បណ្ដាំ​ធនញ្ជ័យ​៖ សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី បើ​ស្ល​ក្បាល​ត្រី​សណ្តាយ កុំ​ភ្លេច​ដាក់​ម្ជូរសណ្ដាន់​
ជាតិ
បណ្ដាំ​ធនញ្ជ័យ​៖ សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី បើ​ស្ល​ក្បាល​ត្រី​សណ្តាយ កុំ​ភ្លេច​ដាក់​ម្ជូរសណ្ដាន់​
29, Jun 2020 , 9:19 pm        
រូបភាព
​ត្រី​ព្រួល​។ រូបភាព​៖ ឈុត ឈា​ណា​
​ត្រី​ព្រួល​។ រូបភាព​៖ ឈុត ឈា​ណា​
​នៅក្នុង​ពាក្យ​បណ្តាំ​របស់​អ្នកប្រាជ្ញ​ខ្មែរ «​ធនញ្ជ័យ​» បាន​យក​ត្រី​បី​ប្រភេទ មាន​ត្រី​ព្រួល ត្រី​ប្រា និង​ត្រី​សណ្តាយ មក​ធ្វើជា «​ប្រស្នា​» ថ្វាយ​ព្រះរាជ ដោយមាន​សេចក្តី​ថា​៖ «​បើ​សោយ​ត្រី​ព្រួល កុំ​ចោល​ស្រកា បើ​សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី បើ​ស្ល​ក្បាល​ត្រី​សណ្តាយ កុំ​ភ្លេច​ដាក់​ម្ជូរសណ្ដាន់​»​។​

 
​ពាក្យ​ថា​៖ «​សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា​» ក្នុងន័យ​ត្រង់ គឺ​ត្រី​ព្រួល អាចរ​ស់បាន​ដោយសារ​ស្រកា​។ ស្រកា​ជា​គ្រឿង​បិទបាំង​រាងកាយ​របស់​ត្រី​។ នៅក្នុង​ន័យ​បង្កប់ ស្រកា គឺ​ប្រៀបបាន​ដូចជា​ប្រជារាស្ដ្រ ដែល​នៅ​ជុំវិញ​អ្នកដឹកនាំ ដែលមាន​គុណធម៌​។ ចំណែក​ន័យ​បង្កប់​មួយទៀត​គឺ បើសិនជា​មិន​ចង់​ឲ្យ​អំណាច​ដឹកនាំ​របស់ខ្លួន​ប្រែប្រួល​ទេ គ្រប់​អ្នកដឹកនាំ ត្រូវ​គិត​ប្រយោជន៍​ស្រកា នោះ​គឺ​គិត​ប្រជារាស្ដ្រ​ជាធំ​។ រាស្ដ្រ​អាច​លើក​បុគ្គល​ម្នាក់​ឲ្យ​ធ្វើជា​អ្នកដឹកនាំ​បាន ហើយក៏​អាច​រុះរើ​ទម្លាយ​នូវ​អំណាច​អ្នកដឹកនាំ​នោះ ឲ្យ​ប្រែប្រួល​ក្រឡាប់ចាក់​បានដែរ​។ 
​សូមបញ្ជាក់ថា «​ត្រី​ព្រួល​» គឺជា​ត្រី​មាន​ស្រកា​មួយ​ប្រភេទ សម្បុរ​ស មានឈ្មោះ​វិទ្យាសាស្ត្រ (Cirrhinus microlepis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Small scale mud carp មាន​ប្រវែង​ដងខ្លួន​អតិបរមា ៦៥​ស​.​ម​។ វា​រស់នៅក្នុង​ទន្លេធំៗ បឹង​ទន្លេសាប និង​តំបន់​វាលទំនាប​លិច​ទឹក​ផងដែរ​។ 
 
​ចំពោះ​ពាក្យ​ថា​៖ «​សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី​»​។ ក្នុងន័យ​ត្រង់ ស្រកី​គឺ​នៅ​នឹង​ក្បាល​។ ស្រកី ចាត់ទុកជា​ច្រមុះ​សម្រាប់​ដកដង្ហើម​។ ន័យ​បង្កប់​ទីមួយ​មានន័យថា​៖ «​នគរ​មួយ​អាចរ​ស់បាន​ដោយ​ឯករាជ្យ ត្រូវ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​»​។ សេដ្ឋកិច្ច ជា​ភាពខ្លាំង​របស់​នគរ​នីមួយៗ ឬ​ដូចជា​គ្រួសារ​មួយ អាចមាន​ភាពសុខដុមរមនា​ទៅបាន​នោះ គឺ​ស្ត្រី​ជា​អ្នក​ផ្តុំ​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​ឲ្យ​គង់វង្ស​។ ពាក្យ​ថា​៖ «​ស្រកី​» គឺ​បានមកពី​ពា្យ​គន្លាស់​ថា​៖ «​ស្រី ក​» មានន័យថា​៖ «​បើ​ស្រី​ក​ទុក្ខ នោះ​នឹង​បាន​ទុក្ខ បើ​ស្រី​កសុខ នោះ​នឹង​បាន​សុខ និង​សុភមង្គល​»​។ 
​ចំណែក​ន័យ​បង្កប់​ទី​ពីរ មានន័យថា​៖ «​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​ជាតិ​មួយ អាច​រីកចម្រើន​ទៅបាន អ្នកដឹកនាំ​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង (​ឲ្យ​ដឹង​សុខទុក្ខ​) ពី​ថ្នាក់ក្រោម​ទៅលើ ពី​តូច​ទៅ​ធំ ពី​ទាប​ទៅ​ខ្ពស់ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដើម្បី​ចម្រាញ់ និង​នាំយក​នូវ​អ្វីដែល​ថ្មី និង​ជឿនលឿន​យកមក​កសាង​ជាតិ​មាតុភូមិ​របស់ខ្លួន​ឲ្យ​បាន​រីកចម្រើន ដូច​ន័យ​ប្រស្នា​ថា​៖ «​សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី​» គឺ​ក្បាល​ត្រូវ​ចេះ​គិតពី​ដង្ហើមរស់​សម្រាប់​ចិញ្ចឹម​ខ្លួន​ទាំងមូល​។​
 

