​ព្រះ​ដាក់ បាន​បន្ត​របរ​ប្រពៃណី​មួយ​នេះ រហូតមកដល់​ទល់​ស​ព្វ​ថ្ងៃ ដែល​បច្ចុប្បន្ន​គឺជា​របរ​អាជីព​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។

 
​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​បាន​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ឆ្លងកាត់​ភូមិ​នំ​បញ្ចុក​នេះ កាលពី​ថ្ងៃទី ២៥ ខែ មិថុនា បាន​កោតសរសើរ​អ្នកភូមិ​ព្រះ​ដាក់​មិន​ដាច់​ពី​មាត់ ចំពោះ​នំ​បញ្ចុក​ប្រកបដោយ​អនាម័យ​របស់​ពួកគាត់​។ មិនតែប៉ុណ្ណោះ អ្នកភូមិ​បានរួម​ចំណែក​ធំធេង ក្នុងការ​បង្ហាញ​វិធី​ធ្វើ​នំ​បញ្ចុក ទៅកាន់​ពិភពលោក​ផងដែរ​។ 
 
 លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា របរ​ធ្វើ​នំ​បញ្ចុក​នេះ  បាន​ជួយ​លើកកម្ពស់​ជីវភាព​មួយផ្នែក​របស់​ពលរដ្ឋ ក្នុងពេលដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ងាក​មក​ការងារ​ធ្វើស្រែ​ចម្ការ និង​បង្កបង្កើនផល​វិញ លោក ទៀ សីហា បានស្នើ​ឲ្យ​ប្រជាកសិករ បង្កបង្កើន​ដោយ​គោរព​ទៅតាម​បច្ចេកទេស​កសិកម្ម ដើម្បី​ធានា​គុណភាព​ដីស្រែ​កុំ​ឲ្យ​រីក​រឹល ឬ​ខ្សោះ​ជីវជាតិ ដែល​នាំ​ឲ្យ​ទ​ន្និ​ផល​ស្រូវ​ធ្លាក់ចុះ​។ លោក​អភិបាលខេត្ត បានស្នើ​ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ឲ្យ​យកចិត្តទុកដាក់​រក​ទីផ្សារ​លក់​កសិផល ជូន​ប្រជាកសិករ​ផងដែរ​៕  
 
រូបភាពពី រដ្ឋបាលខេត្តសៀមរាប៖









Tag:
 នំ​បញ្ចុក​
© រក្សាសិទ្ធិដោយ thmeythmey.com