ដឹង​ទេ​? ឈប់​ញ៊ាំ​សាច់​កែច្នៃ ហើយ​ផល​ល្អៗ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ដឹង​ទេ​? ឈប់​ញ៊ាំ​សាច់​កែច្នៃ ហើយ​ផល​ល្អៗ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​
30, Jun 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សាច់​កែច្នៃ​រួមមាន​សាច់ក្រក ហ​ត​ដក និង​សាច់​ដែល​គេ​កែច្នៃ​ទុកឱ្យ​បានយូរ​ត្រូវបាន​បន្ថែម​សារធាតុ​គីមី​ផ្សេងៗ​រួម​នឹង​អំបិល​ជាដើម​។ សាច់​ប្រភេទ​នេះ​អាចមាន​រសជាតិ​ឆ្ងាញ់​និង​ងាយ​រក​ទិញ​បាន ប៉ុន្តែ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​និង​សម្រស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​ដែល​អាច​កើតឡើង​នៅពេល​អ្នក​ឈប់​ញ៊ាំ​សាច់​កែច្នៃ ៖

 
១. សម្ពាធ​ឈាម​ប្រក្រតី​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លើស​សម្ពាធ​ឈាម​នៅពេល​ទទួលទាន​ច្រើន ហើយ​ជាប្រចាំ​។ អ្នកជំងឺ​លើស​សម្ពាធ​ឈាម​មិនគួរ​ទទួលទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​លើសពី ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ ប្រសិនបើ​មិន​ចង់ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។ ក្រៅពី​កម្រិត ឬ​ឈប់​ទទួលទាន​សាច់​កែច្នៃ​និង​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​នោះ​អ្វី​ផ្សេងទៀត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​រក្សា​សម្ពាធ​ឈាម​ប្រក្រតី គឺ​ការជ្រើសរើស​របប​អាហារ​សុខភាព​ល្អ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​
 
២. ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹងត្រូវ​ថយចុះ​
 
​ក្រៅពី​មាន​ផ្ទុក​សារធាតុ nitrates ដែល​បង្កបញ្ហា​នៃ​ជំងឺមហារីក​ហើយ​នោះ​សាច់​កែច្នៃ​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​មិនល្អ​និង​ជាតិ​ប្រៃ​ខ្ពស់​ដែល​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​បេះដូង​។ ម្យ៉ាងវិញទៀត​ដូច​បានលើកឡើង​ក្នុង​ចំណុច​ខាងលើ គឺ​សាច់​កែច្នៃ​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែលជា​កត្តា​ចម្បង​មួយ​ដែល​បង្កបញ្ហា​ជំងឺ​បេះដូង​។ ដូច្នេះហើយ​ទើប​ការកម្រិត ឬ​ឈប់​ទទួលទាន​សាច់​កែច្នៃ​តែម្ដង​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៣. ហានិភ័យ​នៃ​ជំងឺមហារីក​ក៏​ត្រូវបាន​កាត់បន្ថយ​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​សាច់​កែច្នៃ​ច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល ខ្លាញ់​មិនល្អ និង​សារធាតុ​រក្សាទុក​បានយូ​រ​ដែល​សុទ្ធសឹងតែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ក៏ដូចជា​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​គួរឱ្យ​បារម្ភ​? ដូច្នេះ​ការកម្រិត ឬ​ឈប់​ទទួលទាន​សាច់​កែច្នៃ​ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បានដែរ ពិសេស គឺ​ជំងឺមហារីក​ពោះវៀនធំ​។​
 
៤. សុខភាព​ខួរក្បាល​ល្អប្រសើរ​
 
​ពិតណាស់​ជាតិ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​កោសិកា​ខួរក្បាល ប៉ុន្តែ​មិនល្អ​សោះឡើយ​ប្រសិនបើ​វា​មាន​ប្រភព​ចេញពី​អាហារ ឬ​សាច់​កែច្នៃ​។ អាហារ​កែច្នៃ​ច្រើន​តែមាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បង្ក​ការ​រលាក​និង​បំផ្លាញ​ដល់​កោសិកា​ខួរក្បាល​។ ដូច្នេះ​ការកម្រិត ឬ​បញ្ឈប់​ការទទួល​ទាន​សាច់​កែច្នៃ​ពិតជា​អាច​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com