​ត្រី​ប្រា​ធំ​។ រូបភាព​៖ ឈុត ឈា​ណា​
 
​សូម​បញ្ចា​ក់ថា ត្រី​ប្រា​មាន​ច្រើន​ប្រភេទ​ដូចជា ត្រី​ប្រា​កែ ត្រី​ប្រា​កណ្តុរ ត្រី​ប្រា​ខ្ចៅ ត្រី​ប្រា​ស្អាត ត្រី​ប្រា​ក្របី​ជាដើម តែ​យើង​សូម​លើក​យកតែ​ត្រី​ប្រា​ធំ​មក​បរិយាយ​ប៉ុណ្ណោះ​។ ត្រី​ប្រា​ធំ មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Striped catfish​។ វា​ជា​ប្រភេទ​ត្រី​ទឹកសាប រស់នៅក្នុង​អាង​ទន្លេមេគង្គ បឹង​ទន្លេសាប ហើយក៏​ជា​ត្រី​ដែល​គេ​និយម​ចិញ្ចឹម​ក្នុង​ស្រះ ត្រពាំង​ផងដែរ​។​
 
​ចំណែក​ពាក្យ​ថា​៖ «​ស្ល​ក្បាល​ត្រី​សណ្តាយ​កុំ​ចោល​ម្ជូរសណ្តាន់​»​។ ន័យត្រង់​ថា បើ​យើង​ស្ល​ក្បាល​ត្រី​សណ្តាយ ត្រូវ​ប្រើ​ម្ជូរសណ្តាន់​សម្រាប់​កាត់​នូវ​ចម្អាប​។ ហេតុអ្វី​បានជា​គាត់​មិន​យក​ម្ជូរ​ដទៃ បែរជាយក​ម្ជូរសណ្តាន់​មក​ដាក់​ជា​ប្រស្នា​? នោះ​ពីព្រោះ​ដោយសារ​ពាក្យ «​សណ្តាន់​» ស្រដៀង​នឹង​ពាក្យ «​សន្តាន​» ដែល​តំណាង​ឲ្យ​សាច់ញាតិ មាន​សូរសព្ទ​ស្រដៀង​គ្នា សម្រាប់​ចង​ជា​ប្រស្នា​បំភាន់​។ 
 
​ចំពោះ​ន័យ​បង្កប់ គឺ​គាត់​ចង់​ប្រាប់​អ្នកដឹកនាំ​គ្រប់​ជំនាន់​ថា បើ​យើង​គ្រប់គ្រង​នគរ ត្រូវ​សម្លឹងមើល​ញាតិ​របស់ខ្លួន​។ ព្រោះ​ភាគច្រើន​នៃ​ញាតិ តែងតែ​យក​អំណាច​របស់​អ្នកដឹកនាំ ទៅប្រើ​គំរាមកំហែង​អ្នក​នៅ​ខាងក្រោម ផ្តេសផ្តាស់ ទៅតាម​ចិត្ត​លោភលន់​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នកដឹកនាំ​មាន​ញាតិ​បែបនេះ មានកេរ្តិ៍ឈ្មោះ​មិនល្អ ។ គ្រប់​អ្នកដឹកនាំ​ទាំងឡាយ ត្រូវតែ​ប្រើ​ច្បាប់​គឺ «​ម្ជូរសណ្តាន់​» សម្រាប់​កាត់​នូវ​ចម្អាប គឺ​ក្លិនឆ្អាប​មិនល្អ ដែល​ញាតិ​របស់ខ្លួន​បានធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។ នេះ​ជា​មូល​ហេតុដែល​អ្នកប្រាជ្ញ​ខ្មែរ «​ធនញ្ជ័យ​» យកឈ្មោះ «​ម្ជូរសណ្តាន់​» មក​បញ្ចប់​ប្រស្នា​ចុងក្រោយ មុនពេល​គាត់​ស្លាប់​។​
 

​ត្រី​សណ្តាយ​។ រូបភាព​៖ ឈុត ឈា​ណា​
​សូមបញ្ជាក់ថា ត្រី​សណ្តាយ គឺជា​ប្រភេទ​ត្រី​ដែលមាន​សកម្ម​ភាពយឺត ស្ងប់ស្ងាត់ និង​ល្មោភស៊ី ភាគច្រើន​លាក់ខ្លួន​ក្នុង​រន្ធ​។ វា​មានឈ្មោះ​វិទ្យាសាស្ត្រ (Wallago attu) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Wallago មាន​ប្រវែង​ដងខ្លួន​អតិបរមា ២៤០ ស​.​ម​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com