COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ទទូច​ឲ្យ​សមាជិក​អាស៊ាន​ជួយ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
29, Jun 2020 , 9:40 am        
រូបភាព
រូបភាព Anadoulu Agency
រូបភាព Anadoulu Agency
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី បានស្នើ​ឲ្យ​សមាជិក​អាស៊ាន​ជួយ​ស្វែងរក​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​មី​យ៉ាន់​ម៉ា និង​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ សម្រាប់​ម៉ាឡេស៊ី ទោះបី​ខ្លួន​មិនមែនជា​ភាគី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ក៏ដោយ ម៉ាឡេស៊ី ក៏​មិនអាច​មិន​អើពើ​ចំពោះ​ជនភៀសខ្លួន​បានឡើយ​។ ក៏ប៉ុន្តែ​ការអន្តរាគមន៍​របស់​ម៉ាឡេស៊ី ក៏មាន​ដែន​កំណត់​ដែរ​។

 
​តាមរយៈ​វេទិកា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ នៅ​ថ្ងៃ​២៦ មិថុនា​កន្លងទៅ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី លោក Muhyiddin Yassin បាន​លើកឡើងថា ប្រទេស​សមាជិក​អាស៊ាន គួរតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាង​នេះ ក្នុង​ការជួយ​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ហើយ​មី​យ៉ាន់​ម៉ា ក៏​គួរតែ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ឲ្យ​បាន​ច្រើនជាង​នេះ​ផងដែរ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Anadoulu News នា​វេទិកា​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ ថា ម៉ាឡេស៊ី មិនអាច​ទទួល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បាន​តទៅទៀត​ឡើយ ដ្បិត​ប្រទេស​កំពុងតែ​រង​នូវ សម្ពាធ​សេដ្ឋកិច្ច ក៏ដូចជា​ធនធាន ដែល​បណ្តាលមកពី​វីរុស​រាតត្បាត Covid-19​។ លោក ថា កន្លងមក ម៉ាឡេស៊ី បានផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅកាន់​ក្រុម​ជនភៀសខ្លួន​ច្រើន​មកហើយ ក៏ប៉ុន្តែ​ក្នុងស្ថានភាព​នេះ ម៉ាឡេស៊ី មិនអាច​ធ្វើបាន​រហូត​ឡើយ​។​
 
​គួរ​រម្លឹក​បន្តិច​ថា គិត​ចាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន តំបន់​ភាគ​ខាងជើង​របស់​មី​យ៉ាន់​ម៉ា​នៅ​ចុងឆ្នាំ​២០១៧​មក មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជាង​កន្លះ​លាន​នាក់ បាន​ចាក​ចេញពី​ប្រទេស​ទៅកាន់​បណ្តា​ប្រទេសជិតខាង​។ ខណៈ​មិនទាន់មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ថ្មីៗ​នេះ មាន​ជនភៀសខ្លួន​រាប់រយ​នាក់ បានធ្វើ​ដំណើរ​តាម​ទូក​នេសាទ​ទៅកាន់​ម៉ាឡេស៊ី ហើយក៏​ត្រូវបាន​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ឃាត់ខ្លួន និង​បញ្ជូន​ទៅវិញ ដោយសារតែ​ខ្លាច​មាន​ឆ្លង​វីរុស Covid-19​។​
 
​ជុំវិញ​បញ្ហា​នេះ អាស៊ាន ទំនងជា​មិនអាច​ជួយ​អ្វី​បាន​ច្រើនជាង​នេះឡើយ ដ្បិត​អាស៊ាន មាន​គោលការណ៍​មួយ គឺ​ការមិន​ត្រូវ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​ណាមួយ​ឡើយ ទោះបីជា​បញ្ហា​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ ចាត់ទុកជា​វិបត្តិ​មនុស្សជាតិ​សកល និង​ថែមទាំង​អាច​ក្លាយជា​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍​ដែលមាន​អ្នកចូលរួម​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​ទៀតផង​នោះ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com