COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទូចឲ្យសមាជិកអាស៊ានជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា រូបភាព Anadoulu Agency
× រដ្ឋាភិបាលម៉ាឡេស៊ី បានស្នើឲ្យសមាជិកអាស៊ានជួយស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពសម្រាប់មីយ៉ាន់ម៉ា និងជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ សម្រាប់ម៉ាឡេស៊ី ទោះបីខ្លួនមិនមែនជាភាគីនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងជនភៀសខ្លួនក៏ដោយ ម៉ាឡេស៊ី ក៏មិនអាចមិនអើពើចំពោះជនភៀសខ្លួនបានឡើយ។ ក៏ប៉ុន្តែការអន្តរាគមន៍របស់ម៉ាឡេស៊ី ក៏មានដែនកំណត់ដែរ។
តាមរយៈវេទិកាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃ២៦ មិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក Muhyiddin Yassin បានលើកឡើងថា ប្រទេសសមាជិកអាស៊ាន គួរតែមានកិច្ចសហប្រតិបត្តិការល្អប្រសើរជាងនេះ ក្នុងការជួយមីយ៉ាន់ម៉ា ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា ហើយមីយ៉ាន់ម៉ា ក៏គួរតែប្រឹងប្រែងដោយខ្លួនឯងឲ្យបានច្រើនជាងនេះផងដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Anadoulu News នាវេទិកាដដែលនោះ លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ ថា ម៉ាឡេស៊ី មិនអាចទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានតទៅទៀតឡើយ ដ្បិតប្រទេសកំពុងតែរងនូវ សម្ពាធសេដ្ឋកិច្ច ក៏ដូចជាធនធាន ដែលបណ្តាលមកពីវីរុសរាតត្បាត Covid-19។ លោក ថា កន្លងមក ម៉ាឡេស៊ី បានផ្តល់ជំនួយមនុស្សធម៌ទៅកាន់ក្រុមជនភៀសខ្លួនច្រើនមកហើយ ក៏ប៉ុន្តែក្នុងស្ថានភាពនេះ ម៉ាឡេស៊ី មិនអាចធ្វើបានរហូតឡើយ។
គួររម្លឹកបន្តិចថា គិតចាប់ពីមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមឧទ្ទាមនៅក្នុងរដ្ឋរ៉ាខាន តំបន់ភាគខាងជើងរបស់មីយ៉ាន់ម៉ានៅចុងឆ្នាំ២០១៧មក មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណជាងកន្លះលាននាក់ បានចាកចេញពីប្រទេសទៅកាន់បណ្តាប្រទេសជិតខាង។ ខណៈមិនទាន់មានដំណោះស្រាយពីរដ្ឋាភិបាល ថ្មីៗនេះ មានជនភៀសខ្លួនរាប់រយនាក់ បានធ្វើដំណើរតាមទូកនេសាទទៅកាន់ម៉ាឡេស៊ី ហើយក៏ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា ឃាត់ខ្លួន និងបញ្ជូនទៅវិញ ដោយសារតែខ្លាចមានឆ្លងវីរុស Covid-19។
ជុំវិញបញ្ហានេះ អាស៊ាន ទំនងជាមិនអាចជួយអ្វីបានច្រើនជាងនេះឡើយ ដ្បិតអាស៊ាន មានគោលការណ៍មួយ គឺការមិនត្រូវជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់រដ្ឋសមាជិកណាមួយឡើយ ទោះបីជាបញ្ហានេះ ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកជាវិបត្តិមនុស្សជាតិសកល និងថែមទាំងអាចក្លាយជាបទឧក្រិដ្ឋប្រល័យពូជសាសន៍ដែលមានអ្នកចូលរួមពាក់ព័ន្ធជាប្រព័ន្ធទៀតផងនោះ៕
Tag:
ម៉ាឡេស៊ី
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com