COVID-19
អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី គំរាម​រុះរើ​រដ្ឋាភិបាល ព្រោះ​មន្ត្រី​ស្ពឹក​ស្រពន់​ក្នុងការ​ដោះស្រាយ COVID-19
29, Jun 2020 , 10:24 am        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​គំរាម​រុះរើ​គណៈរដ្ឋមន្ត្រី ឬក៏​រំសាយ​ស្ថាប័នរដ្ឋ​ចោល​ខ្លះ ក្រោម​ហេតុផល​ថា ស្ពឹក​ស្រពន់​មិនបាន​ដោះស្រាយ​បញ្ហា COVID-19 ឲ្យ​បានល្អ​។ ខណៈ​ឥណ្ឌូណេស៊ី ជា​ប្រទេស​រងគ្រោះ​ដោយ​ស្រាយ COVID-19 ខ្លាំងជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក វី​ដូ​ដូ និយាយថា មន្ត្រី​របស់លោក​ខ្លះ ធ្វើការ​ដូច​មិន​មានរឿង​អ្វី​កើតឡើង​ក្នុងប្រទេស​សោះ​។​

 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមិថុនា ឥណ្ឌូណេស៊ី​មាន​ឆ្លង​ជំងឺ COVID0-19 ជិត​៥​ម៉ឺន​៥​ពាន់​នាក់ ក្នុងនោះ​ស្លាប់​ចំនួន​២៧៥៤​នាក់​។ តួលេខ​នេះ ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​មាន COVID-19 ច្រើនជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅ​លំដាប់​ទី​ពីរ​នៅ​អាស៊ី​ប៉ែក​ខាងកើត​បន្ទាប់​ចិន​។​
 
​ជាមួយនឹង​ស្ថានភាព​ធ្ងន់ធ្ងរ​បែបនេះ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បានបង្ហាញ​ការមិន​ពេញ​ចំពោះ​មន្ត្រី​របស់លោក​ដែល​ហាក់​ស្ពឹក​ស្រពន់​ក្នុងការ​ដោះស្រាយ​ដ៏​ធំ​មួយ​នេះ​។ ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក វី​ដូ​ដូ បាន​គំរាម​ដោះដូរ​មន្ត្រី ឬក៏​អាច​ឈានដល់​ការលុបចោល​អង្គភាព​ខ្លះ​ដែល​លោក​យល់ថា មិនបាន​បំពេញការងារ​ឲ្យ​បាន​ពេញលេញ​សមស្រប​តាម​ស្ថានការណ៍​ក្នុងស្រុក​ទេស​ដែល​រួមរឹត​ដោយ​ជំងឺឆ្លង COVID-19 ។​
 
«​ខ្ញុំ​ឃើញ​មន្ត្រី​ជាច្រើន​នៅ​ធ្វើការ​ដូចជា​អ្វីៗ​ដំណើរការ​ធម្មតា​។ វា​ពិតជា​រំខាន​ខ្ញុំ​។ តើ​អ្នក​គ្មាន​អារម្មណ៍​ទេ​ឬ​? នេះ​ជា​វិបត្តិ​មួយ​។​» លោក វី​ដូ​ដូ និយាយ​បែបនេះ​អំឡុងពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ពាក់កណ្ដាល​ខែ​នេះ​។ លោក បន្ថែមថា លោក​នឹង​ចាត់វិធានការ​ដើម្បី​ប្រជាជន​ទាំង​ជិត​២៧០​លាន​នាក់ និង​ដើម្បី​ឥណ្ឌូណេស៊ី​ផងដែរ​។ ក្រៅពី​ការរុះរើ​រដ្ឋាភិបាល មេដឹកនាំ​ឥណ្ឌូណេស៊ី​រូបនេះ ក៏​គំរាម​ដាក់​វិធានការ​បន្ទាប់​ថែមទៀត បើសិន​ចាំបាច់​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រជាជន រដ្ឋាភិបាល​លោក វី​ដូ​ដូ បាន​សន្យា​បញ្ចេញ​លុយ​ជិត​៥០​ពាន់​លាន​ដុល្លារ​ក្រោមរូបភាព​ជាការ​ពង្រឹង​សុខាភិបាល​សាធារណៈ ការផ្ដល់​ជំនួយ​សង្គ្រោះ និង​ការពារ​សង្គម​ជាដើម​។ ប៉ុន្តែ​លោក មិន​សប្បាយ​ឡើយ ព្រោះ​ស្ថាប័នរដ្ឋ​មានការ​ចំណាយ​យឺតយ៉ាវ​ទាំង​ក្នុង​កាលៈទេសៈ​លំបាក​បែបនេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បញ្ជាក់ថា សេដ្ឋកិច្ច​ប្រទេស​នេះ​ទំនង​ធ្លាក់ចូល​វិបត្តិ​ក្នុងឆ្នាំនេះ ព្រោះ COVID-19 ជះឥទ្ធិពល​ខ្លាំង​។ ប្រជាជន​ឥណ្ឌូណេស៊ី​រាប់លាន​នាក់ នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ផងដែរ​៕  

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com